អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ផ្សាយ​ពី​ការ​ទប់​ស្កាត់​ចលនា​បដិវត្តន៍​ពណ៌​តាម​រយៈ​សៀវភៅ​៧​ម៉ឺន​ក្បាល

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ អះអាង​ថា សៀវភៅ​«ស​» ចំនួន​៧​ម៉ឺន​ក្បាល ត្រូវ​បោះ​ពុម្ព​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ប្រកាស​ពី​ការ​ទប់​ស្កាត់​ចលនា បដិវត្តន៍​ពណ៌ ក្រោយ​ពី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​មិន​សូវ​ចូល​ចិត្ត​អាន​សៀវភៅ​ប្រភេទ​នេះ​ទេ ហើយ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ព្យាយាម​បក​ស្រាយ​ពី​វិធានការ​របស់​ខ្លួន​ដែល​រំលាយ​គណបក្ស​ប្រឆាំង​នោះ គឺ​ដើម្បី​ទប់​ទល់​នឹង​អ្នក​​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ​ជាង​៣​លាន​នាក់ និង​សហគមន៍​អន្តរជាតិ​ដែល​បន្ត​រិះគន់។​​

សៀវ​ភៅ​«ស​»កម្រាស់​១២២​ទំព័រ ស្តី​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា
សៀវ​ភៅ​«ស​»កម្រាស់​១២២​ទំព័រ ស្តី​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា @FB
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

នៅ​ក្នុង​សៀវ​ភៅ​«ស​»កម្រាស់​១២២​ទំព័រ ស្តី​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នោះ​ រដ្ឋាភិបាល បាន​ព្យាយាម​ការពារ​ចំណាត់​ការ​របស់​ខ្លួន ​ទៅ​លើ​គណបក្ស​ប្រឆាំង ​អង្គការ​ស៊ីវិល​និង​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​កន្លង​មក​នោះ​ថា​ជា​«ការ​ពង្រឹង​នីតិរដ្ឋ និង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​​»នៅ​កម្ពុជា។​

សៀវភៅ​ដដែល​នេះ ក៏​បាន​អះអាង​ថា ពី​ជោគ​ជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​ចលនា​បដិវត្តន៍​ពណ៌ តាម​រយៈ​ការ​រំលាយ​អង្គការ​ចាត់​តាំង​នយោបាយ ដោយ​វិធាន​ការ​ច្បាប់ ពោល​គឺ​ការ​ចាប់​ខ្លួន លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ លើស​ពី​នេះ​ទៀត សៀវភៅ​ក៏​បាន​កត់​ត្រា​ផង​ដែរ ​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល រួម​មាន NDI អាដហុក លីកាដូ ខុមហ្រ្វែល CISA និង​PDP ជាដើម គឺ​សុទ្ធ​សឹង​តែ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា​ជា​អ្នក​មាន​ទំនាក់​ទំនង​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង។ ចំណែក ការ​បិទ​កាសែត The Cambodia Daily វិទ្យុ​អាស៊ីសេរី និង​VOA ត្រូវបាន​រដ្ឋាភិបាល​ បក​ស្រាយ​ថា មកពី​ស្ថាប័ន​ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល​ទាំង​នេះ​មិន​គោរព​ច្បាប់​របស់​កម្ពុជា។

រាល់​ចំណាត់​ការ​ទាំង​ប៉ុន្មាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គូរ​ប្រជែង និង​អ្នក​រិះគន់​នោះ ត្រូវ​បាន​ពន្យល់​បក​ស្រាយ​នៅ​ក្នុង​សៀវ​​ភៅ​ស​ថា «គឺ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ធានា​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់​សង្គម​ និង​ការ​អភិវឌ្ឍ»​។ ក្រៅ​ពី​នេះ ក៏​មាន​ការ​រំលេច​ផង​ដែរ​​នូវ​ការ​ទទួល​ខុសត្រូវ​​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ដឹក​នាំ​ប្រទេស​ជាតិ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ដោយ​គោរព​តាម​គោល​ការណ៍​នីតិរដ្ឋ​ លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​​។

ក៏​ប៉ុន្តែ​លោក ​បណ្ឌិត មាស នី អ្នក​វិភាគ​ពី​បញ្ហា​សង្គម យល់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មិន​សូវ​ចូល​ចិត្ត​អាន​សៀវភៅ​ប្រភេទ​នេះ​ទេ ហើយ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ព្យា​យាម​បកស្រាយ​ពី​វិធានការ​របស់​ខ្លួនដែល​រំលាយ​គណបក្ស​ប្រឆាំង​នោះ គឺ​ដើម្បី​ទប់​ទល់​នឹង​អ្នក​​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ​ជាង​៣​លាន​នាក់ និង​សហគមន៍​អន្តរជាតិ​ដែល​បន្ត​រិះគន់។

បើ​តាម លោក មាស នី យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​បែប​នេះ គឺ​ចំណាយ​លុយ​ច្រើន តែ​មិន​សូវ​មាន​ប្រសិទ្ធិភាព​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ពី​បញ្ហា​នយោបាយ​បច្ចុប្បន្ន។

សូម​បញ្ជាក់​ថា ការ​ចេញ​សៀវភៅ«ស​»របស់អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នេះ គឺ​ធ្វើ​ឡើង​​ក្រោយ​អង្គភាព​ដដែល​នេះ បាន​ចេញ​វីដេអូ ​ស្តីពី ​ចលនា​បដិវត្តន៍​ក្នុង​ន័យ​ដូច​គ្នា​នេះ​ដែរ កាល​ពី​មុន​ថ្ងៃ​៧​មករា​ឆ្នាំ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ