អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ និង​ សហជីព​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ​ផ្សេង​គ្នា

ថ្ងៃ​សុក្រ​ទី​០១ ​ឧសភា​នេះ​ គឺ​ជា​ទិវាពលកម្ម​អន្តរជាតិ​១​ឧសភា។ ​ដូចការ​គ្រោង​ទុក​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​កម្មវិធី​ជួបជុំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ​លើក​ទី​១២៩​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភា​នេះ ​នៅ​ទីស្តីការ​​ក្រសួង​។​ ​ចំណែក​សហជីព​កម្មករ​វិញ​ ក៏​បាន​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​ដែរ​ ដោយ​ខ្លះ​ធ្វើ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ​និង​ ខ្លះទៀត​ធ្វើ​នៅ​ពី​មុខ​រដ្ឋសភា។

កម្មករប្រមូលផ្តុំគ្នា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​១២៩ ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភាឆ្នាំ២០១៥នេះ។
កម្មករប្រមូលផ្តុំគ្នា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​១២៩ ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភាឆ្នាំ២០១៥នេះ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ព្រឹក​ព្រលឹម​ កម្មករ​ កម្មការិនី​ជា​ច្រើន​រយនាក់​ដែល​ដឹកនាំ​ដោយ​សហភាព​ការងារ​កម្ពុជា​ បាន​ដង្ហែរ​ក្បួន​ និង​ជួបជុំ​គ្នា​នៅ​ពី​មុខ​រដ្ឋសភា​ជាតិ​ ដើម្បី​ស្រែក​ទាមទារ​ និង​សំណូមពរ​ពី​បញ្ហា​ការងារ​មួយ​ចំនួន​ដល់​រដ្ឋសភា។ ​ក្រុម​កម្មករ​ទាំង​នោះ​ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ និង​រដ្ឋសភា​ជាតិ​ជំរុញ​និយោជិត​ធ្វើការ​ចរចា​ឡើង​វិញ​ ដើម្បី​ដម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​១៧៧ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ជូន​កម្មករ​និយោជិត​ វិស័យ​កាត់ដេរ​ និង​ដេរស្បែក​ជើង។ ​ក្រុម​កម្មករ​ ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្សេង​ៗ​ និង​ ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ផងដែរ។ ​ជាមួយ​នឹង​ការ​ស្រែក​ទាមទារ​នេះ​ ក្រុម​កម្មករ​ ក៏​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ថែម​ទៀត។

ក្រៅ​ពី​ការ​ជួបជុំ​ដែល​ដឹកនាំ​ដោយ​លោក​អត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​នេះ​ ក៏​បាន​មាន​សហជីព​ផ្សេង​ទៀត​បាន​រៀបចំ​ការ​ជួបជុំ​ដូចគ្នា​នេះ​ដែរ។ ​លោកប៉ាវ ​ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ដឹកនាំ​កម្មករ​ កម្មការិនី​ជា​ច្រើន​នាក់​ជួបជុំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ ថ្ងៃ​១​ឧសភា ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក៏​មិន​ខុស​គ្នា​ដែរ​ សហជីព​សុទ្ធតែ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ត​គិតគូរ​ពី​ការ​ដម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ កម្មការិនី។ ​ចំណែក​លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ដឹកនាំ​កម្មករ​ អ្នក​រត់​ម៉ូតូឌុប​ និង​យុវជន​ជួបជុំ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ និង​ បាន​បន្ត​ហែរក្បូន​ដាក់ញត្តិ​ក្រសួង​ការងារ​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ។

ដោយ​ឡែក ​រដ្ឋាភិបាល​កម្ពុជា​វិញ​ ចំពោះ​ថ្ងៃ​ពិសេស​នេះ​ ក៏​មិន​បាន​នៅ​ស្ងៀម​នោះ​ដែរ។ ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​អង្គការ​វិជ្ជាជីវៈ​កម្មករ​និយោជិត​ និយោជក​ អង្គការ​អន្តរជាតិ​ខាង​ការងារ​ ( ILO ) ​និង​អង្គការ​សង្គម​ស៊ីវិល​។ នៅ​ក្នុង​ពិធី​ជួបជុំ​នេះ ​ក្រសួង​ការងារ​ បាន​បើក​ទូលាយ​ឲ្យ​អ្នក​ដែល​ចូលរួម​បង្ហាញ​ពី​បញ្ហា​កង្វល់​ និង​ សំណូមពរ​ផ្សេង​ៗ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ ដើម្បី​ឆ្លើយ​បំភ្លឺ​ និង​ដោះស្រាយ​ជូន។ ​បន្ថែម​លើ​នេះ​ ក្រសួង​ក៏​បាន​រៀបចំ​ឲ្យ​មាន​វេទិកា​ប្រឡង​ជ្រើសរើស​កម្មការិនី​សម្រស់​ឯក​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ