អានតួអត្ថបទ
កម្ពុជា

របាយការណ៍​ថ្មី បង្ហាញថា នៅ​តែមា​ន​កម្មករ​រោងចក្រ​នៅស្រុក​ខ្មែរ​រស់នៅ​លំបាក ទាំង​បញ្ហា​សុខភាព សុវត្ថិភាព និងបន្ទប់រស់នៅ

សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ មាន​ចំណង​ជើង​ថា «ធាតុ​ពិត​នៃ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ»។ ជា​របាយការណ៍​សិក្សា​ដំបូង​បំផុត​ ដែល​ផលិត​ក្នុង​ឆ្នាំ ២០១៧ ដោយ​កម្មការិនី កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ក្រុម​ ដើម្បី​បង្ហាញ​ជា ភស្តុតាង​ជាក់​ស្តែង នៃ​ស្ថានភាព​រស់​នៅ របស់​កម្មការិនី កម្មករ បី​សហគមន៍ ក្នុង​ទីក្រុង​ភ្នំពេញ ជុំវិញ​ស្ថានភាព​សុខភាព សុវត្ថិភាព និង​បន្ទប់​រស់​នៅ ដែល​គ្មាន​ជម្រើស​ប្រសើរ​ជាង​នេះ។​

របាយការណ៍ «ធាតុ​ពិត​នៃ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ» ជា​របាយការណ៍​ដំបូង​បំផុត ដែល​ចង​ក្រង​ឡើង​ដោយ ក្រុម​កម្មករ កម្មការិនី ៣៨​នាក់។
របាយការណ៍ «ធាតុ​ពិត​នៃ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ» ជា​របាយការណ៍​ដំបូង​បំផុត ដែល​ចង​ក្រង​ឡើង​ដោយ ក្រុម​កម្មករ កម្មការិនី ៣៨​នាក់។
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី ម៉ាក ច័ន្ទស៊ីថា អ្នក​ដឹក​នាំ​ក្រុម​កម្មករ ផលិត​របាយការណ៍ «ធាតុ​ពិត​នៃ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ» បាន​បញ្ជាក់​ថា ទោះ​បី​ជា​ឆ្នាំ ២០១៧ ទៅ​ហើយ ក៏​នៅ​តែ​មាន កម្មករ ៣៤​នាក់ ប្រើ​ប្រាស់​បង្គន់​រួម​តែ​មួយ ហើយ​ទទួល​ទាន​ចំណី​អាហារ​គ្មាន​អនាម័យ ដែល​ជួន​កាល​ក្នុង​សម្ល​មាន​ថែម ក្រចក​ដៃ​ក្រចក​ជើង​ទៀត​ផង។ អ្នកស្រី បន្ថែម​ថា កម្មករ ជា​ច្រើន​រស់​នៅ​ក្នុង​ប្លុក​គ្មាន​សុវត្ថិភាព ដូច​ជា ប្រឈម​នឹង​បញ្ហា​ចោរ​លួច គាស់​ផ្ទះ មាន​ការ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន លេង​ល្បែង​ស៊ី​សង ចាក់​ឆ្នោត​ លេង​បៀ អាប៉ោង ជល់​មាន់ ជា​ដើម។ ចំណែក​តម្លៃ​បន្ទប់​ជួល នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី ២​ដុល្លារ ទៅ​ដល់ ១០​ដុល្លារ ខណៈ​តម្លៃ​ក្នុង​មួយ​បន្ទប់​ទំហំ ២ គុណ​នឹង បី​ម៉ែត្រ គឺ​ចន្លោះ ២០ ទៅ ៣៥​ដុល្លារ។

 
របាយការណ៍ «ធាតុ​ពិត​នៃ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ» ជា​របាយការណ៍​ដំបូង​បំផុត ដែល​ចង​ក្រង​ឡើង​ដោយ ក្រុម​កម្មករ កម្មការិនី ៣៨​នាក់ ​តាម​រយៈ​ការ​ធ្វើ​បទ​សម្ភាសន៍ និង​ពិភាក្សា​ជាមួយ​នឹង កម្មករ កម្មការិនី រោងចក្រ​កាត់​ដេរ ១៦៥​នាក់ ជុំវិញ​ស្ថានភាព​សុខភាព និង​អនាម័យ សន្តិសុខ និង​សុវត្ថិភាព និង​ស្ថានភាព​បន្ទប់​រស់​នៅ របស់​ពួក​គេ ដែល​កំពុង​ធ្វើ​ការ និង​រស់​នៅ​ក្នុង​តំបន់​ ចាក់អង្រែក្រោម ពោធិ៍សែនជ័យ និង​ទឹក​ថ្លា។ ចំណែក​ស្ថានភាព​អគារ​បន្ទប់​ជួល​ដែល​ត្រូវ​បាន​ ជ្រើស​រើស​មក​សិក្សា គឺ​ជា​អគារ​ដែល​មាន​បន្ទប់​ជួល​ចន្លោះពី ៥០ ទៅ ៣០០​បន្ទប់ និង​មាន​កម្មករ​ស្នាក់​នៅ តិច​បំផុត​ ២​នាក់​ក្នុង​មួយ​បន្ទប់។

កញ្ញា រស់ សុគន្ធី ក្រុម​ប្រឹក្សា​ភិបាល នៃ សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ ដែល​គាំទ្រ​ការ​សិក្សា និង​បោះពុម្ព​ផ្សាយ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា របាយការណ៍​នេះ មិន​អាច​តំណាង ឲ្យ​ស្ថានភាព​រស់​នៅ​របស់​កម្មករ​ទូទាំង​ប្រទេស តែ​របាយការណ៍​ស្រាវជ្រាវ​នេះ គឺ​ជា​ភស្តុតាង​ជាក់​លាក់ មួយ ​ដែល​ចង​ក្រង​រឿង​រ៉ាវ​របស់​កម្មករ និង​បង្ហាញ​ពី​ស្ថានភាព​រស់​នៅ​ពិត​ប្រាកដ​របស់​កម្មករ រស់​នៅ​ក្នុង​បី​សហគមន៍ នៅ​ទីក្រុង​ភ្នំពេញ។

កញ្ញា រស់ សុគន្ធី បន្ថែម​ថា កម្មករ​ កម្មការិនី ដែល​ជា​ឆ្អឺង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ តែ​បែរ​ជា ត្រូវ​បាន​គេ​បំភ្លេច​ចោល បើ​ទោះ​បី​ជា ពួក​គេ ប្រកប​របរ​សុច្ចរឹត​ត្រឹម​ត្រូវ នាំ​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ និងជួយ​ដាស់​ចរន្ត​ពាណិជ្ជកម្ម​ក្នុង​សហគមន៍​ដែល​ពួក​គេ​រស់​នៅ។ របាយការណ៍​នេះ ​នឹង​អាច​ជួយ កែ​ប្រែ​ទម្លាប់​លាក់​លៀម សម្ងំ​ពួន​យំ​ម្នាក់​ឯង របស់​កម្មការិនី ​នៅ​ពេល ជួប​ប្រទះ​បញ្ហា​សុខភាព សុវត្ថិភាព និង​បន្ទប់​រស់​នៅ ហើយ​ក៏​ជា ភស្តុតាង​ជា​តួ​លេខ​ជាក់​លាក់​មួយ ដើម្បី​បង្ហាញ​ដល់​អាជ្ញាធរ សំដៅ​ចង់​ឲ្យ​មាន​ការ​កែប្រែ​ស្ថាន​ភាព​រស់​នៅ របស់​កម្មករ​ឲ្យ​កាន់​តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត។

គួរ​ជម្រាប​ថា បើ​តាម​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ គិត​ត្រឹម​ឆ្នាំ ២០១៦ រោងចក្រ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ ដែល​បាន​ចុះប​ញ្ជី​ត្រឹម​ត្រូវ ទៅ​តាម​ច្បាប់​នៅ​កម្ពុជា មាន​ចំនួន​សរុប ១,១០៧ គ្រឹះស្ថាន និង​មាន​កម្មករ​និយោជិត​ជាង ៧៤​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ជាង ៦៤​ម៉ឺន​នា​ក់។ តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផល​ផ្នែក កាត់ដេរ សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ​ជាង ៧,៣​ពាន់​លាន ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ