ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT
កម្ពុជា

វេទិកា​អនាគត ៖ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​លែង​ធ្វើ​កសិកម្ម ព្រោះ​ប្រាថ្នា​រស់នៅ​ក្នុង​ជីវិត​សម្ភារៈ​និយម​

media  
កសិករខ្មែរ ប្រមូលផលស្រូវ (រូបភាព ៖ ធនាគារពិភពលោក) @WorldBank

នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា​នេះ វេទិកា​អនាគត បាន​ចេញ​ផ្សាយ អត្ថបទ​វិភាគ​មួយ ទាក់ទង​នឹង ការ​ផ្លាស់​ប្តូរ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​របស់​ម្ចាស់ឆ្នោត​។ មាន​និន្នាការ បី​សំខាន់ ដែល​អាច​នឹង​​ជះឥទ្ធិពល​​ទៅ​លើ​ឥរិយាបទ​របស់​អ្នក​បោះឆ្នោត គឺ (១).ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម ពី​វិស័យ​កសិកម្ម​ ទៅ​រក​ការងារ​ដែល​ផ្តល់​ប្រាក់ខែ ក្នុង​វិស័យ​ឧស្សាហ៍កម្ម និង​សេវាកម្ម (២). ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ​និង​ (៣).​ការ​ងាក​ទៅ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្តល់​ប្រាក់​កម្ចី​ផ្លូវការ ដូចជា ធនាគារ ឬគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ កាន់​តែ​ច្រើន​ឡើង​។ លោក អ៊ូ វីរៈ ប្រធាន វេទិកាអនាគត បាន​ព្យាករណ៍​ថា នៅពេល​បោះឆ្នោត​មូលដ្ឋាន​ខាងមុខ​នេះ​ អ្នក​បោះឆ្នោត នឹង​ចាប់​អារម្មណ៍​តែ​លើ​គោល​នយោបាយ​​ណា ដែល​មាន​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​ឯក​ជន​។​

 
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​កត់​សម្គាល់​ឃើញ​ថា បច្ចុប្បន្ន ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ភាគ​ច្រើន លែង​ជា កសិករ ដែល​រស់ពឹង​លើ​របរកសិកម្ម​ទៀត​ហើយ តែ​បាន​ប្រែ​ក្លាយ​ខ្លួន​ជា កម្មករ-និយោជិត ដែល​​រស់​ពឹង​ពាក់​លើ ប្រាក់បៀវត្សរ៍ និង​ប្រាក់​ឈ្នួល ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ទៅ​វិញ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៥ អត្រា​ការងារ​​ក្នុង​វិស័យ​កសិកម្ម ធ្លាក់​ចុះមក​​នៅ​សល់​ត្រឹម ៤១.៥% តែ​កើន​ឡើង​អត្រា​នៃ​អ្នកមាន​ការងារ​ធ្វើ​វិស័យ​​ឧស្សាហ៍​កម្ម និង​​សេវាកម្ម​ទៅវិញ​។ លោក​បន្ថែម​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់ នា​ពេល​ខាងមុខ​នេះ ពលរដ្ឋ​នឹង​ចាប់​អារម្មណ៍​លើ​បញ្ហា​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ច្រើន​ជាង បញ្ហា​កាប់​ព្រៃ​ឈើ អន្តោប្រវេសន៍ ឬ​ព្រំដែន​។ ដូច្នេះ អ្នក​នយោបាយ​គួរ​តែ​ពិចារណា​ចំពោះ​ការ​ផ្លាស់ប្តូរ​សកម្មភាព​សេដ្ឋកិច្ច​​សង្គ​ម​របស់​ម្ចាស់​ឆ្នោត ដោយ​ងាក​មក​តាក់តែង​គោល​នយោបាយ​​ប្រាកដ​និយម​ ឆ្លុះ​បញ្ចាំង​ពី​​តម្រូវ​ការ​ពលរដ្ឋ​។​
 
បើ​តាម​ការ​វិភាគ​របស់ វេទិកាអនាគត ទៅលើ​ ការ​ផ្លាស់ប្តូរ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​របស់​ម្ចាស់ឆ្នោត ដែល​ជា​ការ​សិក្សា​ផ្អែក​លើ​របាយការណ៍​អន្តរជាតិ​ធំ​ៗ បាន​បង្ហាញ​ថា បន្ថែមលើ​ កំនើន​នៃ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ពលរដ្ឋ​កម្ពុជា​​ភាគច្រើ​ន​កំពុង​តែ ប្រាថ្នា​រស់នៅ​ក្នុង​ជីវិត​សម្ភារៈ​និយម ដោយ​ពឹង​ផ្អែក​លើ​​ស្ថាប័ន​ធនាគារ លែង​ពឹង​លើ​ប្រាក់​កម្ចី​ពី​សមាជិក​គ្រួសារ ឬ​សាច់​ញាតិ​ដូចពីមុន​ទៀត​ឡើយ​។ បច្ចុប្បន្ន​ ពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់ ក្លាយ​ជា​កូនបំណុល របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដែល​ភាគ​ច្រើន​ជា​កម្ចី​ប្រើប្រាស់ ទិញ​ទូរស័ព្ទ​ដៃ ទូរទស្សន៍ ម៉ូតូ តែ​មិនមែន​ជា​កម្ចី​យក​ទៅ​វិនិយោគ​ឡើយ​។ និន្នាការ​នេះ នឹង​នាំ ឲ្យ​ម្ចាស់​ឆ្នោត​ ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង លើ​​គោល​នយោបាយ​ របស់​គណបក្ស​ណា​មួយ​ ដែល​មាន​ឥទ្ធិពល​​លើ​សេដ្ឋកិច្ចឯកជន ហើយ​​ការ​ចែក​អំណោយ​ដែល​ធ្លាប់​អនុវត្ត​កន្ល​ង​មក​ នឹ​ង​ក្លាយ​ជា​ វិធីសាស្រ្ត​មិន​បាន​ផល ព្រោះ​​ពលរដ្ឋ​ វាយ​តម្លៃ​គណបក្ស​នយោបាយ​​ណា​មួយ តាម​ស្ថានភាព​​​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​។ ក្នុង​ន័យ​នេះ អ្នក​បោះឆ្នោត​មូលដ្ឋាន នឹង​សម្លឹង​មើល​ទៅ​លើ​លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន រួម​ទាំង​ទំនាក់ទំនង​រវាង​បេក្ខជន និង​ម្ចាស់​ឆ្នោត សំខាន់​ជាង​គោលនយោបាយ​ថ្នាក់​ជាតិ​។
 
គួរ​ជម្រាបថា វេទិកាអនាគត គឺជា បណ្តុំ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ដែល​ផ្តោត​លើ​កា​រងារ​ វិភាគ​គោល​នយោបាយ​សាធារណៈ ដើម្បី​ឆ្លើយតប​នឹង​គម្លាត​គោលនយោបាយ​នៅ​កម្ពុជា​។ វេទិកា​អនាគត បង្កើត​ឡើងនៅ​ចុង​ឆ្នាំ​២០១៥ ដែល​មាន លោក អ៊ូ វីវៈ ជាស្ថាបនិក និងជាប្រធាន៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ