អានតួអត្ថបទ
កម្ពុជា

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ប្រកាសថា សិទ្ធិសេរីភាព​សហជីព បាននិង​កំពុង​ដើរ​ថយក្រោយ

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ របស់លោក​ប៉ាវ​ស៊ីណា បានប្រកាសថា​នៅ​​ចុង​ឆ្នាំ​២០១៤ សិទ្ធិ​សេរីភាព​សហជីព បាន និង​កំពុង​ដើរ​ថយក្រោយ។ ក្នុងនោះ មាន​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ចលនា​កម្មករ ៦៥ នាក់ ត្រូវបាន​ក្រុមហ៊ុន​ថៅកែ​រោងចក្រ​កាត់ដេរ បញ្ឈប់​ពី​ការងារ ហើយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សហជីព​ចលនា​កម្មករ ២២ នាក់ បាន​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ នៅ​តុលាការ។

ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​​១២​តុលាម្សិល​មិញ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​​១២​តុលាម្សិល​មិញ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ចុងឆ្នាំ២០១៤ យ៉ាងហោចណាស់ មាន​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ចលនា​កម្មករ ៦៥ នាក់ ត្រូវបាន​ក្រុមហ៊ុន បញ្ឈប់​ពី​ការងារ ដោយ​មិនបាន​អនុវត្តតាម​នីតិវិធី​នៃ​ច្បាប់​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ILO។ នេះ​បើតាម​សេចក្តីថ្លែងការណ៍។ 

សេចក្តីថ្លែងការណ៍ ស្តីពី សិទ្ធិសេរីភាព​សហជីព និង​សិទ្ធិ​ធ្វើ​កូដកម្ម របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បង្ហាញថា ថ្នាក់ដឹកនាំ និង​មន្ត្រី​សហជីព​ចលនា​កម្មករ តែងតែ​ទទួលរង​នូវ​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​អាជ្ញាធរ ក្រុមបងធំ នៅពេលដែល​ក្រុមការងារ​សហជីព​ចលនា​កម្មករ ចុះទៅ​បំពេញភារកិច្ច​ក្នុងកំឡុងពេល​មាន​កូដកម្ម​កើតឡើង។

ជាងនេះទៅទៀត សេចក្តីថ្លែងការណ៍​បង្ហា​ញ​ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ២២ នាក់ នៅ​ឆ្នាំ២០១៤ ត្រូវបាន​អាជ្ញាធរ​ប្តឹងទៅ​តុលាការ ធ្វើការ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​កម្មករនិយោជិត ប្រព្រឹត្ត​បទឧក្រិដ្ឋ​ញុះញង់​ឲ្យ​ធ្វើ​កូដកម្ម​ខុសច្បាប់ និង​បិទផ្លូវ​សាធារណៈ ហើយ​ត្រូវបាន​តុលាការ ចេញ​ដីកា​សម្រេច​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ជាពិសេស ហាម​មិន​ឲ្យ​ចូលរួម និង​ដឹកនាំ​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​កម្មករ​និយោជិត​នោះឡើយ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី២៧មករា​ថា សិទ្ធិ​នៃ​ការធ្វើ​កូដកម្ម​ដោយ​អហឹ​ង្សា​របស់​កម្មករ​វិញ ក៏​ត្រូវបាន​ហាម​ឃាត់​ដោយ​ប្រព័ន្ធតុលាការ តាម​ពាក្យបណ្តឹង​របស់​ភាគី​និយោជក ឲ្យ​កម្មករ​បញ្ឈប់​នូវ​រាល់​សកម្មភាព​កូដកម្ម​ជាបន្ទាន់ ក្នុងករណី​មិន​អនុវត្តតាម​ដីកា​សម្រេច​របស់​តុលាការ​ទេ នោះ​កម្មករ​​នឹង​ប្រឈម​ការបណ្តេញ​ចេញពី​ការងារ ហើយ​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ប្រចាំ​មូលដ្ឋាន ត្រូវបាន​តុលាការ​ហាមឃាត់​មិន​ឲ្យ​ចូលធ្វើការ និង​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ទៀតផង។

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល អន្តរាគមន៍​ឲ្យ​និយោជក ទទួល​យក​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ដោយ​អយុត្តិធម៌​ឲ្យ​បាន​ចូលធ្វើការ​ដូច​ធម្មតា​វិញ។ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មានការ​គោរព​សិទ្ធិ​សហជីព​ឲ្យ​បាន​ពេញលេញ និង​សូម​ឲ្យ​ក្រសួងយុត្តិធម៌ ត្រួតពិនិត្យ​ឡើងវិញ ចំពោះ​ប្រព័ន្ធតុលាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ