អានតួអត្ថបទ
កម្ពុជា

ការ​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​នឹង​ត្រូវ​ពង្រឹង​ឲ្យ​មាន​ស្តង់ដា​ខ្ពស់

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្លែងថា ក្រ​សួង​នឹង​រឹត​បន្តឹង​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ការប្រលង​បាក់ឌុប​នៅ​ឆ្នាំ​នេះ ដើម្បី​ទទួល​នូវ​គុណភាព​ខ្ពស់ និង​មាន​លក្ខណៈ​ជា​ស្តង់ដា​អន្តរជាតិ​។ ការ​លើក​ឡើង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១០​កក្កដា នៅ​ក្រសួង​អប់រំ។អត្ថបទ​ដោយ៖ ហេង ពុធីរៈ

សិស្ស​កំពុង​ប្រឡង​បាក់ឌុប​នា​ពេល​កន្លង​មក
សិស្ស​កំពុង​ប្រឡង​បាក់ឌុប​នា​ពេល​កន្លង​មក © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​មិន​ត្រឹម​តែ​មាន​ការ​រៀប​ចំ​វិញ្ញាសា​ស្តង់ដា​នោះ​ទេ ថែម​ទាំង​មាន​អ្នក​ជំនាញ​ដើម្បី​ជួយ​កំណត់​កំហុស​ក្នុង​ការ​ធើ្វ​កំណែ​វិញ្ញាសា​ទៀត​ផង​។ លោក​បាន​បន្ថែម​ថា ក្រសួង​បាន​រៀបចំ​មណ្ឌល​ប្រលង​ចំនួន ១៧៨​មណ្ឌល ហើយ​ក្នុង​នោះ​មាន ១០០មណ្ឌល​ដែល​បាន​ជួស​ជុល​រួច​រាល់​។ ហើយ​ក្រសួង​នឹង​ធ្វើ​ការ​រឹត​បន្តឹង​លើ​ការ​ប្រលង​បាក់ឌុប​នា​ពេល​ខាង​មុខ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ផង​ដែរ។ នេះ​បើ​យោង​តាម លោក ហង់ ជួន ណារ៉ុន​។

ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​សីហា​ខាង​មុខ​នេះ​ចំនួន​ពីរ​ថ្ងៃ​ដោយ មាន​បេក្ខជន​ចូល​រួម​ប្រលង​សរុប​ជាង​១០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។ ចំពោះ​វិញ្ញាសា​ប្រលង ក្រសួង​កំណត់​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ទាំង​អស់ ប្រលង​ចំនួន​៧​មុខ​វិជ្ជា ហើយ​នៅ​ថ្ងៃ​ទី​២១ កក្កដា​ខាង​មុខ​នេះ​ក្រសួង​នឹង​ជ្រើស​រើស​មុខ​វិជ្ជា​ទី​៧​សម្រាប់​ការ​ប្រលង​។ សម្រាប់​ការ​ចំនាយ ក្រសួង​បាន​រៀបចំ​ថវិកា​ចំនួន ១៥​ពាន់​លាន​រៀល​ស្មើ​នឹង​ជាង​៣,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

ក្នុង​ឱកាស​នេះ​ដែរ ក្រសួង​បាន​សង្កត់​ធ្ងន់​ដែរ​ថា សិស្សានុសិស្ស​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ឬ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិច ដូច​ជា​ទូរស័ព្ទ​ដៃ ម៉ាស៊ីន​គិត​លេខ នាឡិកា​ដៃ​ទំនើប ជា​ដើម​។ បើ​ពុំ​ដូចនេះ​ទេ សិស្ស​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ជាមួយ​គ្នា​នេះ ក្រសួង​បាន​សន្យា​ថា នឹង​មិន​ឲ្យ​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រលង និង​ការចម្លង​វិញ្ញាសា​សរសេរ​ពី​គ្នា​។

សូម​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៤ សិស្ស​ដែល​ប្រលង​ជាប់​បាក់ឌុប​លើក​ទី​១​ប្រមាណ ២៥% និង​លើក​ទី​២ប្រមាណ​ជា​១៧% ហើយ​ឆ្នាំ​២០១៥​ជាប់​ប្រហែល​ជា ៥០​% និង ២០១៦ ប្រហែល​៦២%​។ ចំពោះ​អ្នក​ធ្លាក់ ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​រៀន​បំពេញ​វិជ្ជា​បន្ថែម ឬ​រៀន​បន្ត​មធ្យម​សិក្សា​ផ្នែក​វិជ្ជាជីវៈ​ណា​មួយ ជា​ជាង​ការ​បោះ​បង់​ចោល​ការ​សិក្សា​។

ចំណែក​ឯ​ការ​ប្រលង​ឆ្នាំ​នេះ​វិញ ក្រសួង​រំពឹង​ទុក​ថា នឹង​ទទួល​បាន​លទ្ធផល​រឹត​តែ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ ​ដោយ​សារ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សិស្សានុសិស្ស ការ​ចូល​រួម​លើក​ទឹក​ចិត្ត​ពី​មាតា​បិតា​អាណាព្យាបាល​សិស្ស ការ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ ភាគី​ពាក់ព័ន្ធ ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​គ្រប់​កម្រិត​ថ្នាក់ ដែល​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​សមត្ថភាព​សិស្សានុសិស្ស​មានការ​រីក​ចម្រើន​កើន​ឡើង​ជា​បន្ត​បន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ