អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា​កំពុង​ដាក់​គោល​ដៅ​ទាក់​ទាញ​វិនិយោគិន​វៀត​ណាម​ឱ្យ​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀត​ណាម​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​។ គោល​បំណង​សំខាន់​មួយ​នៃ​គម្រោង​ដំណើរ​ទស្សន​កិច្ច​នេះ គឺ​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ចង់​ទាក់​ទាញ​វិនិ​យោគិន​វៀត​ណាម​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​។ ជា​ការ​កត់​សម្គាល់ វៀត​ណាម គឺ​ជា​ប្រទេស​មួយ​បន្ថែម​ទៀត​ដែល​កម្ពុជា​ចង់​ទាក់​ទាញ​វិនិ​យោគិន​មក​បន្ថែម ខណៈ​រដ្ឋា​ភិបាល​ធ្វើ​ការ​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ​ដោយ​សារភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។ 

វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង)
វិស័យសំណង់ក្នុងប្រទេសកម្ពុជា (រូបតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅ​តែ​ពី​ខិត​ខំ​ទាក់​ទាញ​វិនិយោគិន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា នៅ​ពេល​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ដាក់​គោល​ដៅ​បាញ់​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ដែល​ជា​ប្រទេស​ក្បែរ​ខាង​របស់​ខ្លួន​វិញ​ម្តង​។ នៅ​ខែ​កញ្ញា ខែ​ក្រោយ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​វៀត​ណាម ហើយ​គោល​បំណង​សំខាន់​នៃ​ដំណើរ​ទស្សកិច្ច​នេះ គឺ​ការ​ទាក់​ទាញ​វិនិយោគ​គិន​វៀត​ណាម​ឱ្យ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ចង់​បាន​វិនិយោគិន​វៀត​ណាម​បន្ថែម​ទៀត​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នេះ កើត​ឡើង​ស្រប​ពេល​សេដ្ឋកិច្ច​វៀត​ណាម​កំពុង​កើន​ឡើង​ខ្លាំង និង ធ្វើ​ឡើង​ខណៈ​ដែល​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង វៀត​ណាម​ក៏​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ ជាក់​ស្តែង កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-វៀតណាម គឺ​សម្រេច​បាន ៤.៧ ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ គឺ​បាន​កើន​ឡើង ២៤% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧​។

ចំណែក​នៅ​ក្នុង​ឆមាសទី១​ក្នុង​ឆ្នាំ​២០១៩​នេះ​វិញ កម្ពុជា និង វៀត​ណាម​សម្រេច​បាន​ទំហំ​ពាណិជ្ជ​កម្ម​ទេ្វ​ភាគី ចំនួន​២.៧៤ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​រំពឹង​ថា នឹង​សម្រេច​បាន​៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង​។ វៀត​ណាម​នាំ​ចូល​កម្ពុជា​នូវ​ផលិត​ផល​សំខាន់ៗ​ដូច​ជា ដែក និង​ដែក​ថែប ប្រេង​សាំង ផលិត​ផល​វាយ​នភណ្ឌ​និង​សម្លៀក​បំពាក់ និង​ផលិត​ផល​កសិកម្ម​ ដូច​ជា​ត្រីសាច់ និង​បន្លែ​ផ្លែ​ឈើ ព្រម​ជាមួយ​នឹង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​ជា​ច្រើន​ទៀត​។ រីឯ​កម្ពុជា​នាំ​ចេញ​ទៅ​វៀត​ណាម​វិញ មាន​ដូច​ជា គ្រាប់​ស្វាយ​ចន្ទី កៅស៊ូ ឈើ និង​ផលិត​ផល​ធ្វើ​ពី​ឈើ និង បន្លែ​ផ្លែ​ឈើ ជា​ដើម​

សូម​បញ្ជាក់​ថា វៀត​ណាម គឺ​ជា​ប្រទេស​វិនិយោគ​ធំ​ទី៥​របស់​កម្ពុជា​។ មក​ដល់​ពេល​បច្ចប្បន្ន​នេះ វៀត​ណាម​មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ចំនួន ២១៤ គម្រោង​ជាមួយ​ទឹក​ប្រាក់​ដែល​មាន​ដើម​ទុន​សរុប ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កម្ពុជា​មាន​គម្រោង​វិនិយោគ​ចំនួន ១៩ គម្រោង​នៅ​វៀត​ណាម​ដែល​មាន​ដើម​ទុន​សរុប ៦៣.៤២ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ នេះ​បើ​តាម​សារព័ត៌មាន​វៀត​ណាម​។

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​រំពឹង​ថា ​សម្រេច​បាន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​រង្វង់​៧,១​%​។ ​ប៉ុន្តែ ​នៅ​ក្នុង​ឆ្នាំ ​២០២០​ កំណើន​នេះ​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៦,៥​%​ វិញ​ ដោយសារ​តែ ​ដំណើរការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​។ ​ដំណើរ​ការ​ដក​ EBA​ ដែល​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា អាច​នឹង​ដាក់​សម្ពាធ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​។ នេះ​បើ​តាម​ការ​លើកឡើង​នៅក្នុង​សារាចរណ៍​ណែនាំ​ស្តីពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ថវិកា ​ឆ្នាំ ​២០២០​-២០២២ របស់​រដ្ឋា​ភិបាល​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ