អានតួអត្ថបទ
កម្ពុជា-សង្គម

​ធនាគារ​ពិភព​លោក​៖ អនាគត​ការងារ​នៅ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ចំណុច​របត់​មួយ​

ធនាគារពិភពលោកឬWorld Bank បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​នៅថ្ងៃអង្គារ​នេះ ដោយ​ព្យា​ករណ៍​ពីអនាគត​ការងារ​នៅប្រទេស​កម្ពុជា។ អនាគតការងារនៅ​ប្រទេសកម្ពុជា ដែលត្រូវ​បាន​អ្នកជំនាញ​របស់​ធនាគារ​លំដាប់អន្តរជាតិមួយនេះ រកឃើញថា កំពុង​ស្ថិត​នៅលើ​ចំណុច​របត់មួយ ខណៈគុណភាពការងារ​កំពុង​មាន​ការ​កែ​លម្អ ប៉ុន្តែ​ចាំបាច់​ត្រូវ​មានគោល​នយោបាយ​ថ្មីៗទៀត​ដើម្បី​ទាញ​អត្ថ​ប្រយោជន៍ពីទីផ្សារ​សកល។ 

ធនាគារពិភពលោក៖ អនាគតការងារនៅកម្ពុជាកំពុងស្ថិតនៅលើចំណុចរបត់មួយ
ធនាគារពិភពលោក៖ អនាគតការងារនៅកម្ពុជាកំពុងស្ថិតនៅលើចំណុចរបត់មួយ @សហការី
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​កម្រាស់​៥៥ទំព័រ ធនាគារ​ពិភពលោក​បានធ្វើ​ការ​ទស្សន៍ទាយថា ប្រភព​និង​ប្រភេទ​ការងារ​នាពេល​អនាគត​​របស់​កម្ពុជា​ដែល​នឹង​ផ្តល់​ដល់​ក្រុម​ហ៊ុន​ និង​កម្មករ​និយោជិត​នូវ​អត្ថ​ប្រ​យោជន៍​ច្រើនជាង​អ្វី​ដែល​មាននាពេល​បច្ចុប្បន្ន។

វិស័យ​នាំចេញ​នឹង​បង្កើត​ការងារ​មាន​តម្លៃ​កាន់​តែ​ខ្ពស់​ទាំង​នៅក្នុង​រោង​ចក្រខ្លួន​ឯង​ និង​សហគ្រាស​ខ្នាតតូច និង​ធម្យម​ថ្មី ដែល​នឹង​ធ្វើ​ការ​ផ្គត់​ផ្គង់​ដល់​ក្រុម​ហ៊ុន​ ដែលមាន​វិនិយោគ​ពីបរទេស។ ប៉ុន្តែ​ការ​ផលិត​សម្លៀក​បំពាក់​ទំនងជានឹង​ធ្លាក់ចុះ​បន្តិច​ម្តងៗ​នៅក្នុង​ទសវត្សន៍​ខាងមុខ​ដោយ​សារតែ​និន្នាការ​ធំៗ​ដែល​កើត​ឡើង​គឺ​លទ្ធភាព​នៃការ​បាត់​បង់​ភាពអនុគ្រោះ​ពន្ធគយ​ពីសហភាពអឺរ៉ុប និង​អាមេរិក។ នេះបើតាម​របាយការណ៍​របស់World Bank។

ចំនួន​ការងារ​ដែល​ប្រើ​ចំណេះ​ដឹង​ខ្ពស់​នឹង​បន្ត​កើន​ឡើង​ នៅពេល​ដែល​ការងារ​រក​កម្រៃ​គ្រាន់​តែ​ចិញ្ចឹម​ក្រពះ​នឹង​បន្ត​ធ្លាក់​ចុះ​បន្តិច​ម្តងៗ។ ក្នុង​ចំណោម​ការងារ​ចំនួន​៨លាន​នៅកម្ពុជា គឺ​មាន៣៧ភាគរយ​ជាការ​ងារ​ដែល​បានប្រាក់ចំណូល​ខ្ពស់​រួមទាំង​អត្ថប្រយោជន៍បន្ថែម ខណៈ​៦៣​ភាគរយទៀត​នៅតែ​ជាការ​ងារ​​បែប​ប្រពៃណីនៅឡើយ។ នេះជាការ​គូសបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់ធនាគារ​ពិភពលោក។

បើតាម​ធនាគារ​ពិភពលោក ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​ជនបរទេស​​គឺបាន​បង្កើត​ការងារ​ច្រើន​ជាង​ក្រុម​​ហ៊ុន​ក្នុង​ស្រុក។ ក្រុម​ហ៊ុន​ក្នុង​ស្រុកមួយ​គឺជាមធ្យមជួល​បុគ្គលិក​តែ​៨នាក់​ប៉ុណ្ណោះ តែ​ក្រុម​ហ៊ុន​បរ​ទេស​​អាច​ជួល​បុគ្គលិក​រហូត​១២៤នាក់។ ប៉ុន្តែ​បញ្ហា​ប្រឈម​វិស័យ​ការងារ​នៅកម្ពុជា​គឺ​ការងារ​មិន​ចំជំ​នាញ​ ដែល​​នៅឆ្នាំ​២០១៦​ ក្រុម​ហ៊ុន​នាំ​ចេញ ៣៧,៦ភាគរយ​ បាននិយាយថា កម្លាំង​ពលកម្ម​ដែល​អប់​រំ​មិន​គ្រប់​គ្រាន់​គឺជាឧបសគ្គចំបង​ដល់​ការធ្វើ​អាជីវកម្ម។

ដើម្បី​ដោះស្រាយបញ្ហាប្រឈមទាំងនេះ ធនាគារ​ពិភពលោក​បាន​ផ្តល់​គន្លឹះជាយុទ្ធសាស្ត្រ៤ចំណុចធំៗ​រួម​​មាន៖ ការ​ធ្វើ​ពិពិធកម្ម​វិស័យ​នាំចេញ បង្កើត​បរិយាកាស​ធុរកិច្ច​ក្នុង​ស្រុក ពង្រឹង​ការ​តភ្ជាប់​វិស័យ​ការ​ងារ​​ក្នុង​ស្រុក​ និង​ការនាំចេញ និង​ការ​វិនិយោគ​លើជំនាញ​អប់រំដល់​កម្មករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ