អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​ហាម​លក់​ដូរ​និង​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត

ការ​លក់​ដូរ​និង​ពិសារ​គ្រឿង​ស្រវឹងក្នុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំយ៉ាង​ដូច្នេះ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ឡើង​ក្នុង​បរិយាកាស​ល្អ សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា​។ នេះ​បើ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​០៦​កក្កដា​។

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ​។
ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ​។ AKP
ផ្សាយពាណិជ្ជកម្ម

ជាង​២០​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ជាតិ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៦​កក្កដា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេសដែល​រស់​នៅ​កម្ពុជា ​មិន​ឲ្យ​​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត​។ ពោល​គឺ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​កក្កដា​។ ព្រម​ពេល​ជា​មួយ​គ្នា​ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​អំពាវ​នាវ​នៅ​ក្នុង​សេចក្តីណែនាំ​របស់​ខ្លួន​​ ទៅ​ដល់​អ្នកលក់​ដូរ​គ្រឿង​ស្រវឹង​ទាំង​ឡាយ​ ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន​នៅ​ថ្ងៃ​នោះ​ផង​ដែរ។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា សេចក្តី​ណែនាំ​​សុំផ្អាក​លក់​ និង​ពិសារ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មុន​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​នោះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​អំពើហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​សង្គម និង​បាតុភាព​នានា​ដែល​បណ្តាល​មក​ពី​​ការ​ពិសារ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។ ដើម្បី​ឲ្យ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ០៦កក្កដា​​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ លោក​នាយក​រដ្ឋមន្ត្រី ​បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ​អនុវត្ត​សេចក្តី​ណែនាំ​នេះ ដោយ​ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

ជា​ការ​កត់​សម្គាល់​ នេះមិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​អំពាវនាវ​កុំ​ឲ្យ​លក់​និង​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ​ស ក៏​ដូច​ជា​ថ្ងៃ​បោះ​ឆ្នោត​។ កាល​ពី​ថ្ងៃ​ទី​០៥​កក្កដា​កន្លង​ទៅ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​កណ្ដាល លោក ហ៊ុន សែន ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ផ្ទាល់​មាត់​ក្នុង​ខ្លឹមសារ​ដូច​គ្នា​នេះ​ដែរ​។ លោក​ថា ការ​អំពាវនាវ​ដូច្នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​នានា​។

សូម​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ជិត​៨​លាន៤សែន​នាក់ ​នឹងត្រូវ​​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី២៩​ ខែកក្កដា​​ខាងមុខ​នេះ។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​ចំនួន​២០​​ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​យក​អាសនៈ​តំណាងរាស្ត្រ ចំនួន​១២៥​នៅ​ទូទាំង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ