អានតួអត្ថបទ
កម្ពុជា

តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​ថ្មី​នៅ​សប្តាហ៍​នេះ

ចាប់​ពី​សប្តាហ៍​នេះ​ទៅ តម្លៃ​លក់​ប្រេង​សាំង​ធម្មតា នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​៤៣០០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេង​ម៉ាស៊ូត​កើន​ឡើង​ដល់​៤១០០​រៀល​ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ នៅ​តាម​ស្ថានីយ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា។ តម្លៃ​នេះ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន ​គឺ​ឡើង​ថ្លៃ​១៥០​រៀល​សម្រាប់​ប្រេង​សាំង និង​១០០​រៀល​សម្រាប់​ប្រេង​ម៉ាស៊ូត។

​រូបភាព​ចាស់៖ តម្លៃ​ប្រេង​សាំងស៊ុបពែរ ​​ធម្មតា និង​ប្រេង​ម៉ាស៊ូតនៅ​លើ​ទី​ផ្សារ​
​រូបភាព​ចាស់៖ តម្លៃ​ប្រេង​សាំងស៊ុបពែរ ​​ធម្មតា និង​ប្រេង​ម៉ាស៊ូតនៅ​លើ​ទី​ផ្សារ​ @facebook
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ខាង​មុខ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ឧសភា​នេះ រហូត​ដល់​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៨ តម្លៃ​លក់​រាយ​ទាំង​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត បាន​ហក់​ឡើង​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ ប្រេង​សាំង​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​តម្រូវ​ឲ្យ​ស្ថានីយ​លក់​ប្រេង​ឥន្ទនៈ​នានា លក់​ក្នុង​តម្លៃ​៤៣០០​រៀល ក្នុង​មួយ​លីត្រ ឬ​១.០៦​ដុល្លារ ក្នុង​មួយ​លីត្រ។ ចំណែក​ឯ​ប្រេង​ម៉ាស៊ូត​វិញ ក្រសួង​តម្រូវ​ឲ្យ​លក់​ក្នុង​តម្លៃ​៤១០០​រៀល ឬ​១.0១ដុល្លារ ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ចុះ​ថ្ងៃ​ទី​២១ ឧសភា។

តម្លៃ​នេះ បើ​ប្រៀប​ធៀប​កាល​ពី​រយៈ​ពេល​១០​ថ្ងៃ​មុន គឺ​ប្រេង​សាំង​មាន​ការ​ឡើង​ថ្លៃ​ចំនួន​១៥០​រៀល រី​ឯ​ប្រេង​ម៉ាស៊ូត​ឡើង​ថ្លៃ​១០០​រៀល។ កាល​ពី​រយៈ​ពេល​១០​ថ្ងៃ​មុន ប្រេង​សាំង​ធម្មតា​បាន​លក់​ក្នុង​តម្លៃ​ត្រឹម​តែ​៤១៥០​រៀល​ឬ​១.០២​ដុល្លារ ខណៈ​ប្រេង​ម៉ាស៊ូត​លក់​តម្លៃ​៤០០០​រៀល ឬ​០.៩៩​ដុល្លារ ក្នុង​មួយ​លីត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជុំវិញ​ការ​កើន​ឡើង​តម្លៃ​នៃ​ប្រេង​ឥន្ទនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា មិន​ទាន់​អាច​សុំ​ការ​ពន្យល់​បាន​នៅ​ឡើយ​ទេ។

ក៏​ប៉ុន្តែ​កន្លង​មក ក្រសួង​ពាណិជ្ជកម្ម​តែង​តែ​បាន​អះអាង​ថា ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​នៅ​កម្ពុជា​នេះ គឺ​ដោយ​សារ​តម្លៃ​ប្រេង​ឥន្ទនៈ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​បាន​កើន​ឡើង។ តាម​រយៈ​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេង​ឥន្ទនៈ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង។ ​តែ​ទោះ​ជា​បែប​នេះ​ក្តី ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា តម្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​តិច​ជាង​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ឥន្ទនៈ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ។ តាម​ក្រសួង​ពាណិជ្ជកម្ម​ដដែល តម្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា​កើន​ឡើង​តិច​នេះ គឺ​ដោយ​សារ​តែ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​រូបមន្ត​មួយ​សម្រាប់​កែ​សម្រួល​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា។

ទោះ​ជា​បែប​ណា​ក៏​ដោយ អ្នក​សេដ្ឋកិច្ច និង​អ្នក​តាម​ដាន​សង្គម​កម្ពុជា​យល់​ថា តម្លៃ​លក់​ប្រេង​ឥន្ទនៈ​នៅ​លើ​ទី​ផ្សារ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ ហើយ​ពួក​គេ​នៅ​តែ​ស្នើ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ