អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការគ្រប់គ្រងបុគ្គលិកនៃអង្គភាពជំនាញថ្នាក់ក្រោមជាតិត្រូវធ្លាក់ទៅលើគណៈអភិបាល

ដើមឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជា​​បាន​​សម្រេ​ច​​ផ្ទេរ​​ការ​​គ្រប់​គ្រង​​បុគ្គលិក​នៃ​អង្គភាព​ជំនាញ​នៅ​តាម​​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ទៅ​​ឲ្យ​​រដ្ឋ​បាល​ថ្នាក់​​ក្រោម​ជាតិ​​ជា​​អ្នក​​តែង​តាំង​ ឬ​បញ្ចប់​​មុខ​​តំណែង របស់​មន្ត្រី នៅ​តាម​មន្ទីរ ឬ​អង្គភាព និង​​ការិយាល័យ​ជំនាញ​នានា​​នៃ​ក្រសួង​​ដែល​​បំពេញ​​មុខ​ងា​រ​ថ្នាក់​​ក្រោម​ជាតិ​។ ទាក់ទងរឿងនេះ ​អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​​ការ​​ផ្នែក​​តម្លាភាព​​សង្គម បាន​សារទ​រ​ចំពោះ​​ការ​សម្រេច​​ថ្មី​នេះ ​តែ​បារម្ភ​ថា​​នឹង​មានបញ្ហា​​អំពើ​ពុក​រលួយ​​និង​​បក្សពួកនិយម​​កាន់តែ​​ច្រើន​​ឡើង​​។

មន្រ្តីរាជការសាលារាជធានីភ្នំពេញ
មន្រ្តីរាជការសាលារាជធានីភ្នំពេញ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី២៧ ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​​បានអះអាងថា ការ​សម្រេចនេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធិ​ភាព​ការ​ងារ​នៃមន្ត្រី​រាជការ​ថ្នាក់​​ក្រោម​​​​។

អ្នក​នាំពាក្យ​ក្រសួង​មុខងារសាធារណៈ លោក ស សា​ម៉ីឌី មាន​ប្រសាសន៍​ថា​ការ​សម្រេច​នេះ​គ្រាន់​តែ​ជា​ការ​កែ​សម្រួល​​​បន្ថែម​ទៅ​លើ​អនុក្រឹត្យចាស់​ឆ្នាំ​២០១៣។ អនុក្រឹត្យឆ្នាំ២០១៣​គឺកា​រ​សម្រេច​មុខ​​តំណែង​គ្រប់​គ្រង​​ទាំង​អស់​​ត្រូវ​តែ​ឆ្លងកាត់​ប្រធាន​ក្រុម​ប្រឹក្សា ដែល​មាន​​នីតិវិធី​វែងឆ្ងាយ​ប៉ុន្តែ​អនុក្រឹត្យ​ថ្មីនេះ​គឺ​​​មុខ​​តំណែង​​មួយចំនួន​​ទៀត​មិន​​ចាំ​បាច់ឆ្លង​កាត់​​ប្រធាន​ក្រុម​ប្រឹក្សា​ពិនិត្យ​ទេ​គឺ​​​ត្រឹម​តែ​​គណៈអភិបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ ជាអ្នក​​ពិនិត្យ​​ឲ្យស្រប​​តាម​ការ​​កំណត់​របស់​ច្បាប់​ គឺអាច​​រៀប​ចំ​ចាត់​ចែង​តាម​នោះ​បាន​។

បើតាម អនុក្រឹត្យ​នេះ ​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង ស្រុក ខណ្ឌ ជាអ្នក​រៀប​ចំ​ផែន​ការ​បុគ្គលិក កំណត់​ប្រាក់ឧបត្ថម្ភ ការតែ​ង​​តាំង និង​បញ្ចប់​មុខនាទី​នាយក​រដ្ឋ​បាល​ទីចាត់​ការ ឬ​ប្រធាន​អង្គភាព ប្រធាន​ការិយាល័យ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​​គ្រងរបស់​ថ្នាក់​នី​មួយៗ។ ចំណែក​គណៈអភិបាលមាន​សិទ្ធិ​ ​ជ្រើសរើសបុគ្គលិក បង្ហាត់​បង្រៀន ផ្លាស់​ប្តូរ​ ដាក់​វិន័យ ចូលនិវត្តន៍ តែង​តាំង​ និង​បញ្ចប់​​ពី​មុខតំណែងចាប់​ពី​​នាយក​រងទី​ចាត់​ការ ឬ​អនុប្រធាន​អង្គភាពចុះ​ទៅ​​តាម​​ថ្នាក់​គ្រប់​គ្រង​នីមួយៗ​ផង​ដែរ។

សម្រាប់ លោក សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម បាន​សារទ​រ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ​តែ​​លោកមាន​ការ​បារម្ភ​ពីសមត្ថភាព​របស់​អ្នក​ថ្នាក់​ក្រោមជាមួយ​នឹង​បញ្ហា​អំពើ​ពុក​រលួយ និងបក្សពួកនិយម ​អាចធ្វើ​ឲ្យ​ការ​អនុវត្ត​នេះ​មាន​បញ្ហា​ខ្លះ​ដែរ។

បើតាម លោក សន ជ័យ គេត្រូវ​រៀប​ចំ​យន្ត​ការ​តាម​ដាន​ត្រួតពិនិត្យ​និង​វាយ​តម្លៃ ដែល​ធានា​ថាធ្វើ​ឡើង​ដោយ​យុត្តិ​ធម៌​ត្រឹមត្រូវ ​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​សមត្ថភាព និង​គុណភាព​ជា​ចម្បង

ដើម្បីជួយទប់​ស្កាត់​ការ​ជ្រើ​សរើសបុគ្គលិកឬមន្រ្តី​ដែល​ពាក់​ព័ន្ធ​នឹង​បក្សពួកនិយម ។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ ​លោក​ ស សាម៉ី​ឌី បញ្ជាក់ថា នៅក្នុង​អនុក្រឹត្យថ្មីនេះ ក៏មាន​មាត្រាមួយបានចងមិនឲ្យគណៈអភិបាលប្រើ​ប្រាស់​អំណាចហួសពី​ច្បាប់​កំណត់​នោះ​ដែរ​។

គិតត្រឹមឆ្នាំ​២០១៧​ ចំនួន​មន្ត្រី​រាជ​ការ​ស៊ីវិល​ថ្នាក់​ក្រោម​ជាតិមាន​ជាង​១៥​ម៉ឺន​នាក់ក្នុ​ងនោះ​ស្រ្តី​​ជាង​៦ម៉ឺន​នាក់។នេះបើតាមរបាយការណ៍​របស់​ក្រសួង​មុខងារសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ