អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​៖ ទោះ​ជា​កម្ពុជា​ក្រ​យ៉ាង​ណា ក៏​មិន​ដល់​ថ្នាក់​លក់​ទឹក​ដោះ​ម្ដាយ​ដែរ!

«ទោះ​ជា​កម្ពុជា​ក្រ​យ៉ាង​ណា ក៏​មិន​ដល់​ថ្នាក់​លក់​ទឹក​ដោះ​ម្ដាយ​ដែរ!»។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៨​មីនា​នេះ​។ ការ​បញ្ជាក់​របស់​រាជរដ្ឋាភិបាល​​ដូច្នេះ ធ្វើ​ឡើងតប​តាម​សំណើ​របស់​​ក្រសួង​សុខាភិបាល សុំ​ការ​សម្រេច​​ចំពោះ​ករណី​នាំ​ចេញ​ទឹក​ដោះ​ម្ដាយ​ពី​កម្ពុជា ទៅ​លក់​បន្ត​នៅ​បរទេស​។

ម្ដាយ​បំបៅកូន​ដោយទឹក​ដោះ។
ម្ដាយ​បំបៅកូន​ដោយទឹក​ដោះ។ @Helen Keller International
ផ្សាយពាណិជ្ជកម្ម

 
រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ទិញ​និង​នាំ​ចេញ​ទឹក​ដោះ​ម្ដាយ​ពី​កម្ពុជា​ទេ​។ នៅ​ក្នុង​លិខិតផ្ញើ​ទៅ​កាន់​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​​ លោក ង៉ោ ហុងលី រដ្ឋលេខាធិការ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី បាន​តម្រូវ​ឲ្យ​ក្រសួង​សុខាភិបាល ចាត់ការ​ទប់ស្កាត់​ជា​បន្ទាន់ ចំពោះ​ការ​ប្រមូល​ទិញ និង​នាំ​ចេញ​ទឹក​ដោះ​ម្ដាយ​ពី​កម្ពុជា​។ លិខិត​ដដែល​សង្កត់​ធ្ងន់​ថា បើ​ទោះ​បី​ជា​កម្ពុជា​ក្រ​លំបាក​យ៉ាង​ណា ក៏​មិន​ដល់​កម្រិត​លក់​ទឹក​ដោះ​ម្ដាយ​ដែរ​។

គួរ​ជម្រាប​ជូន​ថា ការ​បញ្ជាក់​របស់​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ ធ្វើ​ឡើងតប​តាម​សំណើរបស់​​ក្រសួង​សុខាភិបាល ​​សុំ​ការ​សម្រេច​​ចំពោះ​ករណី​នាំ​ចេញ​ទឹក​ដោះ​ម្ដាយ​ពី​កម្ពុជា ទៅ​លក់​បន្ត​នៅ​សហរដ្ឋ​អាមេរិក ដោយ​ក្រុមហ៊ុន គុណមាតា ដែល​មា​នឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​ហៅ​ថា Ambrosia Labs​។

ក្រុមហ៊ុន Ambrosia Labs គឺ​ជា​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ទឹក​ដោះម្ដាយ​ពី​ស្ដ្រី​ខ្មែរ​ក្រីក្រ ក្នុង​តម្លៃ​ប្រមាណ​២ពាន់​៥រយ​រៀល សម្រាប់​បរិមាណ​៣០​មីល្លីលីត្រ ហើយ​​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​អាមេរិក ក្នុង​តម្លៃ​២០​ដុល្លារ សម្រាប់​បរិមាណ​១៤៧​មីល្លីលីត្រ​។

មូលនិធិ​របស់​អង្គការ​សហប្រជាជាតិសម្រាប់​កុមារ UNICEF កាល​ពីសប្ដាហ៍​មុន​នេះ បាន​ចេញ​មុខ​ថ្កោលទោស​ក្រុមហ៊ុន Ambrosia Labs ដែល​ធ្វើ​អាជីវកម្ម​លក់​ទឹក​ដោះ​ម្ដាយ ពី​ស្ដ្រី​ក្រីក្រ​ខ្មែរ ទៅ​ អាមេរិក​។ អ្នក​នាំ​ពាក្យ​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ថា បរិមាណ​លើស​នៃ​ទឹកដោះ​ម្ដាយ គួរ​តែ​រក្សា​ឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​អាគ្នេហ៍ ដែល​ទារក​ជាច្រើន​កំពុង​ខ្វះ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ទឹក​ដោះ​ស្ដ្រី​ក្រីក្រ​ខ្មែរ ​មិន​គួរ​ណា​ត្រូវ​គេ​យក​ទៅ​លក់ សម្រាប់​តែ​ប្រាក់​ចំណេញ​និង​គោល​បំណង​អាជីវកម្ម​សោះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ