ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

កម្ពុជា​និង​ចិន​ពី​ឆ្នាំ​១៩៥៥​រហូត​ដល់សព្វថ្ងៃ

កម្ពុជា​និង​ចិន​ពី​ឆ្នាំ​១៩៥៥​រហូត​ដល់សព្វថ្ងៃ
 
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៃ​កម្ពុជា និង​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន News.CN

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​​បន្ត​​សិក្សា​​ទៅ​​លើ​​ភូមិសាស្ត្រ​​នយោបាយ​​នៃ​​អាស៊ី​​ទាំង​មូល​​ត​​ទៅ​​ទៀត ដោយ​សូម​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន​ពី​ឆ្នាំ​១៩៥៥​រហូត​ដល់​សព្វ​ថ្ងៃ​។ សូម​​អញ្ជើញ​​ស្តាប់ ហ្សង់-ហ្វ្រង់ស័រ តាន់៖

ក្នុង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ចំពោះ​មុខ​របប​នយោបាយ​ខ្មែរ​ជា​បន្ត​បន្ទាប់ ចិន​តែងតែ​ប្រកាន់​យក​នូវ​នយោបាយ​ការ​បរទេស​មួយ​ដែល​មាន​គោលដៅ​ចម្បងតែ​មួយ​គត់​ឥត​កែ​ប្រែ នោះ​គឺ​ក្លាយ​ជាមហា​មិត្ត​និង​ជា​បង្អែក​ដ៏​មាំ​​សឹង​តែ​មួយ​គត់​របស់​កម្ពុជា។​

តើ​ហេតុអ្វី​បាន​ជា​ចិន​តែងតែ​ចង់​ក្លាយ​ជា​មិត្ត​ពិសេស​របស់​កម្ពុជា មិត្ត​ពិសេស​នៃ​របប​សង្គម​រាស្ត្រ​និយម ឬ​មិត្ត​ពិសេស​នៃ​របប​ខ្មែរ​ក្រហម ឬ​ក៏​មិត្ត​ពិសេស​នៃ​រដ្ឋអំណាច​បច្ចុប្បន្ន​នៅភ្នំពេញ?

ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​នេះ គួរ​គូស​បញ្ជាក់​ជា​បឋម​ថា ចិន​មិន​ដែល​មើល​រំលង​ឥណ្ឌូចិន​ឡើយ។ បើ​រាប់​តាំង​ពី​ទសវត្សរ៍​ទី​៥០​មក អ្វី​ដែល​ចិន​បារម្ភ​ជាង​គេ គឺ​មហិច្ឆតា​យ៉ាង​ពិត​ប្រាកដ​របស់​វៀតណាម​ក្នុងការ​ក្រសោប​យក​ដែនដី​ឥណ្ឌូចិន​ទាំង​មូល​មក​គ្រប់​គ្រង។ ជា​ការពិត នៅ​ក្នុង​ទសវត្សរ៍​ទី​៥០​និង​៦០ Ho Chi Minh មាន​ផែនការ​ច្បាស់​លាស់ នោះ​គឺ​បង្រួប ​បង្រួម​វៀតណាម​ខាង​ជើង​និង​វៀតណាម​ខាង​ត្បូងឱ្យ​ទៅ​ជា​ប្រទេស​តែ​មួយ​វិញ រួច​ហើយ​ប្រែ​ក្លាយ​ឥណ្ឌូចិន​ទាំង​មូល​ទៅ​ជា​កុម្មុយនិស្ត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម​ផ្ទាល់​តែម្តង។

សម្រាប់​ថ្នាក់​ដឹកនាំ​ទីក្រុង​Pékin ផែនការ​របស់​Ho Chi Minhក្នុង​ការ​ក្រសោប​យក​ឥណ្ឌូចិន​មក​កាន់កាប់​គឺ​ជា​គ្រោះថ្នាក់​មួយ​ធំ​ដែល​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​ប្រទេស​ចិន ពីព្រោះ​ធ្វើ​បែប​នេះ វៀតណាម​នឹង​ក្លាយទៅ​ជា​មហា​អំណាច​តំបន់​មួយ​នៅ​កៀក​ជាប់​នឹង​ប្រទេស​ចិន​តែ​ម្តង។

ម្ល៉ោះ​ហើយ​នៅ​ក្នុង​ទសវត្សរ៍​ទី​៥០​និង​៦០ ដើម្បី​ខ្ទប់​កុំ​ឱ្យ​Ho Chi Minh​មាន​លទ្ធភាព​ផ្តើម​នយោបាយ​លេប​យក​ឥណ្ឌូចិន​ទាំង​មូល​បាន នៅ​ម្ខាង ចិន​បាន​សម្រេច​ចិត្ត​លូក​ដៃ​ក្នុង​

សង្គ្រាម​អាមេរិកាំង​នៅ​វៀតណាម​ តាម​រយៈ​ការ​ផ្តល់​អាវុធ​ទៅ​ឱ្យ​កងទ័ព​វៀតកុង ដូច​ដែល​ម៉ៅ សេទុង​ធ្លាប់​បាន​និយាយ​ថា អ្នក​ណា​ក្តាប់​វៀតណាម​បាន​នៅ​លើ​វិស័យ​យោធា​និង​នយោបាយ អ្នក​នោះ​ក្តាប់​ឥណ្ឌូចិន​ទាំង​មូល​បាន។ រី​ឯ​នៅ​ម្ខាង​ទៀត ចិន​បាន​សម្រេច​ចិត្ត​ទទួល​ស្គាល់​ឯករាជភាព​និង​អព្យាក្រឹតភាព​របស់​កម្ពុជា មិន​ដូច​អាមេរិក​ដែល​កាល​ណោះ​បាន​ខ្នះខ្នែង​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​ខូច​នយោបាយ​អព្យាក្រឹត​របស់​សម្តេច​សីហនុ​និង​ធ្វើ​ឱ្យ​ខូច​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា​ក្នុង​គោលដៅ​អូសទាញ​កម្ពុជា​ទៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្ត​នៅ​ឥណ្ឌូចិន​ទាំង​មូល។

មិន​តែ​ប៉ុណ្ណោះ ចិន​ក៏​បាន​ផ្តើម​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​កម្ពុជា​ដែរ។ ជាក់​ស្តែង នៅ​ឆ្នាំ​១៩៥៦​កម្ពុជា​ក្លាយ​ជា​ប្រទេស​មិនមែន​កុម្មុយនិស្ត​ទី​មួយ​បង្អស់​នៅ​ក្នុង​ពិភពលោក​ដែល​ទទួល​បាន​ជំនួយ​ពី​ចិន​កុម្មុយនិស្ត។ ទន្ទឹមនេះ ក្រោយ​ពី​ទំនាក់​ទំនង​ទូត​រវាង​កម្ពុជា​និង​ចិន​ត្រូវ​បាន​ភ្ជាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​១៩​កក្កដា​១៩៥៨​រួច​រាល់​ហើយ សម្តេចសីហនុ​ទ្រង់បាន​​​គាំទ្រ​ចិន​យ៉ាង​ពេញ​ទំហឹង​ឱ្យ​ក្លាយ​ជា​ប្រទេស​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ។

និយាយ​រួម កាល​សម័យ​នោះ កម្ពុជា​និង​ចិន​មាន​ចក្ខុនិមិត្ត​រួម​គ្នា​និង​ដូច​គ្នា នោះ​គឺ​ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ទាំង​បី​នៅ​ឥណ្ឌូចិន ពោល​គឺ​វៀតណាម កម្ពុជា​និង​ឡាវ ត្រូវ​តែ​ជា​រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន និង​បន្ត​នៅ​ជា​រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន​ត​ទៅ​អនាគត។

គឺ​ចក្ខុនិមិត្ត​រួម​គ្នា​នេះ​ហើយ​រវាង​សម្តេច​សីហនុ​និង​ទីក្រុង​Pékin​បូកផ្សំ​នឹង​ឥរិយាបថ​រឹង​រូស​ខ្លាំង​ពេក​របស់​អាមេរិក​មក​លើ​កម្ពុជា​កាល​សម័យ​នោះ ដែល​បន្តិច​ម្តងៗ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​មាន​លក្ខណៈ​ពិសេស រហូត​ប្រែ​ក្លាយ​នៅ​ទីបំផុត​ទៅ​ជា​មិត្តភាព​ពិសេស​រវាង​សម្តេច​សីហនុ​និង​ថ្នាក់​ដឹក​នាំ​ចិន​តែ​ម្តង។

អ៊ីចឹង​ហើយ​បាន​ជា​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​នៅ​ថ្ងៃ​១៨​មិនា​១៩៧០ សម្តេច​សីហនុ​ទ្រង់​សម្រេច​ចិត្ត​យាង​ទៅ​ជ្រក​កោន​នៅ​ទីក្រុង​Pékinប្រទេស​ចិន។

ប៉ុន្តែ ក្រោយ​មក​ទៀត ដើម្បី​រំលំ​របប​សាធារណរដ្ឋ​ខ្មែ​របស់​សេនា​ប្រមុខ​លន់ នល់ និង​ដើម្បី​រុញ​ច្រាន​អាមេរិក​ចេញ​ពី​ឥណ្ឌូចិន ថ្នាក់​ដឹក​នាំ​ចិនបាន​ជ្រើស​រើសយក​ពួក​ខ្មែរ​ក្រហម​ ដ្បិត​ខុស​ផ្ទុយ​ពី​សម្តេច​សីហនុ​ដែល​ទ្រង់​មិនមែន​ជា​អ្នក​ស្រឡាញ់​មនោគម​វិជ្ជា​កុម្មុយនិស្តសោះនោះ ពួក​ខ្មែរ​ក្រហម​​គឺជា​អ្នក​ស្នេហា​លទ្ធិ​កុម្មុយនិស្ត​ពិត​ប្រាកដ ហើយ​មានជំរំ​និង​កម្លាំង​យោធា​នៅ​ក្នុង​ព្រៃរួចស្រេចទៀតផង។

នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ចិន​ប្រកាន់​យក​នូវ​នយោបាយ​ការ​បរទេស​ដែល​មាន​គោលដៅ​តែ​មួយ​ដដែល នោះ​គឺ​ក្លាយ​ជា​មិត្ត​ពិសេស​និង​ជា​បង្អែក​ដ៏​មាំ​នៃ​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម​របស់​ប៉ុល ពត។ ធ្វើ​បែប​នេះ ទីក្រុង​Pékin​មាន​គោល​បំណង​ពីរ។ ទីមួយ គឺ​បន្ត​ខ្ទប់​មហិច្ឆតា​របស់​វៀតណាម​ដែល​នៅ​តែ​ចង់​ក្រសោប​យក​ឥណ្ឌូចិន​ទាំង​មូល​មក​គ្រប់​គ្រង។ ទី​ពីរ គឺ​ខ្ទប់​កុំ​ឱ្យ​សូវៀត​ដែល​ជា​មេកើយ​ថ្មី​របស់​វៀតណាមអាច​​ចូល​មក​ក្នុង​ឥណ្ឌូចិនបាន​ដើម្បី​ឡោមព័ទ្ធ​ប្រទេស​ចិន។

គួរ​បើក​វង់​ក្រចកគូស​បញ្ជាក់​បន្តិច​ថា ចាប់​ពី​ចុង​ទសវត្សរ៍​ទី​៥០​ទៅ កុម្មុយនិស្ត​ចិន​និងកុម្មុយនិស្ត​សូវៀត​ទាស់ទែង​គ្នា​ខ្លាំង​រហូត​ដល់​ក្លាយ​ជា​សត្រូវ​នឹង​គ្នា។ ម្ល៉ោះ​ហើយ នៅ​ក្នុង​ពេញ​មួយ​ទសវត្សរ៍​ទី​៦០ បណ្តើរៗ វៀតណាម​ខាង​ជើង​បាន​បែរ​ខ្នង​ដាក់​ចិន​និង​បាន​ងាក​ទៅត្រូវគ្នាជាមួយ​សូវៀតវិញម្តង។ ទន្ទឹម​នេះ ​បណ្តើរៗ​ និង​ជាពិសេស​ចាប់​ពី​ឆ្នាំ​១៩៧២-១៩៧៣​ទៅ ទ័ព​ខ្មែរ​ក្រហម​ដែល​ដើម​ឡើយ​បាន​ទៅ​ពឹងពាក់​ពួក​វៀតកុង​ដើម្បីបោះជំរំនិង​បង្កើត​ទ័ព​នៅ​ក្នុង​ព្រៃ បាន​ងាក​ចេញ​ពី​ទីក្រុង​Hanoï ដើម្បី​បែរ​ទៅ​រក​ចិន​ទាំង​ស្រុង។

ការ​ផ្លាស់ប្តូរ​សម្ព័ន្ធភាព​ស៊ី​ជម្រៅ​បែប​នេះ មុន​ពេល​ដែល​ឥណ្ឌូចិន​ទាំង​មូល​ក្លាយ​ជា​កុម្មុយនិស្ត មិនមែន​ចៃដន្យ​ឡើយ។ មែនទែន​ទៅ វៀតណាម​ខាង​ជើង​បាន​ងាក​ទៅ​ត្រូវ​គ្នា​ជាមួយ​សូវៀត ពីព្រោះ​ម្យ៉ាង​សូវៀត​អាច​ជា​ខែល​ការពារ​វៀតណាមនៅ​ពេល​ដែល​បង្រួប​បង្រួម​ខាង​ជើង​និង​ខាង​ត្បូង​ហើយ កុំ​ឱ្យ​ឋិត​នៅ​ក្រោម​ការ​បៀត​បៀន​របស់​ចិន និង​ពីព្រោះ​ម្យ៉ាង​ទៀត សូវៀត​អាច​ជា​បង្អែក​របស់​វៀតណាមនៅ​ពេល​ដែល​បង្រួប​បង្រួម​ខាង​ជើង​និង​ខាង​ត្បូង​ហើយ ដើម្បី​​ក្រសោប​យក​ឥណ្ឌូចិន​ទាំង​មូល​មក​គ្រប់គ្រង​ដោយ​មិន​ខ្លាច​រអែង​ចិន។

ដោយ​ឡែក នៅ​ឆ្នាំ​១៩៧២-១៩៧៣ ខ្មែរ​ក្រហម​បាន​បោះ​ដៃ​ចោល​ពួក​វៀតកុង​ហើយ​បាន​ងាក​ទៅ​ត្រូវ​គ្នា​ជា​មួយ​ចិន ពីព្រោះ​ម្យ៉ាង​ចិន​អាច​ជា​ខែល​ការពារ​កម្ពុជានៅ​ពេល​ក្លាយ​ជា​កុម្មុយនិស្ត​ហើយ កុំ​ឱ្យ​ឋិត​នៅ​ក្រោម​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​វៀតណាម​កុម្មុយនិស្ត និង​ពីព្រោះ​ម្យ៉ាង​ទៀត ចិន​មាន​ចក្ខុនិមិត្ត​ដូច​ខ្មែរ​ក្រហម​ដែរ នោះ​គឺ​ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ទាំង​បី​នៅ​ឥណ្ឌូចិន ពោល​គឺ​វៀតណាមកុម្មុយនិស្ត កម្ពុជាកុម្មុយនិស្ត​និង​ឡាវកុម្មុយនិស្ត ត្រូវ​តែ​ជា​រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន និង​បន្ត​នៅ​ជា​រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន​ត​ទៅ​អនាគត។

អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ការ​ឡើង​គ្រប់គ្រង​ប្រទេស​របស់​ពួក​ខ្មែរក្រហម ចិន​បាន​ផ្តល់​ជំនួយ​គឹត​ជា​ទឹក​ប្រាក់​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ​ដល់​របប​កម្ពុជាប្រជាធិបតេយ្យ​របស់​ប៉ុល ពត។ ​ អ្នក​ជំនាញការ​ចិន ពី​១០ ០០០ ទៅ​១៥ ០០០នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍​ទាហាន កម្មករជំនាញ វិស្វករ វិជ្ជបណ្ឌិត​និង​សាស្រ្តាចារ្យ ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ការ​នៅ​កម្ពុជា ពី​ខែ​មេសា​១៩៧៥​ដល់​ខែ​មករា​​១៩៧៩។

ដូចគ្នាអ៊ីចឹងដែរ នៅ​ដើម​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាងកម្ពុជា​របស់ប៉ុល ពត ​និង​វៀតណាម នៅ​ពេល​ដែល​ពួក​យោធា​របស់​ប៉ុល ពត​ផ្តើម​ប្រយុទ្ធ​គ្នា​នឹង​កង​ទ័ព​វៀតណាម​អម​ដោយ​ពួក​ខ្មែរ​ក្រហម​ផ្តាច់​ខ្លួន​នៃ​តំបន់​បូព៌ា​ដែល​មិន​ពេញ​ចិត្ត​នឹង​របប ប៉ុល ពត​ប្រល័យ​ពូជសាសន៍ ចិន​បាន​ផ្តល់​ជំនួយ​យោធា​ច្រើន​សម្បើម​ណាស់​ដល់​កម្ពុជា​ប្រជាធិបតេយ្យ។

ជា​រួម កាល​សម័យ​នោះ ទោះ​ជា​ដឹង​ថា របប​ខ្មែរ​ក្រហម​ដែល​ចង់​ដណ្តើម​យក​កម្ពុជា​ក្រោម​មក​វិញ គឺជា​អ្នក​ទៅ​រក​រឿង​វៀតណាម​មុន​ក៏​ដោយ ក៏​ចិនត្រូវតែចេញមុខជួយប៉ុល ពត​និង​បរិវារ​ដែរ។ ហេតុអ្វី? ទី​មួយ ដូច​បាន​លើក​ឡើង​រួច​ហើយ ចិន​មិន​​អនុញ្ញាត​ឱ្យ​វៀតណាម​ក្រសោប​យក​ឥណ្ឌូចិន​ទាំង​មូល​មក​កាន់កាប់​ជា​ដាច់​ខាត។ ហើយ តាម​រយៈ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​និង​ការ​ចូល​កាន់កាប់​កម្ពុជា​នៅ​ខែ​មករា​ឆ្នាំ​១៩៧៩ វៀតណាម​សម្រេច​បាន​យ៉ាង​ពិតប្រាកដ​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ជា​មហា​អំណាច​ឥណ្ឌូចិន ដោយសារតែ​ឡាវ​កុម្មុយនិស្ត​ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ទីក្រុង​Hanoïរួច​ស្រេច​ទៅ​ហើយ​តាំង​ពី​ឆ្នាំ​១៩៧៥​មកម្ល៉េះ។ ទី​ពីរ ទីក្រុង​Pékin​បាក់​មុខ​ខ្លាំង​ណាស់ ពីព្រោះ​វៀតណាម​រណប​សូវៀត​ហ៊ាន​ចូល​រំលំ​កម្ពុជា​របស់​ប៉ុល ពត​ដែល​រណប​ចិន។ ទីក្រុង​Pékin ចាត់​ទុក​ការ​ឈ្លានពាន​របស់​វៀតណាម​ទៅ​លើ​កម្ពុជា ថា​ជា​ការ​ឈ្លានពាន​របស់​សូវៀត​មក​លើ​ប្រទេស​ចិន​តែ​ម្តង។

ម្ល៉ោះ​ហើយ ជា​ការ​ឆ្លើយ​តបត​វិញ នៅ​ខែ​មករា​ឆ្នាំ​១៩៧៩​ដដែល​នោះ ចិន​បាន​សម្រួល​ទំនាក់​ទំនង​ទូត​ជាមួយ​អាមេរិក​ដែល​ក៏​ជា​សត្រូវ​របស់​សូវៀត​ដែរ ហើយ​ក្រោយ​ពី​ចាប់​ដៃ​ជាមួយ​អាមេរិក​រួច​ ចិន​ដែល​កក់ក្តៅ​ចិត្ត​ជាង​មុន​បាន​វាយ​លុកលុយ​ទៅ​លើ​វៀតណាម​នៅ ​ថ្ងៃ​ទី​១៧​កុម្ភៈ​ឆ្នាំ​១៩៧៩។ គឺ​ជា​សង្គ្រាម​មួយ​ដ៏​ខ្លី​ដែល​ចិន​ចាត់​ទុក​ថា ជា​ការ​ផ្តល់​មេរៀន​មួយ​ដល់​ទីក្រុង​Hanoï និង​ជា​ការ​បញ្ជូន​សារ​ធម៌​ក្តៅ​មួយ​ទៅ​កាន់​សូវៀត។

***

ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩ដោយ​កងទ័ព​វៀតណាម អម​ដោយ​ពួក​ខ្មែរ​ក្រហម​ផ្តាច់​ខ្លួន​នៃ​តំបន់​បូព៌ា​ដែល​មិន​ពេញ​ចិត្ត​នឹង​ពួកប៉ុល ពត​ប្រល័យ​ពូជសាសន៍​រួច​មក ចិន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​មួយ​ច្បាស់។

គោលដៅ​នោះ គឺ​រុញ​ច្រាន​វៀតណាម​ចេញ​ពី​កម្ពុជា ហើយ​នាំ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​នូវ​របប​នយោបាយ​មួយ​ដែល​ចាំបាច់​ត្រូវ​តែ​មាន​និន្នាការ​ទៅ​រក​ចិន។ ម្យ៉ាង​ពីព្រោះ​ដូច​បាន​លើក​ឡើង​រួច​ហើយថា ទីក្រុង​Pékin​មិន​អនុញ្ញាត​ជា​ដាច់ខាត​ឱ្យ​វៀតណាម​ក្លាយ​ជា​មហា​អំណាច​ឥណ្ឌូចិន​នៅ​កៀក​ជាប់​នឹង​ប្រទេស​ខ្លួន។ ម្យ៉ាង​ទៀត ពីព្រោះ​វៀតណាម​ដែល​មាន​សូវៀត​ជា​បង្អែក​កំពុង​នាំ​សូវៀត​ចូល​មក​ក្នុង​ឥណ្ឌូចិន ដើម្បី​ឡោមព័ទ្ធ​ចិន​ពី​ប៉ែក​ខាង​ត្បូងមក​វិញ។

ដើម្បី​សម្រេច​គោលដៅ​នេះ យុទ្ធសាស្រ្ត​អាទិភាព​របស់​ចិន គឺ​ពង្រឹង​សមត្ថភាព​យោធា​របស់​ពួក​ខ្មែរ​ក្រហម​ឡើង​វិញ​ដែល​បាន​បាក់​ទ័ព​និង​បាន​ទៅ​ជ្រក​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ជាក់​ស្តែង នៅ​ក្នុង​ពេញ​មួយ​ឆ្នាំ​១៩៧៩ ចិន​បាន​ចាយ​ប្រាក់​ប្រមាណ​ជិត​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រោះ ចិញ្ចឹម និង​បំប៉ន​ពួក​ខ្មែរ​ក្រហម​ឱ្យ​មាន​ជីវិត​ឡើង​វិញ។

នៅ​ក្នុង​បេសកកម្ម​ធ្វើ​ឱ្យ​ពួក​ខ្មែរ​ក្រហម​មាន​ដង្ហើម​ឡើង​វិញ​នេះ ថៃ​ជា​ដៃ​គូ​របស់​ចិន។ នេះ​គឺ​មក​ពី​ទីក្រុង​Bangkok យល់​ឃើញ​ថា វៀតណាម​ដែល​បាន​ចូល​កាន់កាប់​កម្ពុជា​គឺ​ជា​គ្រោះថ្នាក់​មួយ​ធំ​សម្រាប់​សន្តិសុខ​ផ្ទាល់​របស់​ប្រទេស​ថៃ។ គួរ​បញ្ជាក់​ថា ក្នុង​គោលដៅ​ចាប់​ដៃ​គ្នា​ជា​មួយ​ថៃ​ជួយ​ពួក​ខ្មែរ​ក្រហម ចិន​បាន​សម្រេច​ចិត្ត​ព្យួរ​ចោល​ភ្លាមៗ ជំនួយ​របស់​ខ្លួន​ដល់​បក្ស​កុម្មុយនិស្ត​ថៃ​ដែល​កាល​សម័យ​នោះ មាន​ជំរំ​ហ្វឹកហ្វឺន​និង​វិទ្យុ​ផ្សាយ​សម្លេង​នៅ​លើ​ទឹក​ដី​ចិន​តែ​ម្តង។ នៅ​ក្នុង​ពេញ​មួយ​ទសវត្សរ៍​ទី​៨០ សព្វាវុធ​ដែល​ចិន​ផ្តល់​ឱ្យ​ខ្មែរ​ក្រហម​សុទ្ធ​តែ​ឆ្លង​កាត់​តាម​ទឹក​ដី​ថៃ។ មិន​យូរ​ឡើយ និង​បណ្តើរៗ អាមេរិក​ដែល​បាន​ពួត​ដៃ​គ្នា​ជាមួយ​ចិន​ដើម្បី​ប្រឈមមុខ​នឹង​សូវៀតនៅក្នុងសង្គ្រាមត្រជាក់ ក៏​សុខ​ចិត្ត​ជួយ​ផ្តល់​ជំនួយ​ឱ្យ​ពួក​ខ្មែរ​ក្រហម​ដែរ។

យុទ្ធសាស្រ្ត​អាទិភាព​មួយ​ទៀត​របស់​ចិន គឺ​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​រណសិរ្យ​អន្តរជាតិ​មួយ​ប្រឆាំង​នឹង​ការ​កាន់កាប់​កម្ពុជា​ដោយ​វៀតណាម។ នៅ​ក្នុង​ន័យ​នេះ ចិន​បាន​អូស​ទាញ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ឱ្យ​មក​ជួយ​ឈឺឆ្អាល​បញ្ហា​នៃ​ប្រទេស​កម្ពុជា​ដែល​កាន់​កាប់​ដោយ​វៀតណាម​រណប​សូវៀត។ ដូច​គ្នា​អ៊ីចឹង​ដែរ បណ្តើរៗ​អាមេរិក ជប៉ុន​និង​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច​បាន​មក​ចុះចូល​ក្នុង​រណសិរ្យ​អន្តរជាតិ​មួយ​នេះ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​វៀតណាម ដើម្បី​រក្សា​​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិទុក​ឱ្យ​ខ្មែរ​ក្រហម​បន្ត​អង្គុយ និង​ដើម្បី​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ទាមទារ​ឱ្យ​វៀតណាម ​ដក​ទ័ព​ចេញ​ពី​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ។

ក្នុង​គោលដៅ​ផ្តួចផ្តើម​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​សកល​និង​ក្នុង​សម្លេង​តែ​មួយ​ទៅ​លើ​វៀតណាម​រណប​សូវៀត ចិន​និង​អាស៊ាន​គាំទ្រ​ដោយ​អាមេរិកថែម​ទាំង​បាន​បង្ខំ​សម្តេច​សីហនុ​និង​លោកតា ស៊ឺន សាន​ឱ្យ​ចូល​រួម​បង្កើត​ជាមួយ​ពួក​ខ្មែរ​ក្រហម​នូវ​រដ្ឋាភិបាល​ចម្រុះ​និង​និរទេស​មួយ​ទៀត​ផង។

យុទ្ធសាស្រ្ត​អាទិភាព​ចុង​ក្រោយ​មួយ​ទៀត​របស់​ចិន គឺ​ធ្វើ​យុទ្ធនាការ​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ដាក់​​វៀតណាម​ឱ្យ​នៅ​ឯកា​ និង​ដាក់​សម្ពាធ​ទៅ​លើ​សូវៀត​ឱ្យ​ឈប់​គាំទ្រ​វៀតណាម ដែល​កាន់កាប់​កម្ពុជា។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច​ភាគ​ច្រើន​ក្រោម​ការ​បញ្ចុះ​បញ្ចូល​ឬ​ក្រោម​ការ​បង្ខំ​របស់​ចិន​និង​របស់​អាមេរិក បាន​សុខ​ចិត្ត​គាំទ្រ​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដាក់​ទៅ​លើ​វៀតណាម​និង​ទៅ​លើ​របប​រដ្ឋកម្ពុជា​ដែល​គេ​ហៅ​ថា របប​ហេង សំរិន។

និយាយរួម ​រហូត​ដល់​ដើម​ទសវត្សរ៍​ទី​៩០ ចិន​មិន​ដែល​បោះបង់​ចោល​ខ្មែរ​ក្រហម​ឡើយ។ ចិន​បាន​ជួយ​ខ្មែរ​ក្រហម​ដើម្បី​យក​ឈ្នះ​ទៅ​លើ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​សេនា​ប្រមុខ​លន់ នល់។ ចិន​បាន​ជួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុល ពត។ ចិន​បាន​បន្ត​ជួយ​ពួក​ខ្មែរ​ក្រហម​ដែល​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដោយបាន​ផ្តល់​អាវុធ​ឱ្យ​ខ្មែរ​ក្រហម ដើម្បី​ធ្វើ​សង្គ្រាម​ទប់ទល់​នឹង​របប​រដ្ឋ​កម្ពុជា​គាំទ្រ​ដោយ​វៀតណាម​រណបសូវៀត។ ចិន​បានជួយ​ខ្មែរ​ក្រហម​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា។ ជាក់​ស្តែង ក្រោម​សម្ពាធ​របស់​ប៉េកាំង ពាក្យ​«ប្រល័យ​ពូជសាសន៍» ត្រូវ​បាន​លុប​ចោល​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

យ៉ាង​ណា​ក៏​ដោយ ជំនួយ​របស់​ចិន​ដល់​ពួក​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​១៩៩៣ ដោយសារ​តែ​ព្រឹត្តិការណ៍​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៩៣។

ចាប់​ពី​ឆ្នាំ​១៩៩៣​មក គេ​អាច​និយាយ​បាន​ថា កម្ពុជា​និង​ចិន​បាន​ឈាន​ជើង​ចូល​មក​ដល់​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​គ្នា។ ទំនាក់ទំនង​លែង​មាន​មូលដ្ឋាន​នៅ​លើ​ភាពស្និទ្ធស្នាល មិត្តភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​ដូច​សម័យ​មុន​ទៀត​ហើយ តែ​វា​អាស្រ័យ​ជាពិសេស​ទៅ​លើ​ផលប្រយោជន៍ ផលប្រយោជន៍​របស់​ប្រទេស​ចិន និង​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា។

គួរបញ្ជាក់ជាបឋមថា ក្នុងទសវត្សរ៍ទី៩០ ប៉ុន្មាន​ឆ្នាំ​ដំបូង ចិន​ក៏​ដូច​បណ្តាប្រទេស​ធំៗ​ដទៃ​ផ្សេងទៀតនៅក្នុងលោកដែរ មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ីន ប៉ិក(FUNCINPEC) ជាង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា។ មូលហេតុ​គឺ​មក​ពីទីក្រុងPékin ​យល់​ឃើញ​ថា កិត្យានុភាព​របស់​សម្តេចសីហនុ​និង​ទម្ងន់​របស់​FUNCINPEC​នៅ​លើ​ឆាក​នយោបាយ​កម្ពុជា អាច​ទប់ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល គួរំឭកឡើងវិញ ក្នុងនាមជាបក្សដឹកនាំរបបរដ្ឋកម្ពុជារហូតដល់ដើមទសវត្សរ៍ទី៩០ ជាសត្រូវរបស់ចិន។

យ៉ាង​ណា​ក៏​ដោយ បន្តិច​ម្តង​ៗ ដោយហេតុតែ​កម្សោយឥទ្ធិពល​របស់បក្ស​FUNCINPECនៅលើឆាកនយោបាយកម្ពុជា ទំនាក់ទំនង​មាន​លក្ខណៈ​កាន់​តែ​ល្អ​ឡើង​ជា​លំដាប់​និង​ដោយ ​ស្វ័យប្រវត្តិ​រវាង​រដ្ឋាភិបាល​កម្ពុជា​របស់លោក​ហ៊ុន សែន និង​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​របស់​ចិន និង​រវាង​បក្ស​កុម្មុយនិស្ត​ចិន​និងបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​បរិបទ​បែប​នេះ សព្វ​ថ្ងៃ ចិន​និង​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ជា​មិត្ត​ពិសេស​នឹងគ្នា ដូច​សម័យ​មុន​ៗ​ដែរ ដូច​កាល​សម័យ​សង្គម​រាស្ត្រ​និយម និង​ដូច​កាល​សម័យ​ខ្មែរ​ក្រហម​។ ​

ហេតុអ្វី​បាន​ជា​ចិន​បន្ត​ឱ្យ​តម្លៃ​ខ្លាំង​ម្ល៉េះ​ទៅ​លើ​ទំនាក់ទំនងជាមួយកម្ពុជា ហើយ​ហេតុ​អ្វី​បាន​ជា​រដ្ឋ​អំណាច​បច្ចុប្បន្ន​នៅ​ភ្នំពេញ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ងាក​ទៅ​ត្រូវ​គ្នា​ខ្លាំង​ឡើង​ៗ​ជាមួយ​ចិន​?

គួរ​គូស​បញ្ជាក់​ជា​បឋម​ថា ទោះ​ជា​ឥទ្ធិពល​នយោបាយ​របស់​វៀត​ណាម​ទៅ​លើ​ឥណ្ឌូចិន​ទាំង​​មូល​​បាន​​ថម​ថយ​ខ្លាំង​បើ​ប្រៀប​ទៅនឹង​សម័យ​ទសវត្សរ៍​ទី​៨០​ក៏​ដោយ ក៏​ចិន​នៅ​តែ​បន្ត​បារម្ភ​ចំពោះ​មហិច្ឆតា​ច្រំ​ដែល​របស់​វៀតណាម​ទៅ​លើ​កម្ពុជា​ឬ​ក៏​ទៅលើឡាវ​។ ដូច​ដែល​យើង​បាន​លើក​ឡើង​ខាង​ដើម​រួច​ហើយ​ថា សម្រាប់​ថ្នាក់​ដឹកនាំ​ទីក្រុង​Pékin ផែនការ​របស់​Ho Chi Minhក្នុង​ការ​ក្រសោប​យក​ឥណ្ឌូចិន​មក​កាន់កាប់​គឺ​ជា​គ្រោះថ្នាក់​មួយ​ធំ​ដែល​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​ប្រទេស​ចិន ពីព្រោះ​ធ្វើ​បែប​នេះ វៀតណាម​នឹង​ក្លាយទៅ​ជា​មហា​អំណាច​តំបន់​មួយ​នៅ​កៀក​ជាប់​នឹង​ប្រទេស​ចិន​តែ​ម្តង។

ម្ល៉ោះ​ហើយ សម្រាប់​ទី​ក្រុង​Pékin មិត្តភាព​ពិសេស​ជាមួយ​កម្ពុជា​ក្នុង​បច្ចុប្បន្នកាល​នេះ ក៏​ដូច​ក្នុង​អតីតកាល​ដែរ នៅ​តែ​ជា​កត្តា​ចាំបាច់​ដើម្បី​ពង្រឹង​ឯករាជភាព​របស់​កម្ពុជា និង​ដើម្បី​ខ្ទប់​កុំ​ឱ្យ​វៀតណាម​អាច​ក្លាយ​ជា​មហា​អំណាច​ឥណ្ឌូចិន​បាន​។

ដោយ​ឡែក គួរ​គូស​បញ្ជាក់​ថា ទោះ​​ជា​សង្គ្រាម​ត្រជាក់​បាន​រលត់​រលាយ​បាត់​ទៅ​ហើយ​ក្តី ក៏​ចិន​នៅ​តែ​សម្លឹង​ឃើញ​ថា កម្ពុជា​ជា​ទីតាំង​សំខាន់​មួយ​សម្រាប់​ផលប្រយោជន៍​របស់​ខ្លួន ជាពិសេស​នៅ​លើ​វិស័យ​យុទ្ធសាស្រ្ត។

គោលដៅធំ​របស់​ចិន​ក្នុង​គ្រា​បច្ចុប្បន្ន​ គឺ​កាត់​បន្ថយ​ឬ​ខ្ទប់​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​ក្នុង​ន័យ​នេះ ចិន​ចាត់ទុក​អាស៊ាន​ថា​ជា​ចន្ទល់​ភូមិសាស្រ្ត​នយោបាយ​មួយ​សំខាន់។ នៅ​ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ ចិន​ប្រហែល​ជា​ចង់​បំបែក​បំបាក់​អាស៊ាន ម្យ៉ាងគឺ​ដើម្បី​កុំ​ឱ្យ​អាមេរិក​មាន​បង្អែក​ខ្លាំង​ពេក​នៅ​ក្នុង​អង្គការ​តំបន់​មួយ​នេះ និង​ម្យ៉ាង​ទៀត គឺ​ដើម្បី​កុំ​ឱ្យ

​អាស៊ានក្រោមសម្លេងរួមតែមួយអាច​មាន​លទ្ធភាព​ទប់ទល់​នឹង​ខ្លួន​បាន​ក្នុង​ជម្លោះ​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាងត្បូង។

គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​នេះ​ហើយ ដែល​ថ្នាក់​ដឹក​នាំ​ចិនជា​បន្ត​បន្ទាប់ចាត់ទុកថា ​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ខ្លួន​និង​សមាជិក​អាស៊ាន​ចំនួន​ពីរ​យ៉ាង​តិច​នោះ​គឺ​កម្ពុជា​និង​ឡាវថា ជា​អាទិភាព​ចម្បង​មួយ។

ដោយ​ឡែក អ្វី​ដែល​ជំរុញ​ចិន​ឱ្យ​ចាប់​យក​កម្ពុជា​មក​ធ្វើ​ជា​សម្ព័ន្ធមិត្ត​សំខាន់​ជាង​គេ​បង្អស់​មួយនៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ផ្សេង គឺ​ភូមិសាស្រ្ត​នៃ​កម្ពុជា​តែ

​ម្តង។ កម្ពុជា​ជា​ច្រក​មួយ​សំខាន់​បើក​ចំហ​ទៅ​រក​ឈូង​សមុទ្រ​សៀម។ ពិត​មែន​ហើយ លក្ខណៈពិសេសនិង​សំខាន់​មួយ​នេះ​នៃ​ភូមិសាស្រ្ត​របស់​កម្ពុជា​មិនមែន​ជា​ប្រយោជន៍​យោធា​សម្រាប់​ចិន​ទេ ដ្បិត​រដ្ឋធម្មនុញ្ញ​ខ្មែរ​ហាម​មិន​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​ឡើយ​នៅ​លើ​ទឹក​ដី​កម្ពុជា។ តែ​ច្រក​ឈូង​សមុទ្រ​សៀម​ជា​ប្រយោជន៍​សម្រាប់​ចិន​ក្នុង​ការ​ដឹក​ឈើ​ទៅ​កាន់​ប្រទេស​ខ្លួន។ ​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០០២ ជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ហាម​ឈប់​ឱ្យ​កាប់​និង​លក់​ឈើ​ទៅ​បរទេស ចិន​បាន​ទិញ​ឈើ​ពី​កម្ពុជា​មិន​តិច​ទេ។ មិន​តែ​ប៉ុណ្ណោះ ចិន​ក៏​ច្បាស់​ជា​ចាប់​អារម្មណ៍​ខ្លាំង​ដែរ ទៅ​លើ​ការ​រុករក​ឃើញ​ប្រេង​កាត នៅ​ឈូង​សមុទ្រ​សៀម​ក្នុង​ដែន​ទឹក​កម្ពុជា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កម្ពុជា​វិញ ក៏​ទទួល​បាន​មិន​តិច​ទេ​ផល​ប្រយោជន៍​ពី​ប្រទេស​ចិន។ មាន​ជា​បឋម​ប្រយោជន៍​សេដ្ឋកិច្ច។ គួរ​គូស​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​ចិន​ជា​ប្រទេស​ដែល​ដាក់​ទុន​រក​ស៊ី​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​មក​ឱ្យ​កម្ពុជា​ច្រើន​ជាង​គេ។

ក្រុមហ៊ុន​រដ្ឋ​និង​ឯកជន​របស់​ចិន​ដី​គោក​មាន​ទម្ងន់​ខ្លាំង​នៅ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ គឺ​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ដែល​ប្រើ​ប្រាស់​ជំនួយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា ដើម្បីសាង​សង់​ឬ​ជួសជុល​ផ្លូវ​ជាតិ ផ្លូវ​ដែក ស្ពាន កំពង់​ផែ​ទឹក​ជ្រៅ ព្រម​ទាំង​ទំនប់​វារិ​អគ្គិសនី។ ជាក់​ស្តែង ផ្លូវជាតិ​លេខ​៧​ពី​ក្រចេះ​ទៅ​ដល់​ទល់​ដែន​ប្រទេស​ឡាវ ផ្លូវ​ជាតិ​លេខ​៨​ត​ភ្ជាប់​កម្ពុជា​ទៅ​វៀត​ណាម ផ្លូវ​ជាតិ​លេខ​៧៦​ទៅ​មណ្ឌល​គីរី ទំនប់​វារិអគ្គិសនី​គីរីរម​និង​ភ្នំ​កំចាយ ព្រម​ទាំង​កំពង់​ផែ​ទីក្រុង​ព្រះសីហនុ​សុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​ចិន។

ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អម្បាលម៉ាន​របស់​ចិន​នៅ​កម្ពុជា មិន​យូរ​មិន​ឆាប់ នឹង​ច្បាស់​ជា​ជួយ​អភិវឌ្ឍ និង​ជួយ​ពន្លឿន​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ពីព្រោះ​ផ្លូវ​ថ្នល់ ស្ពាន កំពង់ផែ និង​អគ្គិសនី សុទ្ធសឹង​ជា​សរសៃ​ឈាម​នៃ​មីក្រូ​សេដ្ឋកិច្ច​និង​ម៉ាក្រូ​សេដ្ឋកិច្ច។

ទន្ទឹម​នេះ គេ​ក៏​ត្រូវ​តែ​ហ៊ាន​និយាយ​ដែរ​ថា ការ​ជួយសាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ចិន​និង​ដោយ​ប្រើប្រាស់​ប្រាក់​ជំនួយ​របស់​ចិន បំផុស​ឱ្យ​មាន​បញ្ហា​បី​យ៉ាង។ ម្យ៉ាង គឺ​វា​មិន​ទាន់​បាន​ចូល​រួម​ចំណែក​ខ្លាំង​នៅ​ឡើយ​ទេ​ក្នុង​ការ​ជួយ​បង្កើត​ការងារ​ច្រើន​សន្ធឹក​សន្ធាប់​នៅ​កម្ពុជា ពីព្រោះ​សុទ្ធសឹង​ជា​គម្រោង​ធំៗ​ដែល​ត្រូវ​ការ​ក្រុម​វិស្វករ ក្រុម​អ្នក​បច្ចេកទេស និង​ក្រុម​កម្មករ​ជំនាញ​មក​ពី​ប្រទេស​ចិន​តែម្តង។ ម្យ៉ាង​ទៀត គម្រោង​អភិវឌ្ឍន៍​ភាគ​ច្រើន​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា គឺ​ជា​ប្រភព​នៃ​អធិករណ៍​ដី​ធ្លី​ ពីព្រោះ​ការ​សាង​សង់​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ទំនប់​វារិអគ្គិសនី សុទ្ធ​សឹង​ជា​គម្រោង​ធំៗ​ដែល​ស៊ី​ដី​ច្រើន​ ជាហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​និង​ដល់បរិស្ថាន។ ហើយ​ម្យ៉ាង​ចុង​ក្រោយ ជំនួយ​របស់​ចិន​ដល់​កម្ពុជា​ជា​ជំនួយ​គ្មាន​ល័ក្ខខ័ណ្ឌ​នយោបាយ ម្ល៉ោះ​ហើយ​ទន្ទឹម​នឹង​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជំនួយ​បែប​នេះ​របស់​ចិន​ក៏អាច​ជួយ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​ក្តាប់​អំណាច​រដ្ឋ​ដែរ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភូមិសាស្រ្តនយោបាយ

    កម្ពុជា ​និង​ចិន​ពី​ឆ្នាំ​១៩៥៥​រហូត​ដល់​ឆ្នាំ​១៩៧៩

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    កម្ពុជា​និង​ពួកកំពូល​មហា​អំណាច

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    តើ​នឹង​អាច​មាន​ទៅ​កើត​ទេ​សង្គ្រាម​រវាង​ចិន​និង​អាមេរិក?

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    ចម្បាំង​ត្រជាក់​រវាង​ចិន​និង​អាមេរិក​នៅ​អាស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ