អានតួអត្ថបទ
កម្ពុជា

បារាំង​​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិល​ត្រលប់​មក​ចូល​រួម​ដំណើរការ​ប្រជាធិបតេយ្យ​វិញ ខណៈ​EU​ចង់​សើ​រើ​​ទំនាក់​ទំនង​កម្ពុជា​-​EU​

បារាំង បាន​អំពាវនាវ​ជាថ្មី ឲ្យ​អាជ្ញាធរ​កម្ពុជា វិល​ត្រលប់​មក​ចូលរួម​នៅក្នុងដំណើរការ​ប្រជាធិបេតេយ្យ វិញ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើរការ​ដោយ​គ្មានការ​រារាំង។ នេះ​ជាការ​អំពាវនាវ នៅក្នុង​ដំណើរទស្សនកិច្ចមក​កម្ពុជា ​របស់​​​​ឯកអគ្គ​រដ្ឋ​ទូត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​ការ​ចងចាំ​នៃក្រសួង​អឺរុប និង​ការបរទេសបារាំង ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ធ្នូ។ ជាមួយគ្នានេះ សហភាពអឺរុប (EU) ក៏បញ្ជាក់​ដែរថា ខ្លួន​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​ក្រុមការងារ ដែល​មាន​ស្នាក់​នៅ​ទីក្រុង​ព្រុយ​សែល ដើម្បីសើ​រើ​ពីទំនាក់ទំនង​រវាងកម្ពុជា និង​សហភាពអឺរុប ឆ្លើយ​តប​នឹង​ស្ថានភាពនយោបាយ​នាពេលសព្វថ្ងៃ។

ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា លោក George Edgar (ឆ្វេង) និង​​លោក François CROQUETTE ឯកអគ្គរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង (ស្តាំ)។
ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា លោក George Edgar (ឆ្វេង) និង​​លោក François CROQUETTE ឯកអគ្គរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង (ស្តាំ)។ @RFI
ផ្សាយពាណិជ្ជកម្ម

លោក François CROQUETTE (ហ្វ្រង់ស៊័រ ក្រូគែត) ឯកអគ្គរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានគូសបញ្ជាក់សារជាថ្មី ពីការអំពាវនាវរបស់ប្រទេសបារាំង ឱ្យអាជ្ញាធរកម្ពុជាវិល​ត្រឡប់មកចូលរួម នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយ​អនុញ្ញាតឱ្យគណបក្ស​ប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។

 

ជាការ​អំពាវនាវ​ជាថ្មី បន្ទាប់​ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ជាបក្ស​ប្រឆាំង និង​ជាគូបដិបក្ខដ៏ធំ​របស់​គណបក្ស​កាន់​អំណាច ការឃុំ​ខ្លួន​លោក​កឹម សុខា ក្នុងពន្ធនាគារ ការបញ្ឈប់​ប្រព័ន្ធផ្សព្វផ្សាយ​ ​អាមេរិក និង​ការ​គម្រាម​បិទអង្គការ​សង្គមស៊ីវិលមួយចំនួន​ជាដើម។

យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងមិនត្រូវបានបិទនោះឡើយ។ ហើយ​លោកសង្ឃឹមថា នឹង​មានការវិវឌ្ឍជាវិជ្ជមានផ្សេងៗ​ទៀត នៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសង្គមស៊ីវិល។

 

ស្របជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរុប​ប្រចាំកម្ពុជា លោក George Edgar ក៏បានលើកឡើងពីការ​សើរើ​ទំនាក់​ទំនង​រវាងកម្ពុជា និង​សហភាពអឺរុប នៅក្នុងជំនួប​សង្ខេប​ជាមួយអ្នក​សារព័ត៌មាន​ នា​ល្ងាច​ថ្ងៃទី ៨ធ្នូ នាទីស្នាក់ការ​សហភាពអឺរុប​ ក្រុងភ្នំពេញ។ ជាជំនួប​ដែល​ធ្វើឡើង ក្រោយ​ពីការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាកា​រ​របស់​សហរដ្ឋអាមេរិក មក​លើ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​ណា ដែល​អាមេរិក​ចាត់​ទុក​ថា បាន​ចូលរួម​បំផ្លាញ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា។

 

ទោះមិន​បាន​សម្តែង​ចំណាប់​អារម្មណ៍លើ​ចំណាត់​ការ​របស់​សហរដ្ឋអាមេរិក​មែន ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​សហភាពអឺរុបប្រចាំកម្ពុជា បាន​ឲ្យ​ដឹងថា នៅ​​រយៈពេលប៉ុន្មានថ្ងៃទៀត សហភាពអឺរុប នឹង​បង្ហាញពីលទ្ធផល​មួយ ឆ្លើយ​តប​នឹង​សកម្មភាព​របស់​រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេស​គឺជុំវិញ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ នាពេល​ខាង​មុខ។ លទ្ធផល​ ដែល​បាន​មក​ពីកិច្ច​ពិភាក្សា ក្នុងស្នាក់ការ​ធំ ទីក្រុងព្រុយ​សែល ពាក់​ព័ន្ធ​នឹង​​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងប្រទេសកម្ពុជា។

 

យ៉ាងណាក៏ដោយ លោក​សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាន​លើកឡើង​នៅថ្ងៃទី ៩ធ្នូនេះថា ទោះបីជាមានការ​អំពាវនាវបែបណា ក៏រដ្ឋាភិបាលខ្មែរ ដាច់​ខាតមិន​អាច​ដើរថយ​ក្រោយ​វិញ​បានទេ។ មិនបាន ដោយ​សារ​តែ​នេះ គឺជាការ​វិវន្តទៅរក​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិតេយ្យ​នៅកម្ពុជា ទៅវិញ។ លោក​សុខ ឥសាន្ត ថាកម្ពុជាកំពុងតែ​អនុវត្ត​ប្រជាធិតេយ្យ និង​នីតិរដ្ឋ​របស់​ខ្លួនយ៉ាងត្រឹមត្រូវបំផុត។ រដ្ឋាភិបាលកម្ពុជា ​ក៏អំពាវនាវ​ជាថ្មីទៅវិញ ទៅ​កាន់សហគមន៍អន្តរជាតិ សូមកុំ​លូកដៃចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុងរបស់​​កម្ពុជា ដែល​នេះអាច​ចាត់ទុកថា ជាការ​រំលោភលើ​ឯករាជ្យភាព អធិបតេយ្យ​របស់កម្ពុជា ដែល​ផ្ទុយពីកិច្ច​ព្រម​ព្រៀង​ក្រុងប៉ារីស និង​កិច្ច​ព្រមព្រៀង​ក្នុងការ​រក្សាទំនាក់ទំនង​ការបរទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ