ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/09 12h00 GMT
កម្ពុជា

អាល្លឺម៉ង់​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា

media  
អាល្លឺម៉ង់ @One World Nations Online

ក្រសួង​ការ​បរទេស​អាល្លឺម៉ង បាន​បញ្ជាក់​តាម​អ៊ីម៉ែល​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ សម្រេច​​​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស សម្រាប់​ដំណើរ​កម្សាន្ត​ឯកជន ដល់​សមាជិក​រដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុង​នោះ រួម​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក។ ចំណែក​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ថា ក្រសួង​កំពុង​ធ្វើ​ការ​តាម​ច្រក​ការ​ទូត​លើ​បញ្ហា​នេះ ដោយ​ត្រូវ​រង​ចាំ​សេច​ក្តី​ប្រកាស​ជា​ផ្លូវ​ការ​ចេញ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​សិន។

ទិដ្ឋាការ​ពិសេស ដែល​រដ្ឋាភិបាល​អាល្លឺម៉ង សម្រេច​​ផ្អាក​ផ្តល់​ជូន​ដល់​សមាជិក​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​នោះ បើ​ជា​ភាសា​អង់គ្លេស​គឺ «Preferential Visas Treatment» ។ ការ​ផ្អាក​ទិដ្ឋាការ​នេះ មាន​ន័យ​ថា គ្រប់​ដំណើរ​កម្សាន្ត​ឯកជន​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដូច​មាន​រៀប​រាប់​ខាង​លើ នឹង​លែង​ផ្តល់​ឲ្យ​ជា​ពិសេស​ហើយ គឺ​ផ្តល់​ដូច​អ្នក​ទេសចរ​ទូទៅ​ធម្មតា។​ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​ការ​ផ្តល់​ទិដ្ឋាការ ឬ វីស្សា​នេះ មិន​មែន​ជា​ការ​ផ្តល់​លក្ខណៈ​ពិសេស ពោល​គឺ​ជា​ការ​ធ្វើ​ភ្លាម​បាន​ភ្លាម ឬ​ធ្វើ​តែ​១​ថ្ងៃ​យក​នោះ​ទេ​ គឺ​នឹង​ផ្តល់​ឲ្យ​ដូច​ជន​សាមញ្ញ​ធម្មតា។ ជា​ទូទៅ តាម​ផ្លូវ​ការ​ទូត ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល តែង​តែ​មាន​សិទ្ធិ​ពិសេស រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់ លោក​ស្រី Susanne Beger-Blum បាន​ឆ្លើយ​ឆ្លង​តាម​អ៊ីម៉ែល​ថា ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ពី​ការ​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ពិសេស​នេះ ហើយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏បាន​នឹង​កំពុង​ជំរុញ​ឲ្យ​សហភាព​អឺរុប មាន​ចំណាត់​ការ​ណា​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ ជា​ចំណាត់​ការ​ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ខ្មែរ​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ឃុំ​ខ្លួន​មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​លោក​កឹម សុខា ការ​ផ្អាក​សកម្មភាព​នយោបាយ​របស់​មន្ត្រី​អតីត​បក្ស​ប្រឆាំង និង​ការ​រឹត​ត្បិត​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ជុំ សុន្ទរី មិន​បាន​បដិសេធ​ពី​រឿង​នេះ​នោះ​ទេ​ គ្រាន់​តែ​សុំ​មិន​អត្ថាធិប្បាយ​ច្រើន ដោយ​និយាយ​ថា ក្រសួង​ការ​បរទេស​កម្ពុជា កំពុង​ធ្វើ​ការ​តាម​ផ្លូវការ​ទូត ដោយ​ត្រូ​វរងចាំ​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ជា​មុន​សិន។

គួរ​រំឭក​ជូន​ថា កន្លង​មក​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​ណា​មួយ អំពី​ការ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ពិសេស​នេះ នៅ​ឡើយ​ទេ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​ដំបូង ដោយ​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៨​កុម្ភៈ ក៏​ប៉ុន្តែ ព័ត៌មាន​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ច្រាន​ចោល​ភ្លាមៗ នៅ​ថ្ងៃ​ដដែល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ