អានតួអត្ថបទ
កម្ពុជា

GMAC ស្នើ លោក ហ៊ុន សែន ពិចារណា​ឡើង​វិញ ករណី​ចាប់​រថយន្ត​តទ្រុង​ធំៗ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពិចារណា​ឡើង​វិញ ចំពោះ​វិធានការ​​ចាប់​ឃាត់​ទុក ​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​មាន​សណ្តោង​វែងៗ ដែល​ជា​យុទ្ធនាការ​ទ្រង់​ទ្រាយ​​ធំ​នា​ពេល​ថ្មីៗ​នេះ។ ការ​សុំ​អន្តរាគមន៍​របស់GMAC នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ប្រកាស​ដាក់​ចេញ​វិធានការ​កណ្តាប់​ដៃ​ដែក និង​ព្រមាន​ដក​អភិបាល​ខេត្តនិង​អភិបាល​ស្រុក​ណា ដែល​បណ្តោយ​ឲ្យ​មាន​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ អ៊ឹង ប៊ុនថន

នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ចុះ​ថ្ងៃ​១៣​ខែ​កុម្ភៈ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​អះអាង​ថា GMAC បាន​ទទួល​នូវ​សេចក្តី​រាយការណ៍​ពី​សំណាក់​សមាជិក​ជា​ច្រើន​អម​ដោយ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធនឹង​បញ្ហា​រថយន្ត​ដឹក​ជញ្ជួនដែល​មាន​ប្រវែង​លើស​ពី​១៦​ម៉ែត្រ​និង​កុងតឺន័រ​ប្រវែង​៤៥​ហ្វីត។ កង្វក់​ដោយ​សារ​តែ​មាន​រថយន្ត​កុងតឺន័រ​ជា​ច្រើន​ត្រូវបាន​ឃាត់​ទុក​ដោយ​អាជ្ញាធរ នាំទៅ​ដល់​ការ​រាំង​ស្ទះ​នៃ​សង្វាក់​​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម សម្រាប់​ផលិត ក៏​ដូច​ជា​ការ​នាំ​ចេញ។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់GMAC។

បើ​តាម GMAC វិធានការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​បង្ក​ជាការ​គំរាម​កំហែង​ថ្មី​មួយទៀត​ដល់​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ​ស្បែក​ជើង និង​កាបូប ដែល​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​លើ​ទី​ផ្សារ​ពិភពលោក និង​ពេល​វេលា​ផលិត​ដែល​អ្នក​បញ្ជា​ទិញ​ដាក់​ឲ្យ​ដែល​កាន់​តែ​ខ្លី​ទៅៗ។ ហើយ​ថា​វិធានការ​តឹង​រឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​៥០%​នៃ​សកម្មភាព​នាំ​ចេញ-នាំ​ចូល​របស់​រោង​ចក្រ បើ​សិន​មិន​មាន​ជម្រើស​ណា​បណ្តោះ​អាសន្ន​។

​ផ្អែក​លើ​​ហេតុ​ផល​ទាំង​នេះ GMAC ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាត​ជា​បណ្តោះ​អាសន្ន​ឲ្យ​រថយន្ត​ដឹក​ជញ្ជួន​កុងតឺន័រ​៤០​ហ្វីត និង​៤៥​ហ្វីត ដែល​សណ្តោង​វែង​បំផុត​១៧​ម៉ែត្រ​ និង​រថយន្ត​សណ្តោង​រ៉ឺម៉ក់​ដឹក​កុង​តឺន័រ​៤៥​ហ្វីត មាន​កម្ពស់​៤,៥​ម៉ែត្រ​អាច​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​ដល់​កាល​កំណត់​ណា​មួយ។ ជាមួយ​គ្នា​នោះ GMAC ​ក៏​ស្នើ​ឲ្យ​មាន​ការ​កែ​សម្រួល​ប្រកាស​លេខ​១៨១៦​ កាល​ពី​ឆ្នាំ​២០១០ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​សម​ស្រប​តាម​និយាម​អន្តរជាតិ​ដែល​អាច​ឲ្យ​រថយន្ត​សណ្តោង​រ៉ឺម៉ក​សម្រាប់​កុង​តឺន័រ​ប្រវែង​៤០​ហ្វីត និង​៤៥​ហ្វីត​អាចធ្វើ​ចរាចរណ៍​បាន។

ជា​ការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជួន លោក វ៉ាសឹម សូរិយា ប្រាប់​វិទ្យុ​បារាំង​RFI​ថា អ្វី​ដែល​មន្រ្តី​ជំនាញ​ធ្វើ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​និង​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​មាន​ន័យ​អាច​មិន​មាន​ការ​កែ​ប្រែ​នោះ​ឡើយ។

បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​ ការ​ឃាត់​ទុក​រថយន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​ធ្វើ​តែ​ចំពោះ​រថយន្ត​ដែល​​កែ​ច្នៃ​ខុស​បច្ចេកទេស​ប៉ុណ្ណោះ។ ​ចំណែក​រថយន្ត​កុងតឺន័រ លោកថា ​ប៉ះ​ពាល់​តែ​៥%​ប៉ុណ្ណោះ ពោល​មិន​ប៉ះ​ពាល់​រហូត​ដល់​៥០%​ដូចGMAC លើក​ឡើង​នោះ​ទេ។ លោក វ៉ាសឹម សូរិយា បញ្ជាក់​បន្ថែម​ថា ក្រសួង​នឹង​ធ្វើ​ការ​ពន្យល់​តប​ទៅ​GMAC​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។
ទោះ​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​នៅ​ឡើយ​ទេ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខណៈ​GMAC ស្នើ​សុំ​ឲ្យ​លោក​ដែល​ជា​អ្នក​ដាក់​បទ​បញ្ជា ពិចារណា​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ