ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ឲ្យ​និស្សិត​ឈប់​សម្រាក​៣​ថ្ងៃ​ដូច​កម្មករ​ដែរ ដើម្បី​ទៅ​បោះ​ឆ្នោត

media  
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជា​ទៅ​កាន់​ក្រសួង​អប់រំ​ឲ្យ​ចេញ​ប្រកាស​​ប្រាប់​ទៅ​តាម​សាកល​វិទ្យាល័យ​ទាំង​អស់ អនុញ្ញាត ឲ្យ​និស្សិត​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ និស្សិត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត។

ដូច​គ្នា​នឹង​កម្មករ​ដែរ និស្សិត​ទាំង​អស់​នៅ​តាម​សាកល​វិទ្យាល័យ​ទូទាំង​ប្រទេស​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០​ខែ​កក្កដា ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ។

លោក​ប្រមុខ​រដ្ឋាភិបាល បាន​គូស​បញ្ជាក់​ថា ការ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​និស្សិត​បាន​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​ដោយ​សារ​តែ​មើល​ឃើញ​ថា និស្សិត​មាន​ចំនួន​រាប់​ម៉ឺន​នាក់​មិន​តិច​ជាង​កម្មករ​ប៉ុន្មាន​នោះ​ទេ។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​និស្សិត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ​ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត​​នៅ​អាណត្តិ​ទី​៦​ខាង​មុខ​នេះ។ ភ្ជាប់​នឹង​រឿង​បោះ​ឆ្នោត​ លោក ហ៊ុន សែន ក៏​សង្ឃឹម​ថា រថយន្ត​ឈ្នួល​នឹង​មិន​ឡើង​ថ្លៃ​នោះ​ទេ។

ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​រាប់​ពាន់​នាក់​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្រ្តី បាន​បន្ត​ថ្លែង​បែប​ចំអក​ទៅ​កាន់​អតីត គណបក្ស​សង្រ្គោះ​ជាតិ​ដោយ​ចោទ​ជា​សំណួរ​ថា ​តើ​នរណា​ជា​អ្នក​បំផ្លាញ​ប្រជាប្រធិតេយ្យ​នៅ​កម្ពុជា?

តាម លោក ហ៊ុន សែន អ្នក​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ គឺ​ជា​អ្នក​ដែល​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ ចំណែក​រូប​លោក​យល់​ថា ​វា​គឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​មាន​គណបក្ស​នយោបាយ​រហូត​២០​ចូល​រួម​ប្រកួត។

សូម​បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​និស្សិត​ឈប់​សម្រាក​៣​ថ្ងៃ​ដើម្បី​ចេញ​ទៅ​បោះ​ឆ្នោត​នេះ គឺ​ដូច​គ្នា​កម្មករ​រោង​ចក្រ​កាត់​ដេរ ដែល​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​ឈប់​សម្រាក​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ឆ្នាំ​២០១៨៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ