អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សុវត្ថិភាព​កម្មករ​កាត់ដេរ​ប្រឈម​នឹង​ហានិភ័យ ខណៈ​រដ្ឋ​អះអាង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​បន្ទាប់​ពី​គ្រោះ​ថ្នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ផ្ទុះ​ឡ​ដុត​អុស​យក​ចំហាយ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ គឺ​ជា​មេរៀន​មួយ ដែល​រោងចក្រ​កាត់ដេរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​គួរ​មាន​ការ​ចាប់​អារម្មណ៍ ខណៈ​ដែល​បញ្ហា​នេះ ត្រូវ​គេ​សង្ស័យ​ថា​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស និង​ខ្វះ​អធិការ​កិច្ច​ត្រឹម​ត្រូវ។ តាម​រយៈ​ឧបទ្ទវហេតុ​នេះ រួម​ទាំង​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ និង​កម្មករ​សន្លប់​ជា​បន្ត​បន្ទាប់​នៅ​តាម​រោងចក្រ បង្ហាញ​ថា​សុវត្ថិភាព​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​នៅ​ឡើយ។

កម្មករ កម្មការិនីកាត់ដេរកម្ពុជា។
កម្មករ កម្មការិនីកាត់ដេរកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

កម្មការិនី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង ៧​នាក់​ផ្សេង​ទៀត​រង​របួស ដោយ​សារ​ការ​ផ្ទុះ​ឡ​ដុត​អុស យក ចំហាយ​កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​ឈ្មោះ សិន​តៃ​ហ្គា​មិន ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ការ​ផ្ទុះ​ដ៏​កក្រើក​នេះ​បាន​កំទេច​អគារ​មួយ​ផ្នែក និង​សម្ភារៈ​នៅ​ក្បែរ​នោះ ឲ្យ​មាន​ការ​ខូច​ខាត​ផង​ដែរ។

ពិត​ណាស់​វា​ជា​ករណី​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន នៅ​ក្នុង​វិស័យ​កាត់ដេរ ក៏​ប៉ុន្តែ​បញ្ហា​នេះ ជា​ផ្នែក​មួយ​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព​របស់​កម្មករ និង និយោជិក នៅ​ក្នុង​វិស័យ​កាត់ដេរ​ផង​ដែរ ក្រៅ​ពី​គ្រោះ​ថ្នាក់​ការងារ​ផ្សេងៗ​ទៀត។ ជា​ទូទៅ​បើ​និយាយ​ពី​សុវត្ថិភាព​ការងារ​របស់​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ គេ​តែង​តែ​មាន​ការ​លើក​ឡើង​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​កម្មករ ដែល​ជា​ញឹក​ញាប់ បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរ​កើត​ឡើង។ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ រថយន្ត​ដឹក​កម្មករ​នៅ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ។

បញ្ហា​កម្មករ​សន្លប់​នៅ​តែ​បន្ត​កើត​មាន ដែល​ការ​សន្លប់​នេះ ក្រៅ​ពី​ការ​បរិភោគ​មិន​គ្រប់​គ្រាន់​របស់​កម្មករ ក៏​មាន​បច្ច័យ​បន្ទាប់​បន្សំ​ជាមួយ​គ្នា​ផង​ដែរ​ ដូច​ជា​បរិយាកាស​នៅ​ក្នុង​រោងចក្រ​មួយ​ចំនួន​នៅ​មាន​សភាព​ក្តៅ លាយ​ឡំ​ដោយ​ជាតិ​គីមី​ចេញ​ពី​ក្រណាត់ ធូលី និង​មិន​មាន អុកស៊ីសែន គ្រប់​គ្រាន់។

តាម​រយៈ​ឧបទ្ទវហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហាយ​នេះ បង្ហាញ​ថា​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ របស់ កម្មករ​នៅ​តែ​មាន​ការ​ប្រឈម​នៅ​ឡើយ។ ក្រុម​សហជីព​ការពារ​សិទ្ធិ​កម្មករ និង​អ្នក​ពាក់​ព័ន្ធ​នានា បាន​ធ្វើ​ការ​រិះ​គន់​ភា្លមៗ​ដែរ បន្ទាប់​ពី​ការ​ផ្ទុះ​ដែល​មិន​ដែល​កើត​មាន​សម្រាប់​រោងចក្រ​កាត់ដេរ​ដូច​ពេល​នេះ។ ជុំវិញ​បញ្ហា​ផ្ទុះ​ឡ​ចំហាយ​ទឹក សម្រាប់​អ៊ុតខោ​អាវ​នេះ ត្រូវ​បាន​កត់​សម្គាល់​ថា វា​ទាក់​ទង​ទៅ​នឹង​ការ​ធ្វេស​ប្រហែស​ផ្នែក​បច្ចេកទេស ការ​មិន​យក​ចិត្ត​ទុក​ដាក់ ចាប់​អារម្មណ៍​ចំពោះ​អ្វី​មួយ​ដែល​គេ​យល់​ថា អាច​នឹង​កើត​មាន​គ្រោះ​ថ្នាក់​នៅ​ថ្ងៃ​ខាង​មុខ។

មួយ​វិញ​ទៀត បញ្ហា​នេះ ក៏​ទាក់​ទង​ដែរ​ទៅ​នឹង ការងារ​អធិការ​កិច្ច​របស់​សមត្ថកិច្ច បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ដ៏​កក្រើក​នឹង​សម្លាប់​មនុស្ស​នេះ ឡើង​ក៏​មាន​ការ​វាយ​តម្លៃ​ដំណាល​គ្នា​ដែរ​ថា បញ្ហា​អធិការកិច្ច​ការងារ​នៅ​តាម​រោងចក្រ​នៅ​មាន​សភាព​អន់​ខ្សោយ​នៅ​ឡើយ។ កង្វះ​ខាត​នេះ រង​ការ​ចោទ​សួរ​ថា អាច​មក​ពី​អធិការ​កិច្ច​របស់​សមត្ថកិច្ច​មិន​បាន​ដឹង​ជា​មុន​មែន ឬ​អធិការ​កិច្ច​មាន​កំរិត ដោយ​រោង​ចក្រ​មាន​ខ្នង​បង្អែក​ធំ ឬ​មួយ​ក្រុម​អធិការ​កិច្ច​របស់​សមត្ថកិច្ច​មាន​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន?

ទោះ​យ៉ាង​ណា ក្រសួង​ការងារ​កម្ពុជា ភា្លមៗ​ដែរ​ក៏​បាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ធ្វើ​អន្តរាគមន៍ ដល់​ជន​រងគ្រោះ​នៃ​ឧបទ្ទវហេតុ​នេះ តាម​រយៈ​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​របស់​ខ្លួន។ ក្រសួង​ការងារ​ដែល​បាន​ចេញ​សារ​ចូល​រួម​រំលែក​ទុក្ខ​កម្មការិនី បាត់​បង់​ជីវិត​និង​របួស​នោះ បាន​បញ្ជាក់​ថា​នឹង​ទទួល​រ៉ាប់​រង ដល់​ការ​ធ្វើ​បុណ្យ​សព និង​ផ្តល់​សំណង​តាវកាលិក​ដល់​ក្រុម​គ្រួសារ អ្នក​ស្លាប់​ និង​អ្នក​របួស​ផង​ដែរ។

ដូច្នេះ​ការ​ផ្ទុះ​ឡ​ដុត​អុស​យក​ចំហាយ​នៅ​រោងចក្រ​សិនតៃហ្គាមេន វា​ជា​ករណី​ដំបូង​មែន​ពិត ក៏​ប៉ុន្តែ​វា​ជា​មេរៀន​មួយ សម្រាប់​និយោជក ក៏​ដូចជា​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​ចាប់​អារម្មណ៍ លើ​ចំណុច​ដែល​មិន​គួរ​មាន​ការ​ធ្វេស​ប្រហែស លើ​ករណី​ប្រឈម​ជា​ច្រើន​ទៀត ដែល​មិន​ទាន់​កើត​មាន ហើយ​អាច​នឹង​កើត​មាន។ នោះ​គឺ​សម្ភារៈ ចាស់ៗ ដែល​ប្រើ​ប្រាស់​យូរ​ឆ្នាំ​នៅ​ក្នុង​រោងចក្រ និង​មាន​ការ​សង្ស័យ​ទៅ​លើ​គុណភាព។ ការ​ប្រើ​ប្រាស់​សម្ភារៈ​ដែល​ប្រើ​ហើយ​ពី​កន្លែង​ផ្សេង។

សម្ភារៈ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ឬ​ងាយ​នឹង​គ្រោះ​ថ្នាក់​ប្រសិន​មាន​ការ​ធ្វេស​ប្រហែស​ដូច​ជា​ឡ​ចំហាយ​នេះ​ជា​ដើម គួរ​តែ​មាន​អ្នក​មើល​ការ​ខុស​ត្រូវ ហើយ​គួរ​ដាក់​សម្ភារៈ​ទាំង​នេះ ឲ្យ​នៅ​ឆ្ងាយ​ពី​កម្មករ ដើម្បី​ចៀស​វាង​ហានិភ័យ​ណា​មួយ​កើត​ឡើង។ ការ​ត្រួត​ពិនិត្យ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​តែ​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់ ទៀង​ទាត់ និង​ដោយ​តម្លាភាព។

មួយ​វិញ​ទៀត ករណី​នេះ គេ​គួរ​តែ​មាន​វិធានការ​ការពារ​ជា​មុន ជា​ជាង​រង់ចាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង។ ជាមួយ​គ្នា​នេះ​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​មុន​ដំបូង​គេ​គឺ​ថៅកែ​រោងចក្រ​កាត់ដេរ។ ការ​ធ្វេស​ប្រហែស​របស់​រោងចក្រ លើ​បញ្ហា​ណា​មួយ​ដែល​ចាត់​ទុក​ថា​នឹង​អាច​មាន​ហានិភ័យ ទៅ​លើ​កម្មករ និយោជិក គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ចំបង​របស់​និយោជក​ដោយ​ផ្ទាល់។

បើ​ពុំ​ដូច្នោះ​ទេ​ ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ការ​ថ្លោះ​ធ្លោយ​នៅ​តែ​កើត​មាន ហើយ​អ្នក​រងគ្រោះ​គឺ​កម្មករ និយោជិក ដែល​ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​ដ៏​ធំធេង​របស់​ថៅកែ​រោងចក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ