អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​រដ្ឋាភិបាល​កម្ពុជា​ និង​សង្គម​ស៊ីវិល​ខ្លះ ​មិន​សូវ​ត្រូវ​គ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​ក្លាយ​ទៅ​ជា​តួ​អង្គ​​យ៉ាង​សំខាន់​ ក្នុង​ការ​រួម​ចំណែក​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ។ ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយ​ចំនួន មិន​សូវ​ត្រូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​ទេ​ ដោយ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ និង​បញ្ហា​នយោបាយ​ជា​ដើម​។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួប​ជុំ​គ្នា​ក្នុង​ការ​គាំ​ទ្រ​​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​ច្បាស់​លាស់​នៅ​កម្ពុជា​។
ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួប​ជុំ​គ្នា​ក្នុង​ការ​គាំ​ទ្រ​​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​ច្បាស់​លាស់​នៅ​កម្ពុជា​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​។ អង្គការ​សង្គម​ស៊ីវិល​ក៏​ដូច្នោះ​ដែរ​។ តួ​នាទី​របស់​សង្គម​ស៊ីវិល គឺ​ការពារ​ផល​ប្រយោជន៍​​ពលរដ្ឋ និង​ផល​ប្រយោជន៍​សាធារណៈ។ មាន​តួ​នាទី​ដូច​គ្នា រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល គួរ​តែ​ចាប់​ដៃ​គ្នា​ធ្វើ​ការ។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ នៅ​កម្ពុជា ទំនាក់​ទំនង​រវាង​ស្ថាប័ន​ទាំង​ពីរ​ដែល​មាន​តួ​នាទី​ដូច​គ្នា​នេះ បែរ​ជា​ជួប​ភាព​រកាំ​រកូស​យ៉ាង​ខ្លាំង​។

កន្លង​មក រាជ​រដ្ឋាភិបាល បាន​បង្ហាញ​ពី​និន្នាការ​មិន​ត្រូវ​គ្នា​ជាមួយ​សង្គម​ស៊ីវិល​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជា​រឿយ​ៗ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​របស់​អង្គការ​សង្គម​ស៊ីវិល​។ ក្រៅ​ពី​នោះ ​អាជ្ញាធរ​ ជា​រឿយ​ៗតែង​តែ​ប្រើ​អំណាច​របស់​ខ្លួន រំខាន​ការងារ និង​ការ​ជួប​ជុំ​នានា​របស់​សង្គម​ស៊ីវិល​។ ការ​រំខាន​ទាំង​នោះ​ស្ដែង​ចេញ​តាម​រយៈ​ការ​រឹត​ត្បិត ការ​ហាម​ឃាត់ ការ​ពង្រាយ​កម្លាំង​ព័ទ្ធ​ និង​ពេល​ខ្លះ ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​ថែម​ទៀត​ផង​។ ការ​តស៊ូ​មតិ ការ​សម្ដែង​ទស្សនៈ ព្រម​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល តែង​តែ​ត្រូវ​បាន​រឹត​ត្បិត​ដោយ​រាជ​រដ្ឋា​ភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន មាន​សកម្មភាព​ដូច​ជា​គណបក្ស​ប្រឆាំង ដែល​តែង​តែ​រិះគន់​ ដើម្បី​សុំ​ជំនួយ​បន្ថែម​ពី​បរទេស​តែ​ប៉ុណ្ណោះ​។

ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ក៏​កម្រ​បង្ហាញ​ពី​ភាព​ជឿ​ទុក​ចិត្ត​របស់​ខ្លួន ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូច​គ្នា​ដែរ​។ ប្រតិកម្ម​ខ្លាំង​ៗ ការ​រិះ​គន់ និង​ការ​មិន​ចូល​រួម​របស់​សង្គម​ស៊ីវិល​ជាមួយ​អាជ្ញាធរ តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​។ ទាំង​នេះ​បាន​បង្ហាញ​ពី​ភាព​ចុះ​ខ្សោយ​នៃ​ទំនាក់​ទំនង ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។

មែន​ទែនទៅ អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចូល​រួម​ធ្វើ​ឲ្យ​ប្រសើរ និង​កាត់​បន្ថយ​នូវ​វិសមភាព ក៏​ដូច​ជា​ភាព​ក្រីក្រ​របស់​ប្រទេស​។ អង្គការ​សង្គម​ស៊ីវិល ជា​តួ​អង្គ​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​ប្រទេស​។ ហើយ​រដ្ឋាភិបាល គឺ​ជា​ភាគី​ដែល​ត្រូវ​បំពេញ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​មាន​បរិយាកាស​អំណោយ​ផល​សម​ស្រប​ដល់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា និង​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​។

សំណួរ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​កិច្ច​សហការ​ដ៏​ប្រសើរ​មួយ មិន​ដែល​កើត​ឡើង​សោះ ​រវាង​អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច? ហេតុ​អ្វី​បាន​ជា​ភាគី​ទាំងនេះ តាំង​ខ្លួន​ជា​សត្រូវ​នឹង​គ្នា ទាំង​ដែល​មាន​គោល​ដៅ​រួម​គ្នា​តែ​មួយ គឺ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​?

ប្រសិន​បើ​គេ​ពិត​ជា​ចង់ចូល​រួមអភិវឌ្ឍ​ប្រទេស ឬ​ចូល​រួម​​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​មែន​នោះ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល អាច​ជួប​ប្រជុំ​ទល់​មុខ​គ្នា ស្ដាប់​គ្នា និង​ពិភាក្សា​គ្នា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​។ នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​អាជ្ញាធរ​ចូល​ចិត្ត​ស្ដាប់​តែ​ពាក្យ​ពិរោះ​ពិសារ ការ​បរិហារ​រិះគន់ ព្រម​ទាំង​ការ​ធ្វើ​បាតុកម្ម​តវ៉ា ហាក់​ដូច​ជា​មិន​បាន​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​អ្វី​ទេ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ក្ដៅ​ក្រហាយ និង​ពន្យឺត​ពន្យារ​ពេល​ការ​ដោះ​ស្រាយ​បញ្ហា​តែ​ប៉ុណ្ណោះ​។ ភាគី​ទាំង​សង​ខាង គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាមួយ​គ្នា ចៀសវាង​ប្រកាន់​ទិដ្ឋិ​ជាប់​ជានិច្ច​ថា មាន​តែ​ខ្លួន​ទេ ដែល​យល់​ត្រូវ និង​ធ្វើ​ត្រូវ​ជាង​គេ​។

ការ​រក​ឲ្យ​ឃើញ​ភាពជា​ដៃគូ​រវាង​សង្គម​ស៊ីវិល​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស។ ភាព​ទន់​ភ្លន់​និង​ការ​សម្រប​សម្រួល​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​គន្លឹះ​ដើម្បី​សម្រេច​គោលដៅ​នេះ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល ដែល​អះ​អាង​ថា​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ដូច​គ្នា តែ​បែរ​ជា​តាំង​ខ្លួន​ជា​គូ​បដិបក្ខ បន្ត​ទៀត​នោះ ​វា​គឺ​ជា​បរាជ័យ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

ត​ទៅ​នេះ ដល់​ពេល​ហើយ​ដែល​អង្គការ​សង្គម​ស៊ីវិល និង​រាជ​រដ្ឋា​ភិបាល ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបទ​នៃ​ការ​ធ្វើ​ការ​របស់​ខ្លួន ហើយ​ងាក​មក​ពួត​ដៃ​គ្នា​ធ្វើ​ការ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។ ប្រសិន​បើ​ សង្គម​ស៊ីវិល​និង​អាជ្ញាធរ នៅ​តែ​គ្មាន​កិច្ច​សហការ​ល្អ​ប្រសើរ​រវាង​គ្នា​ទេ នោះ​បញ្ហា​ប្រទេស​ជាតិ​រាប់​រយ​ជំពូក​ដែល​នៅ​សេស​សល់ ក៏​ប្រហែល​ជា​មិន​អាច​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ