អានតួអត្ថបទ
កម្ពុជា

វេទិកា​អនាគត៖ ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នឹង​ក្លាយ​ជា​វិញ្ញាសា​នៃ​កំណែ​ទម្រង់​ និង​ការ​វិវឌ្ឍ

វេទិកា​អនាគត (Future Forum) ដែល​ជា​ស្ថាប័ន​សិក្សា​ពី​គោល​នយោបាយ​សាធារណៈ បាន​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប​មួយ ស្តី​ពី ទិដ្ឋភាព​រួម និង​ការ​វិភាគ​ទៅ​លើ​ស្ថាន​ភាព​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ជា​របាយការណ៍​វិភាគ ដែល​មាន​កម្រាស់ ១៦​ទំព័រ បាន​រៀប​រាប់​ឡើង​វិញ​ពី​ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និង​យុទ្ធសាស្រ្ត​របស់​គណបក្ស​ធំៗ​ពីរ​នៅ​កម្ពុជា ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨។ សម្រាប់​វេទិកា​អនាគត ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នឹង​ក្លាយ​ជា​វិញ្ញាសា​នៃ​កំណែ​ទម្រង់ និង​ការ​វិវឌ្ឍ។

រូបភាពតំនាង៖ កិច្ចប្រជុំរបស់សង្គមស៊ីវិលស្តីពីកំណែទម្រង់ការបោះឆ្នោត
រូបភាពតំនាង៖ កិច្ចប្រជុំរបស់សង្គមស៊ីវិលស្តីពីកំណែទម្រង់ការបោះឆ្នោត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ​បាន​លើក​ឡើង​ពី​របត់​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៣ វេទិកា​អនាគត (Future Forum) របស់​លោក អ៊ូ វីរៈ ដែល​ជា​ស្ថាប័ន​សិក្សា​ពី​គោល​នយោបាយ​សាធារណៈ បាន​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប​មួយ ដោយ​ផ្តោត​លើ ទិដ្ឋភាព​រួម និង​ការ​វិភាគ​ទៅ​លើ​ស្ថាន​ភាព​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ជា​របាយការណ៍​វិភាគ ដែល​មាន​កម្រាស់ ១៦​ទំព័រ បាន​រំលឹក​ឡើង​វិញ ពី​ទិដ្ឋភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហានិភ័យ និង​យុទ្ធសាស្រ្ត​ប្រកួត​ប្រជែង​រវាង​គណបក្ស​ធំៗ​ពីរ​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​បាន​ចាត់​ទុក​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ថា គឺ​ជា​លទ្ធផល​នៃ​យុទ្ធសាស្រ្ត​ប្រកួត​ប្រជែង​ដោយ​មិន​ស្មើ​ភាព​គ្នា ក្រោយ​ពី​ឆ្នាំ ២០១៣។

របាយការណ៍​បាន​លើក​ឡើង​ថា លទ្ធិ​ប្រជាធិបតេយ្យ​មិន​មែន​គ្រាន់​តែ​ការ​បោះ​ឆ្នោត​នោះ​ទេ។ តែ​គឺ​ជា​ការ​គោរព​បាន​នូវ​នីតិរដ្ឋ, គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន, សិទ្ធិ​ខាង​ការ​បញ្ចេញ​មតិ, ការ​ប្រមូល​ផ្តុំ, និង​មាន​សង្គម​ស៊ីវិល​ដែល​រឹង​ម៉ាំ​និង​រស់​រវើក។ បន្ថែម​លើ​នេះ​ ការ​បែង​ចែក​អំណាច​រដ្ឋ​ទាំង​បី ត្រូវ​ធ្វើ​ឡើង​យ៉ាង​ពិត​ប្រាកដ តម្លាភាព គណនេយ្យ​ភាព និង​ការ​បែង​ចែក​ផល​ពី​សេដ្ឋកិច្ច​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ប៉ុន្តែ​របាយការណ៍​វិភាគ​នេះ បាន​ស្តី​បន្ទោស​ថា របៀប​លេង​នយោបាយ​បែប​ប្រថុយ​ប្រថាន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ឧបសគ្គ​ក្នុង​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ ដែល​ជា​ដំណោះ​ស្រាយ​ពិត​ប្រាកដ ចំពោះ​បញ្ហា​សំខាន់ៗ​របស់​ជាតិ។

ទោះ​ជា​យ៉ាង​នេះ​ក្តី របាយការណ៍​នេះ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ការ​ផ្លាស់​ប្តូរ​នយោបាយ​ដោយ​ងាក​ចេញ​ពី​ការ​ផ្តោត​លើ​បុគ្គល និង​ភាព​ភ័យ​ខ្លាច ទៅ​រក​គោល​នយោបាយ និង​គុណ​តម្លៃ នៃ​កំណែ​ទម្រង់​ស្ថាប័ន​ជុំ​វិញ​បញ្ហា​របស់​ពលរដ្ឋ ផ្នត់​គំនិត និង​រចនា​សម្ព័ន្ធ នោះ​កម្ពុជា​អាច​នឹង​បំពេញ​ដោយ​សក្តានុពល​របស់​ខ្លួន​ជា​មិន​ខាន។

ដោយ​បាន​លើក​ឡើង ពី​យុគ្គសម័យ​ថ្មី​នៃ​ការ​រីក​ចំរើន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេងៗ ដែល​ប្រកប​ដោយ​ស្មារតី និង​ឆន្ទៈ​នយោបាយ​ខ្ពស់ នឹង​នាំ​ឲ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨​ខាង​មុខ​ថា ជា​វិញ្ញាសា​នៃ​កំណែ​ទម្រង់ និង​ការ​វិវឌ្ឍថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ