ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
កម្ពុជា

សន្លប់​ទៀត​ហើយ! កម្មការនី​ប្រមាណ​ជាង ៧០​នាក់ ដួល​សន្លប់​នៅ​រោងចក្រ ប៊ឺរី

media  
កម្មការនី​ដួល​សន្លប់​នៅ​រោងចក្រ @FB

កម្មការនី ចំនួន​៧៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា​នេះ បាន​ដួល​សន្លប់​ក្នុង​រោងចក្រ​កាត់ដេរ​ ប៊ឺរី​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ។ ករណី​ដួល​សន្លប់​របស់​កម្មការនី​រោងចក្រ​​នៅ​ពេល​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ជា​បឋម​ថា បណ្តាល​មក​ពី​បញ្ហា​សុខភាព​ កង្វះ​អាហារូបត្ថម្ភ ​និង អារម្មណ៍​តក់​ស្លុត។

ដើម​ចម​នៃការ​​ដួល​សន្លប់​របស់​កម្មករ​រោងចក្រ ប៊ឺរី ត្រូវ​បាន លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយជាតិ​នៃ​របប​សន្តិសុខសង្គម បាន​ប្រាប់​វិទ្យុ​បារាំង​ថា វា​បណ្តាល​មក​ពី​កម្មករ​៣​ទៅ​៤​នាក់ គេង​មិន​បាន​គ្រប់​គ្រាន់ ហើយ​ត្រូវ​ងើប​ពី​ព្រលឹម​ដោយ​មាន​អាការៈ​ធីងធោង បន្ទាប់​មក​ទន់​ដៃ​ទន់​ជើង​សន្លប់ តៗ​គ្នា​ទៅ​រហូត​ដល់​៧៣​នាក់។ លោក​បន្ត​ថា តាមរយៈ​កម្មករ​ជា​មិត្តិភក្តិ​បញ្ជាក់​ថា អ្នក​ដួល​សន្លប់​នោះ ធ្លាប់​មាន​បញ្ហា​សុខភាព​ពី​មុន​ដែរ។

ស្រដៀង​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ពន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់​ថា ការ​សន្លប់​នេះ​អាច​មាន​មូលហេតុ​២​សំខាន់​គឺ បញ្ហា​សុខភាព​កម្មករ និង​ការ​ហូប​ចុក​របស់​កម្មករ។ លោក​សង្កត់​ធ្ងន់​ថា តាមរយៈ​ការ​សង្កេត​ផ្ទាល់ ចំពោះ​បញ្ហា​លើស​ពី​នេះ ដូចជា​មិន​ចោទ​នោះ​ឡើយ ព្រោះ បរិស្ថាន​និង​បរិយាកាស​ក្នុង​រោងចក្រ មាន​ភាព​ល្អប្រសើរ។

ចំពោះ​ចំណាត់​ការ​ចំពោះ​មុខ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន ផ្អាក​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​នោះ​សិន ត្រូវ​រង់​ចាំ​ដល់​គណៈកម្មការ​ទប់​ស្កាត់​ករណី​សន្លប់​ អង្កេត​តាម​ដាន​ទៅ​លើ បរិយា​កាស​នៅ​ក្នុង និង​ក្រៅ​រោង​ចក្រ ដែល​រួម​មាន ពន្លឺ សំឡេង ជាតិ​គីមី​ជា​មុន​សិន ទើប​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ។

គួរ​រំឭក​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន បញ្ជា​ទៅ​ក្រសួង​ការងារ ឲ្យ​សហការ​ជាមួយ​ក្រសួង​ដែនដី និង​ក្រសួង សុខាភិបាល ឲ្យ​ពិនិត្យ​និង​រៀបចំ​នូវ​គិលានដ្ឋាន​នៅ​ក្នុង​រោងចក្រ​នីមួយៗ​ដើម្បី​ងាយ​បម្រើ​សេវា​ថែ​ទាំ​សុខភាព​ដល់​កម្មករ​កម្មការនី​នៅ​ក្នុង​រោងចក្រ​នោះ។

តប​ទៅ​ការ​រៀប​ចំ​គិលានដ្ឋាន​នេះ លោក ជាវ ប៊ុនរិទ្ធ បាន​បញ្ជាក់​ថា ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​បន្ថែម​លើ​រោងចក្រ​សហគ្រាស​ទាំងនោះ ។​លោក​បន្ត​ថា បើ​យោង​តាម​ច្បាប់​ស្តី​ពី​ការងារ​ គ្រប់​រោងចក្រ​សហគ្រាស​ទាំងអស់ ដែល​មាន​កម្មករ​ចាប់​ពី​៥០នាក់​ឡើង​ទៅ​ត្រូវ​មាន គ្រូពេទ្យ​ជា​អ្នក​ថែ​ទាំ រី​ឯ​ចាប់ពី​១០០​នាក់​ឡើង​ទៅ​ត្រូវ​មាន វេជ្ជបណ្ឌិត មួយ​រូប​និង​គ្រូពេទ្យ​ផង​ដែរ។ រោងចក្រ​សហគ្រាស​ត្រូវ​មាន ឱសថ​គ្រប់​គ្រាន់ និង បន្ទប់​សម្រាក​ព្យាបាល​ធំ​ទូលាយ រួម​ជាមួយ​នឹង​រថយន្ត​ដឹក​កម្មករ​នៅ​ពេល​មាន​បញ្ហា​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់ ប្រធាន​ការិយាល័យ​របប​សន្តិសុខ​សង្គម។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ត្រឹម​ដើម​ខែ​សីហា​នេះ ករណី​ដួល​សន្លប់​កើត​មាន​លើ​រោងចក្រ​ចំនួន​១១ និង​កម្មករ ចំនួន​ប្រមាណ​ជាង ៦០០ នាក់​ហើយ​បាន​ដួល​សន្លប់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ