រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើកលែងបំរាមហាមឃាត់សិទ្ធិធ្វើនយោបាយរបស់មន្រ្តីអតីតបក្សប្រឆាំង
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទនេះ បានចេញសេចក្តីថ្លែងការណ៍មួយស្តីជំហានបន្ទាប់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយនៅកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋសភា កំពុងពិនិត្យឡើងវិញ បទបញ្ញត្តិច្បាប់ ដើម្បីអនុញ្ញាតឱ្យបុគ្គលដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ អាចបន្តសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤២
រដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍កម្រាស់បីទំព័រ នៅថ្ងៃនេះ បានបញ្ជាក់ពីជំហរ និងជំហានចំនួន៥ដែលខ្លួននឹងអនុវត្ត ដើម្បីពង្រឹងបន្ថែមលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ។ បើតាមសេចក្តីថ្លែងការណ៍ រដ្ឋសភា កំពុងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិច្បាប់ ដើម្បីអនុញ្ញាតឱ្យបុគ្គលដែលត្រូវបានហាមឃាត់ពីនយោបាយ ដើម្បីបន្តសកម្មភាពនយោបាយរបស់ខ្លួនវិញ។ បុគ្គលទាំងនោះ ទំនងជា តំណាងរាស្រ្តអតីតសង្រ្គោះជាតិ ទាំង១១៨ នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ ចំនួន ៥ឆ្នាំ ក្រោយពីអតីតបក្សប្រឆាំង ត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
បើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាល បានលើកឡើងពីការប្តេជ្ញាចិត្ត លើកស្ទួយភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល គ្រប់ទិដ្ឋភាពទាំងអស់នៃការអភិវឌ្ឍសង្គម តាមរយៈការលុបចោលនូវតម្រូវការ ដើម្បីជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានរយៈពេល៣ថ្ងៃ ក្នុងការរៀបចំវេទិកា ឬសកម្មភាពនានា ,ការបង្កើតក្រុមការងារអន្ដរក្រសួងដើម្បីដោះស្រាយសំណើ និងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល រួមទាំងបញ្ហាពាក់ព័ន្ធនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ,និងការធ្វើវិសោធនកម្មច្បាប់ដែលបានស្នើ។
ទាក់ទងនឹងសិទ្ធិការងារ និងសហជីព រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិសម្រាប់ការពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងអង្គការពលកម្មអន្តរជាតិ។ ខណៈក្រសួងការងារ នឹងបង្កើតក្រុមការងារដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការវិជ្ជាជីវៈតំណាងនិយោជក និងនិយោជិក ព្រមទាំងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់សហជីព ហើយក្រុមការងារក៏នឹងធ្វើការពិគ្រោះយោបល់ដើម្បីប្រមូលយោបល់ពីភាគីពាក់ព័ន្ធដើម្បីកែលម្អច្បាប់សហជីព។
បើតាមសេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរថា ខ្លួនតែងតែយកចិត្តទុកដាក់ ដល់ការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ចំពោះករណីកាសែតខេមបូឌាដេលី អាចបន្តប្រតិបត្តិការរបស់ខ្លួន នៅពេលណាដែលបំណុលត្រូវបានដោះស្រាយ។ ដោយឡែកការិយាល័យតំណាងវិទ្យុអាស៊ីសេរី(RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) គឺមានសេរីភាពក្នុងការបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ចំណែកជំហានទី៥ ដែលរដ្ឋាភិបាល នឹងអនុវត្តដើម្បីពង្រឹងលទ្ធិប្រជាធិបេតយ្យនៅកម្ពុជា គឺការដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ នៅខេត្តកោះកុង និងព្រះវិហារ រួមនឹងជម្លោះដីធ្លីផ្សេងៗ ការចុះបញ្ជីដីធ្លីទូទាំងប្រទេស ដែលរួមមានសហគមន៍ជនជាតិដើមភាគតិច និងការផ្តល់ដីសម្បទានសង្គមកិច្ច ដីសម្រាប់ផលិតកម្មដល់ប្រជាជនគ្មានដីធ្លី។ រដ្ឋាភិបាលកម្ពុជា ស្វាគមន៍ការចូលរួមពីតំណាងសហភាពអឺរ៉ុប អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍មូលដ្ឋាន។
ជាការកត់សម្គាល់ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្លាក់មកជួនចំពេលដែលក្រសួងនីមួយៗ ចាប់ផ្តើមដាក់ចេញនូវវិធានការណ៍របស់ខ្លួនជាបន្តបន្ទាប់ដែរ។ ដូចយ៉ាង ក្រសួងមហាផ្ទៃ តាមរយៈលោក ស ខេង កាលពីចុងខែវិច្ឆិកា បានចេញសេចក្តីប្រកាស ដោយអនុញ្ញាតឱ្យ អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ អាចធ្វើសកម្មភាពបានដោយសេរី មិនចាំបាច់ជូនដំណឹងជាមុនទៅអាជ្ញាធរទៀតឡើយ។ ចំណែកក្រសួងការងារ កាលពីថ្ងៃទី២៩ វិច្ឆិកា ពោល គឺនៅក្រោយមួយថ្ងៃនៃការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំសហជីពនៅកម្ពុជា ផ្តល់របាយការណ៍អំពីសំណុំរឿងរបស់ខ្លួនមកកាន់ក្រសួងការងារ ឲ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីឲ្យក្រសួងរៀបចំដំណើរការនីតិវិធីជាមួយក្រសួងយុត្តិធម៌ក្នុងការពន្លឿន និងបញ្ចប់សំណុំរឿងរបស់ពួកគេឲ្យបានឆាប់រហ័ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ