អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​សញ្ជាតិ

កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ពិភាក្សា និង​អនុម័ត​លើ “សេចក្តី​ព្រាង​ច្បាប់​ថ្មីស្តី​ពី​សញ្ជាតិ ខណៈ​ច្បាប់​ចាស់​ដែល​កំពុង​ប្រើ​នោះ​មាន​អាយុ​កាល​២២​ឆ្នាំ​ហើយ។ បើ​តាម​រដ្ឋាភិបាល សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​តាក់​តែង​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​បី​គឺ​ ទី​មួយ​រក្សា​ទុក​នូវ​បទ​ប្បញ្ញតិ​ទំាង​ឡាយ​នៃ​ច្បាប់​ចាស់ ដែល​មាន​លក្ខណៈ​សម​ស្រប​ក្នុង​ការ​អនុវត្ត ទី​ពីរ​កែ​សម្រួល​ ឬ​លុប​ចោល​នូវ​បទ​បញ្ញត្តិ​ទំាង​ឡាយ ដែល​មិន​អាច​អនុវត្ត​បាន និង​ទី​បី​បន្ថែម​បទ​បញ្ញត្តិ​ថ្មី ឲ្យ​ស្រប​តាម​ការ​វិវត្ត​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​បច្ចុប្បន្ន។

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​សញ្ជាតិ
រដ្ឋាភិបាល​កម្ពុជា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​សញ្ជាតិ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សញ្ជាតិ​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​កិច្ចការ​សញ្ជាតិ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព សំដៅ​ធានា​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​ជាតិ។ លើស​ពី​នេះ​ទៀត សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ក៏​មាន​គោល​បំណង​ធានា​ការ​អនុវត្ត​ដែន​យុត្តាធិការ​របស់​កម្ពុជា ទៅ​លើ​រូប​វន្តបុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះ​បង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ឬ​នៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ។

ក្រៅ​ពី​នេះ​ទៀត ច្បាប់​សញ្ជាតិ​ថ្មី​នេះ មាន​គោល​ដៅ​កំណត់​អំពី៖ ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញ​លេញ ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍ ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម និង​ការ​បាត់​សញ្ជាតិ​ខ្មែរ។ នេះ​បើ​តាម​លោក ផៃ ស៊ីផាន​។

លោក​មេធាវី សុខ សំអឿន នៃ​ការិយាល័យ​មេធាវី​អម្រិន្ទ យល់​ថា​ច្បាប់​សញ្ជាតិ​ចាស់​មិន​បាន​ចែង​លម្អិត​ឬ​និយាយ​បាន​ថា មាន​លក្ខណៈ​ទូលាយ​ពេក​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ ទូលាយ​ពេក​ត្រង់​ថា​ច្បាប់​ចាស់​មិន​បាន​កំណត់​ឲ្យ​ជន​បរទេស ​ត្រូវ​តែ​ចេះ​អក្សរ​ខ្មែរ​កំរិត​ណា យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​កំរិត​ណា ទើប​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​នោះ​ទេ ដោយ​ទុក​សិទ្ធិ​ឲ្យ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​សម្រេច។ នេះ​ជា​ការ​លើក​ឡើង​របស់​មេធាវី​ជើង​ចាស់​រូប​នេះ។

សូម​បញ្ជាក់​ថា ច្បាប់​សញ្ជាតិ​ចាស់​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​តាំង​ពី​ខែ​តុលា​ឆ្នាំ​១៩៩៦ ដែល​២៣​មាត្រា ពោល​មាន​រយៈ​ពេល​ជិត​២២​ឆ្នំា​ហើយ។

មាត្រា​៨​នៃ​ច្បាប់​ចាស់​នោះ បាន​កំណត់​ថា ជន​បរទេស​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​គឺ​ត្រូវ​រស់​នៅ​កម្ពុជា​៧​ឆ្នាំ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ខ្មែរ ចេះ​និយាយ​ភាសាខ្មែរ ចេះ​អក្សរ​ខ្មែរ និង​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​មាត្រា​១២​ចែង​ថា ជន​បរទេស​ដែល​ធ្វើ​អំណោយ​​ថវិកា​ចំនួន​មួយ​ពាន់​លាន​រៀល​ឬ​២៥​ម៉ឺន​ដុល្លារ សម្រាប់​ប្រយោជន៍​សង្គម គឺ​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដែរ​ ដោយ​ត្រូវ​ភ្ជាប់​នឹង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ