អានតួអត្ថបទ
កម្ពុជា

​រឿង​«​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» បញ្ចាំង​លើក​ដំបូង​ ក្រោម​ដំណក់ទឹកភ្នែក​មហាជន​ខ្មែរ!​

ដូច​មិត្ត​អ្នកស្តាប់​ ជ្រាប​ស្រាប់​មក​ហើយ​ថា ​ ​រឿង First They Killed My Father ឬ​​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ផលិត​ដោយ​តារាហូលីវូដ​លោកស្រី Angelina Jolie គឺ​បាន​បញ្ចាំង​ជា​លើកដំបូង នៅ​ក្នុង​ខេត្ត​សៀមរាប ​កាលពីយប់មិញ។​ ភាពយន្ត​នេះ ត្រូវ​ចាក់​បញ្ចាំង​ ក្រោម​ព្រះរាជ​វត្តមានរបស់​ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ ហើយ​អ្នក​មុខ​អ្ន​កការ​ច្រើន​ផ្សេង​ទៀត​​។ ចំពោះ​អ្នក​ទស្សនា​ខ្លះ​ ដែលជាអ្នក​បាន​ឆ្លង​កាត់​របប​ខ្មែរក្រហម គឺនៅតែ​បន្ត​រន្ធត់ នឹក​ស្រណោះ​អតីតកាល រហូត​ដល់​សម្រក់​ទឹកភ្នែកទៀត​ផង។ ទន្ទឹម​នេះ មនុស្ស​មួយ​ចំនួន​សោក​ស្តាយ​ដែល​គ្មាន​ឱកាស​បាន​ចូល​មើល​នឹងគេ។

រឿង First They Killed My Father ឬ​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់ប៉ា​របស់ខ្ញុំ​»​ ផលិត​ដោយ​តារាហូលីវូដ​លោកស្រី Angelina​ Jolie
រឿង First They Killed My Father ឬ​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់ប៉ា​របស់ខ្ញុំ​»​ ផលិត​ដោយ​តារាហូលីវូដ​លោកស្រី Angelina​ Jolie @FTKMF page
ផ្សាយពាណិជ្ជកម្ម

 

បើ​ទោះបីជា​ របប​ខ្មែរក្រហម​ បាន​ផុត​រលត់​ជិត​៤០ឆ្នាំទៅហើយ​ តែ​​ការ​ចង​ចាំ គឺ​នៅតែដិត​ជាប់ និង​បន្ត​លង​បន្លាច​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដដែល។

ចំពោះ​អ្នក​ដែល​បាន​ចូល​រួម​ទស្សនា​ភាពយន្ត​​​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» នៅ​សៀមរាម កាលពី​យប់ ​១៨កុម្ភៈ គឺ​បាន​ចែករំលែក​អារម្មណ៍​ជាហូរហែ ថា​រឿងនេះ គឺ​បង្ហាញពី​ទុក្ខវេទនា​របស់​កុមារី​ម្នាក់​ ដែល​ខំ​ត្រដរ​រស់​ និង​ហែល​ឆ្លង​កាត់​របប​គ្រប់​គ្រង​ដ៏​ជូរចត់ គឺវា​​ស្រដៀង​នឹង​ជីវិត​ក្មេងៗ​ដទៃទៀត​។ ​រឿងនេះ បាន​ធ្វើ​ឲ្យ​អ្ន​កទស្សនា​នឹក​ដល់​អតីតកាល​របស់ខ្លួន​ ដែល​លំបាកវេទនា កាលពី​នៅក្នុង​​​កងកុមារ ជាក្មេង​ដើរ​រើស​ជីអាច់គោ​ឲ្យ​អង្កការបក្ស។ ​ ហើយ​រឿង​នេះ ក៏បាន​ធ្វើឲ្យ​គេ​​ស្រក់​ទឹក​ភ្នែក​ផង​ដែរ ​ដោយ​ទប់​នឹង​អារម្មណ៍​រំជួល​ចិត្តពុំ​បាន។

ទន្ទឹម​នឹង​ការ​សោក​ស្តាយ​របស់​អ្នក​ដែល​បាន​ចូល​ទស្សនា​, អ្នក​ចាស់​ស្រុកនៅ​សៀមរាម​ អ្នក​ទៅ​ពី​ខេត្ត​ដទៃ ខេត្ត​ឆ្ងាយៗដូចជា​អ្នក​ខ្លះ​បានស្កាត់​ទៅ​ពី​ខេត្ត​កំពង់​ចាម​ជាដើម ទៅ​ទាំង​គ្រួសារ​យាយតា កូនៗនិងចៅៗ ព្រម​ទាំងអ្នក​កាសែត​ជាតិ​និងអន្តរជាតិ​មួយ​ចំនួន​ ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ដែរ ព្រោះ​គ្មាន​ឱកាស​អាចចូល​មើល​រឿង​បាន​នឹង​គេ។ ដ្បិតទី១ ដោយ​គ្មាន​លិខិត​អញ្ជើញ ហើយ​ទី២ ដោយ​ការ​រៀប​ចំ​មិន​​រលូន​ លំបាកទាក់ទង​សុំ​លិខិត​ និង​ណាត់​ជួប​អ្នក​រៀប​ចំ​កម្មវិធី​ជា​ដើម​។

ទោះ​ជា​យ៉ាង​ណា​ក្តី ចំពោះ​អ្នក​ផលិត​កុន​នេះ ​លោកស្រី Angelina Jolie ជា​តារាហូលីវូដ​ដ៏​ល្បាញ​ល្បី​ បាន​បញ្ជាក់ ថា ភាពយន្ត​នេះ គឺ​បានបង្ហាញ​ពី​ការតស៊ូ ការខិតខំ​ប្រឹងប្រែងរ​បស់​ពលរដ្ឋខ្មែរ​ និង​នឹង​ស្តែងពី​ទេព​កោសល្យ​សម្តែង របស់​តួអង្គខ្មែរ ក្នុងរឿងនេះ​។  ការផលិត​ភាពយន្ត រឿង​​នេះឡើង ក៏​ជា​ការថ្លែងអំណរអរ​គុណ​ដល់​ប្រទេស​ខ្មែរ​ ដែល​បានផ្តល់​ជីវិត​ថ្មី​ឲ្យ​រូប​គាត់​ផងដែរ​។ ​កម្ពុជា​បាន​ផ្លាស់​ប្តូរជីវិត​របស់លោកស្រី ជូលី ព្រោះថា លោកស្រី​នឹងមិន​អាចក្លាយជា​ម្តាយ​ដ៏​ល្អ​ម្នាក់​នោះទេ បើ​គ្មាន​ប្រទេស​កម្ពុជា​។ នេះបើតាម​ការគូស​បញ្ជាក់​ក្នុង​សន្ទរកថា​ខ្លី​ជាភាសា​អង់គ្លេស​។​

តារាហូលីវូដ​សញ្ជាតិ​ខ្មែរ​រូប​នេះ បញ្ជាក់ថា កូនប្រុស​ច្បង Maddox  កូន​ខ្មែរ​ដែល​លោកស្រី​​យកទៅ​ចិញ្ចឹម គឺ​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គាត់​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ជា​ចំណែក​មួយ​នៃ​កម្ពុជា និង​ដែល​តែងតែ​នៅ​ជាមួយ​គាត់​។ 

គួរ​បញ្ជាក់​ជា​ថ្មី​ថា ភាព​យន្ត​រឿង First They Killed My Father ឬ​​ «​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់ខ្ញុំ​» ​នេះ​ នឹង​បន្ត​ទៅ​បញ្ចាំង​ជា​ថ្មី​ទៀត ​ នៅ​ភ្នំពេញ​ នៅ​ថ្ងៃអង្គារ៍ ទី​២១ ខែ​កុម្ភៈ​ខាង​មុខនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ ចំណែក​នៅ​ខេត្ត​បាត់​ដំបង រឿង​នេះ នឹង​បញ្ជាំង​ជា​សាធារណៈ នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ នៅ​ថ្ងៃ​ព្រហ្បត្តិ៍ ទី​២៣ ខែកុម្ភៈ សប្តាហ៍​ក្រោយ​។ ក្រោយ​មកទៀត​ គឺរឿង​នេះ ​នឹង​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​ Netflix   នៅ​ខែ​កញ្ញា ខាង​មុខ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ