អានតួអត្ថបទ
កម្ពុជា

លោក​គង់ មុនី​កា​៖​«​គណបក្ស​ឆន្ទៈ​ខ្មែរ ​ជា​រូប​កាយ​ថ្មី ​តែ​ព្រលឹង ​ស្មារតី​ឆ្នាំ​២០១៣ ​និង​ឆ្នាំ​២០១៧​»

ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​នៅ​សល់​ប្រមាណ​ជា​៣​ខែ​ទៀត​នោះ​ កូន​ប្រុស​ពៅ​លោក​គង់ គាំ ​គឺ​លោក​គង់ មុនី​កា ​បាន​ចេញ​មុខ​បង្កើត​គណបក្ស​ថ្មី​មួយ​គឺ«គណបក្ស​ឆន្ទៈ​ខ្មែរ»។ ការ​បង្កើត​គណបក្ស​ថ្មី​គួរ​ឲ្យ​ភា្ញ​ក់​ផ្អើល​របស់​លោក​គង់ មុនី​កា ​ពេលនេះ​ បាន​ធ្វើ​ឡើង​ដោយ​សង្ឃឹម​លើ​សម្លេង​គាំទ្រ​ចាស់ ​និង​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក​គង់ គាំ​ ​ជា​ឳពុក ​ដែល​​ជា​អ្នក​នយោបាយ​ជើងចាស់​។

លោក គង់ មុនីកា បង្ហាញឯកសារសម្រាប់ធ្វើការបោះឆ្នោតកន្លងមក
លោក គង់ មុនីកា បង្ហាញឯកសារសម្រាប់ធ្វើការបោះឆ្នោតកន្លងមក fb
ផ្សាយពាណិជ្ជកម្ម

លោក​គង់ មុនី​កា ​កូន​ប្រុស​ពៅ​របស់​លោក​គង់ គាំ ​បាន​ប្រកាស​ថា​លោក​និង​ក្រុម​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​សេរី ​ក្រុម​បញ្ញវន្ត ​និង​អ្នក​ស្នេហាជាតិ ​ស្នេហា​របប​ប្រជាធិបតេយ្យ សេរី ​ពហុបក្ស​ផ្សេង​ទៀត ​បាន​ប្រកាស​បង្កើត​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ចាប់​ពី​ពេល​នេះ​តទៅ ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា ​ខាង​មុខ​។

ការ​ប្រកាស​របស់​លោក ​គង់ មុនី​កា ​ដែល​ជា​តំណាង​ឲ្យ​គណបក្ស​ថ្មី​មួយ​នេះ​ដូច្នេះ ​គឺ​ដោយសារ​តែ​លោក​នឹង​អ្នក​ចូលរួម​ឯ​ទៀត ​មិន​មាន​សុទិដ្ឋិនិយម​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ ​អាច​ជា​គណបក្ស​ឈរ​ឈ្មោះ​និង​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ ​បាន​នៅ​ឡើយ​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​គង់ មុនី​កា​។

សេចក្តី​ប្រកាស​អម​ដោយ​ការ​អំពាវនាវ​ផង​នោះ ​បាន​យោង​មតិ​សាធារណៈ​ជាតិ​និង​អន្តរជាតិ​ ដែល​កំណត់​ថា​ស្ថានការណ៍​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពេល​នេះ ​កំពុង​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត ​មិន​អាច​មិន​យក​ចិត្ត​ទុកដាក់​ពី​មជ្ឈដ្ឋាន​នានា​បាន​ឡើយ​។ ​លើសពីនេះ ​ចលនា​នយោបាយ​ថ្មី​មួយ​នេះ ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​គណបក្ស​ឆន្ទៈ​ខ្មែរ​ គឺ​ជា​រូប​កាយ​ថ្មី តែ​ព្រលឹង ​ស្មារតី​ពី​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៧ ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​រួមគ្នា​ជា​ធ្លុង​មួយ​នៅ​ដដែល ​និង​សង្ឃឹម​ថា​ប្រាកដ​ជា​ដណ្តើម​បាន​ជ័យជំនះ​ទៀតផង​។

ជាមួយ​គ្នា​នេះ ​លោក​គង់ គាំ​ ជា​ឳ​ពុក​លោក​គង់ មុនី​កា ​ដែល​ជា​អ្នក​នយោបាយ​ជើងចាស់​ មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​។ ​លោក​ថា​ ពេញចិត្ត​យ៉ាង​ជ្រាលជ្រៅ​ដែល​ឃើញ​គណបក្ស​មួយ​ចេញពី​ប្រភព​អ្នក​រងគ្រោះ​ ខណៈ​ដែល​រូបលោក​និង​កូន​ប្រុស​២​នាក់​ផ្សេង​ទៀត​ជា​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជាប់​បំរាម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

ទោះ​យ៉ាងណា ​ការយក​ពាក្យ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ថ្មី ​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​នៅឡើយ​។ ​ក៏​ប៉ុន្តែ​ស្ថាបនិក​គណបក្ស​នេះ​អះអាង​ថា​នឹង​មិន​ឲ្យ​យឺត​ពេល​កំណត់​តាម​កាលវិភាគ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ដោយ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨ ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​មេសា ​ឆ្នាំ​២០១៨ ​ដល់​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ ​ខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ