អានតួអត្ថបទ
កម្ពុជា

សមាគម​រោងចក្រ​បង្ហើប​ពី​គម្រោង​ប្តូរ​រថយន្ត​ដឹក​កម្មករ​បច្ចុប្បន្ន

សមាគម​រោង​ចក្រ​កាត់​ដេរ និង​រដ្ឋាភិបាល​កំពុង​តែ​គិត​គូរ​ពី​ការ​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​កម្មករ​បច្ចុប្បន្ន ដែល​ជា​រថយន្ត​ដឹក​ទំនិញ ទៅ​ជា​រថយន្ត​ដឹក​អ្នក​ដំណើរ​មាន​ដំបូល​ត្រឹម​ត្រូវ និង​អាច​ការពារ​គ្រោះ​ថ្នាក់​ដល់​កម្មករ។ នេះ​បើ​តាម​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)។ តំណាង​សហជីព​កម្មករ​ស្វាគមន៍​ចំពោះ​ការ​គិត​គូរ​នេះ។

រូបភាព​ចាស់៖ កម្មករ​កម្មការិនី​កម្ពុជា
រូបភាព​ចាស់៖ កម្មករ​កម្មការិនី​កម្ពុជា ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

លោក​កាំង ម៉ូនីកា អគ្គលេខាធិការង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា គម្រោង​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​កម្មករ​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​នឹង​ក្រសួង​ការងារ​នៅ​ឡើយ។ លោក​ម៉ូនីកា​ថា ការ​យក​រថយន្ត​ដឹក​ទំនិញ​មក​ដឹក​កម្មករ​គឺ​ខុស​ទៅ​នឹង​ច្បាប់​ចរាចរណ៍ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ខ្សត់​ខ្សោយ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អ្នក​សារព័ត៌មាន អគ្គលេខាធិការង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​បន្ថែម​ថា ការ​ផ្លាស់​ប្តូរ​នេះ គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ របស់​ម្ចាស់​រថយន្ត​បច្ចុប្បន្ន។ ប៉ុន្តែ​ពេល​នេះ​អន្តរ​ក្រសួង និង​ក្រុម​ការងារ​របស់​លោក កំពុង​ជជែក​ពី​លទ្ធភាព​ជួយ​ម្ចាស់​រថយន្ត​ឲ្យ​ប្តូរ​មក​ប្រើ​រថយន្ត ដែល​មាន​ដំបូល​ត្រឹម​ត្រូវ និង​អាច​ការពារ​គ្រោះ​ថ្នាក់​បាន។

លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី​ខៅ​ឌូ) បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គម្រោង​ផ្លាស់​ប្តូរ​រថយន្ត​នេះ គឺ​ជា​សំណើ​របស់​ភាគី​សហជីព ដែល​ស្នើ​ទៅ​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​កាល​ពី​២​ឆ្នាំ​មុន។ លោក​បន្ថែម​ថា​សំណើ​របស់​សហជីព​នៅ​ពេល​នោះ ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​គំរូ​រថយន្ត​សម្រាប់​ដឹក​កម្មករ​ពី​បណ្តា​រោងចក្រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

លោក​បញ្ជាក់​ថា​ការ​គិត​គូរ​ពី​ការ​ផ្លាស់​ប្តូរ​រថយន្ត​នេះ ក៏​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អ្នក​បញ្ជា​ទិញ​ដែរ។ លោក​បន្ថែម​ថា​គម្រោង​នេះ​គឺ​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មក​លើ​កម្មករ​ផ្នែក​កាត់​ដេរ​នៅ​កម្ពុជា។​

លោក​ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស)បាន​ឲ្យ​ដឹង​ថា​កន្លង​មក​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​ចេញ​លិខិត​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​កម្មករ​ទាំង​អស់​ប្តូរ​មក​ប្រើ​រថយន្ត​ដឹក​អ្នក​ដំណើរ​វិញ​ដែរ។ លោក​បញ្ជាក់​ថា​ចំនួន​រថយន្ត​ដឹក​ទំនិញ ដែល​ប្រើ​សម្រាប់​ដឹក​កម្មករ កាល​ពី​ឆ្នាំ​២០១៥ និង​២០១៦ មាន​តែ​២០​ភាគ​រយ ទៅ​៣០​ភាគ​រយ​តែ​ប៉ុណ្ណោះ ហើយ​នៅ​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ ប្រភេទ​រថយន្ត​ដឹក​កម្មករ​បែប​នេះ​បាន​ថយ​ចុះ។

បើ​តាម​លោក​ជាវ ប៊ុនរិទ្ធ ការ​ប្តូរ​មក​ប្រើ​រថយន្ត​ដឹក​អ្នក​ដំណើរ​វិញគឺដើម្បីគិតពីសុវត្ថិភាពធ្វើដំណើរ និងបញ្ហាសុខភាពរបស់កម្មករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ