អានតួអត្ថបទ
កម្ពុជា-សង្គម

​នាយក​រដ្ឋ​មន្ត្រី ​ពិចារ​ណា​បង្កើត​ក្រុម​មេធាវី​ជួយ​ស្ត្រី​ក្រី​ក្រ ​និង​ដាក់​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​លោក​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ទី១៨​មីនា​នេះ បាន​បង្ហាញ​ពី​គោល​បំណង បង្កើត​ក្រុម​មេធាវី​មួយ​ក្រុម ដើម្បី​ការពារ​ជន​រង​គ្រោះ​ដែល​ជា​ស្ត្រី​ក្រីក្រ​។ ការ​បង្ហាញ​ឆន្ទៈ​ចង់​បង្កើត​ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន ដូច្នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ចូល​រួម​ជា​អធិបតី នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០១៩ របស់ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រីនៅ​វិមាន​សន្តិភាព​។ 

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ផ្តល់​អនុសាសន៍​ចំនួន​១១​ចំណុច ទៅ​ដល់​ស្ថាប័ន អង្គភាព និង​អ្នក​ពាក់​ព័ន្ធ​នា​នា ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោកថា ដើម្បី​ជួយ​ស្ត្រី​រង​គ្រោះ​ទន់​ខ្សោយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព លោក​នឹង​ពិចារណា ក្នុង​ការ​បង្កើត«ក្រុម​មេធាវី​ការពារ​ក្តី» ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ផ្ទាល់​។

លោក​ធាវី សុខ សំអឿន ប្រធាន​ក្រុម​មេធាវី​អម្រិន្ទ សម្តែង​នូវ​ការ​គាំទ្រ ចំពោះ​ការ​ពិចារណា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​ការ​បង្កើត​ក្រុម​មេធាវី​នេះ ក៏​ប៉ុន្តែ​លោក​លើក​ជា​សំណួរ​ថា តើ​ក្រុម​មេធាវី​នេះ ធ្វើ​ការ​ដោយ​ឯករាជ្យ អព្យា​ក្រឹត្យ និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​គុណ​ភាព​កំរិត​ណា?

តាម​ការ​កត់​សម្គាល់ នៅ​ក្នុង​សំណុំ​រឿង​រដ្ឋ​ប្បវេណី ភាគី​ស្ត្រី​តែង​មាន​ការ​លំបាក​ និង​ខ្សោយ​ជាង​ភាគី​ម្ខាង​ទៀត នៅ​ក្នុង​ការ​តតាំង​រឿង​ក្តី​នានា ដោយ​សារ​តែ​ភាព​ក្រីក្រ ហើយ​ជា​ស្ត្រី​ទៀត ។ តាម​លោក​មេធាវី សុខ សំអឿន ស្ត្រីក្រីក្រ ដែល​មិន​យល់​ពី​បញ្ហា​ផ្លូវ​ច្បាប់ កន្លង​មក​តែង​ប្រឈម នឹង​ការ​ចាញ់​ក្តី​ច្រើន​ជាង​ភាគី​ម្ខាង​ទៀត​។ លោក​បញ្ជាក់​ថា នៅ​ក្នុង​រឿង​រដ្ឋប្បវេណី ភាគី​ស្ត្រី​ក្រីក្រ មិន​ត្រឹម​តែ​ត្រូវ​ការ​មេធាវី​ការពារ​ក្តី​នោះ​ទេ តែ​ថែម​ទាំង​ត្រូវ​ចំណាយ​ថវិកា​បង់​ពន្ធ​ថែម​ទៀត ដូច​ជា​នៅ​ក្នុង​សំណុំ​រឿង​ដីធ្លី​ជា​ដើម​។

ដោយ​ឡែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត ក៏​បាន​ចាប់​អារម្មណ៍​ពី​ការ​ពិចារណា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ​ពី​គម្រោង​បង្កើត​ក្រុម​មេធាវី​នេះ ថា​ជា​គោល​គំនិត​ល្អ ជួយ​ដល់​ស្ត្រី​ក្រី​ក្រ ដែល​មាន​បញ្ហា​លំបាក​ខាង​ផ្លូវ​ច្បាប់ ហើយ​មិន​មាន​ថវិកា​។ ក៏​ប៉ុន្តែ​បញ្ហា​នេះ​ក៏​មាន​ការ​បារម្ភ​ដូច​គ្នា​ដែរ ពី​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ