អានតួអត្ថបទ
កម្ពុជា-សង្គម

​តុលាការ​កម្ពុជា ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេដឹក​នាំ​សហជីព​ធំៗ​៦រូប​នៅ​កម្ពុជា​

នៅ​ទីបំផុត​ទៅ តុលាការ​កម្ពុជា បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦រូប​នៅ​កម្ពុជា ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​នៅ​ផ្លូវវេងស្រេង កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​។ ការ​ទម្លាក់​ចោល​នេះ គឺ​បន្ទាប់​ពីតុលាការ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​កំបាំង​មុខ កាល​ពីថ្ងៃទី ២៨ ឧសភា ម្សិលមិញ​នេះ។ សូម​បញ្ជាក់​ថា មេដឹកនាំ​សហជីព​ធំ​ទាំង​៦រូប​ដែល​ក្នុង​នោះ​រួម​មាន លោក រ៉ុង ឈុន និង​លោក អាត់ ធន់ ផងនោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ និង ៦ខែ។ ប៉ុន្តែ​ទោស​ទាំង​អស់​ត្រូវ​ព្យួរ​។ 

តុលាការកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីពធំៗ៦រូបនៅកម្ពុជា
តុលាការកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីពធំៗ៦រូបនៅកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

មេ​ដឹក​នាំ​សហជីព​ធំៗ​ទាំង​៦រូប​នោះ​រួម​មាន៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ទី២. លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ទី៣. លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ទី៤. លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ទី៥. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា និងទី៦. អ្នក​ស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​។ មេដឹក​នាំ​សហជីព​ធំៗ​ទាំង ៦រូប​នេះ ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍ សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ បន្ទាប់​ពី​តុលាការ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ កាល​ពី​រសៀល ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៩​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​សំដែង​ការ​សាទរ ចំពោះ​សេចក្តី​សម្រេច​នេះ និង​បាន​ចាត់​ទុក​ថា ជា​សញ្ញា​ល្អ ដែល​តុលាការ​សាលា​ឧទ្ធរណ៍​បាន​អនុញ្ញាត​ឲ្យ​លោក​និង​ជន​ជាប់​ចោទ​៥នាក់​ទៀត​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​។

គួរ​រំលឹក​ជូន​ថា មេដឹកនាំ​សហជីព​ធំៗ​ទាំង​៦រូប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស កាល​ពីខែធ្នូ ឆ្នាំ២០១៨ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ និង​៦ខែ និង​បង្គាប់​ឲ្យ​មេដឹក​នាំ​សហជីព​ទាំង​០៦​នាក់ រួមគ្នា សង​សំណង​ទៅ​ជន​រង​គ្រោះ​ជា​មន្ត្រី​នគរបាល​ចំនួន​២នាក់​ចំនួន​៣០លាន​រៀល​។ ពួកគេ​ទាំង​៦នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង កាល​ពី​ចុង​ឆ្នាំ២០១៣ និង​ដើម​ឆ្នាំ​២០១៤ ជា​កំឡុង​ពេល​ដែល​មាន​បាតុកម្ម​ពេញ​ទីក្រុង​ភ្នំពេញ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ឆ្នាំ​២០១៣​។

ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សំគាល់ ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​ធំៗ​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ជំរុញ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​តុលាការ​កម្ពុជា​ពន្លឿន​នីតិ​វិធី​សាក​សួរ ឬ​សម្រេច​ថា តើ​សំណុំ​រឿង​ណា​ត្រូវ​បើក​សវនាការ ហើយ​សំណុំ​រឿង​ណា​ត្រូវ​ទម្លាក់​ចោល​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ការ​ពន្លឿន​នីតិ​វិធី​ដើម្បី​ឈាន​ទៅ​បញ្ចប់​សំណុំ​រឿង​ប្រឆាំង​នឹង​មេដឹក​នាំ​សហជីព​ទាំង​នេះ គឺ​ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​ការងារ​របស់​សហជីព​និង​កម្មករ​នៅ​កម្ពុជា ស្រប​ពេល​ដែល​សហគមន៍​អន្តរ​ជាតិ និង​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ផលិត​ផល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា បាន​ទាម​ទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល ការ​ចោទ​ប្រកាន់​លើ​មេដឹក​នាំ​សហជីពធំៗ​ទាំង​៦រូប​នៅ​កម្ពុជា​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ