រដ្ឋាភិបាលទំនងជាយកចិត្តទុកដាក់ពេញលេញ ខណៈឧស្សាហកម្មកាត់ដេរមានកម្មករជិត១លាននាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤០
មិនដល់មួយសប្តាហ៍ផង កម្មករ កម្មការិនីខ្មែរទទួលបានកាដូយ៉ាងសំបើមពីប្រមុខរដ្ឋាភិបាល។ ការទទួលបានកាដូនេះ បានធ្វើឡើងតាមរយៈ ការផ្តើមយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅលើកម្មករ និយោជិកនៃវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង។ ការទទួលបានដែលមិនធ្លាប់មាននេះ បានរាលដាលដល់កម្មករ និយោជិក ដែលបំរើការងារនៅវិស័យផ្សេងទៀត ក្រៅពីកាត់ដេរផងដែរ។
ជារៀងរាល់ឆ្នាំលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងមានកម្មវិធីជួបរួមគ្នាជាមួយនឹងសហជីព កម្មករ តែមួយលើកប៉ុណ្ណោះ ដែលមានការប្រមូលផ្តុំគ្នានៅមណ្ឌលកំសាន្តកោះពេជ្រ។ ផ្ទុយពីពេលកន្លងទៅ ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ បានដាក់កម្មវិធីជួបជាមួយកម្មករ និយោជិក ដល់ទៅពីរដងក្នុងមួយសប្តាហ៍ និងជួបសំណេះសំណាលផ្ទាល់ដល់រោងចក្រតែម្តង។
តាមរយៈកម្មវិធីជំនួបរវាងនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកាន់ អំណាច ជាមួយនឹង កម្មករ និយោជិក ជាពិសេសលើវិស័យកាត់ដេរ ដែលមានកម្មករជាង ៧សែននាក់នោះ ត្រូវបានអ្នកតាមដានសង្គមនិងនយោបាយមួយចំនួនមើលឃើញថា ជាយុទ្ធសាស្រ្តថ្មីរបស់ប្រមុខដឹកនាំគណបក្សកាន់អំណាច ដើម្បីស្វែងរកការគាំទ្រខាងនយោបាយ ខណៈលទ្ធផលនៃការបោះឆ្នោតកន្លងមករបស់បក្សកាន់អំណាច មិនសូវជាល្អទាល់តែសោះ។
បើមើលមួយភ្លែត សកម្មភាពរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាមើលទៅហាក់ស្របទៅនឹងអ្វីដែលមានការលើកឡើងខាងលើ ក៏ប៉ុន្តែជាទស្សនៈវិស័យ និងការមើលឃើញមួយជ្រុងផ្សេងទៀត ដែលទូលំទូលាយជាងនេះ ត្រូវបានបកស្រាយថាជាការយកចិត្តទុកដាក់ដល់កម្មករ និយោជិក លើវិស័យកាត់ដេរដោយផ្ទាល់ពីសំណាក់ប្រមុខរដ្ឋាភិបាល ខណៈដែលបញ្ហានិងលក្ខខណ្ឌការងារមួយចំនួន ដែលកម្មករនិយោជិក ប្រាថ្នាចង់បានហាក់ដូចជាមិនទាន់ពេញលេញនៅឡើយ។
អ្វីដែលជាការអបអរនោះគឺ ត្រឹមតែរយៈពេលមួយខ្លីប៉ុណ្ណោះ កម្មករ និយោជិក ជាពិសេសវិស័យកាត់ដេរ និងដេរស្បែកជើងទទួលបានកាដូជាច្រើន។ កាដូទាំងនោះគឺ ការជិះរថយន្តក្រុង រយៈពេល២ឆ្នាំដោយឥតគិតថ្លៃ បើទោះជាធ្វើដំណើរទៅធ្វើការឬមិនទៅកន្លែងធ្វើការក្តី។ កម្មការិនីទទួលបានការសម្រាកលំហែមាតុភាពរយៈពេល៣ខែនិងមានប្រាក់ឈ្នួល១២០% ដែលប្រសើរជាងច្បាប់។
លើសពីនេះ កម្មករ និយោជិក ដែលបំរើការងារលើវិស័យផ្សេងទៀត ក្រៅពីកាត់ដេរ ក៏ទទួលបានដែរនូវសេវាព្យាបាលនិងថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបាន ប្រាក់សោធននិវត្តន៍នៅថ្ងៃអនាគតទៀតផង។ នេះនៅមិនទាន់ គិតដល់អន្តរាគមន៍របស់រដ្ឋចំពោះតម្លៃទឹក ភ្លើង និងការហាមប្រាមផ្ទះជួលមិនឲ្យតម្លើងថ្លៃតាមប្រាក់ខែកម្មករជាដើម។ ក្រៅពីនេះ ក៏មានការលើកឡើងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិក មិនឲ្យទាបជាង១៦០ដុល្លារក្នុងមួយខែ ខណៈបច្ចុប្បន្នកម្មករមានប្រាក់ឈ្នួលត្រឹម១៥៣ដុល្លារ។
ជាទិដ្ឋភាពសង្គម ការទទួលបាននូវការយកចិត្តទុកដាក់ទាំងនេះ នឹងជួយច្រើនដល់ពលរដ្ឋខ្មែរ បើទោះណាជាការផ្តល់ជូននេះ ហាក់ដូចជាយឺតពេលបន្តិចក្តី។ ទោះយ៉ាងណាចំណុចទាំងអស់នេះ វានឹងជួយទៅដល់ពលរដ្ឋខ្មែរមានការគិតឡើងវិញ ពីលក្ខខណ្ឌការងារប្រសើរ ជាងមុន មុននឹងសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែលប្រថុយប្រថាន។
មួយវិញទៀត កាលណាកម្មករ និយោជិក មានប្រាក់ឈ្នួលសមរម្យ មានសេវាថែទាំសុខភាពដោយឥតគិតប្រាក់ និងមានការយកចិត្តទុកដាក់ផ្សេងៗទាក់ទងទៅនឹងការងារនិងជីវភាពរស់នៅរបស់ពួកគេ ធ្វើឲ្យភាពចំរូងចំរាស់ ដែលធ្លាប់តែកើតមានជាពិសេសនៅក្នុងវិស័យកាត់ដេរ ត្រូវបានកាត់បន្ថយ នឹងឈានទៅរកសុខដុមនីយកម្មវិជ្ជាជីវៈរវាងថៅកែរោងចក្រនិងកម្មករនិយោជិកយ៉ាងពិតប្រាកដ។
ទន្ទឹមគ្នានេះ អ្វីដែលរដ្ឋាភិបាលគួរមានការទប់ស្កាត់នោះគឺការឆ្លៀតឱកាសមួយចំនួន ក្នុងនោះមានការបង្កឲ្យមានវិទ្ធង្សនាសេដ្ឋកិច្ចណាមួយ ដែលធ្វើឲ្យតម្លៃទំនិញឡើងថ្លៃហួសពីសមត្ថភាពរស់នៅសមរម្យរបស់កម្មករ និយោជិក។ ការតម្លើងថ្លៃឈ្នួលផ្ទះមិនសមរម្យប្រដេញតាមប្រាក់ឈ្នួល ក៏ជារឿងមួយដែលគួរពិចារណាដែរ ដែលនេះចង់មិនចង់អាចប៉ះពាល់ដល់ កិច្ចប្រឹងប្រែងដែលរដ្ឋាភិបាលបានផ្តល់ឲ្យសម្រាប់កម្មករ និយោជិក។
ដូច្នេះ ការបង្ហាញពីការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅលើកម្មករ និយោជិកនៅពេលនេះ គេអាចនិយាយបានថាជាកាតព្វកិច្ចក្នុងឋានៈជាអ្នកកាច់ចង្កូតរដ្ឋាភិបាល។ ក៏ប៉ុន្តែទាំងអស់នេះ មែនទែនទៅគឺជាតម្រូវការចាំបាច់របស់កម្មករ ដែលបំរើការងារនៅក្នុងប្រទេសកំពុងអភិវឌ្ឍក្រោមបន្ទាត់ប្រាក់ឈ្នួលតិចតួចដូចជាកម្ពុជាបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ