អានតួអត្ថបទ
កម្ពុជា-នយោបាយ

​រដ្ឋសភា បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​បើក​ផ្លូវ​ឱ្យ​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ទៅ​ឱ្យ​គណៈ​កម្មការ​ជំនាញ​សិក្សា​មុន​អនុម័ត​

បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ នៅ​ថ្ងៃ​ទី​០៥ ធ្នូនេះ រដ្ឋសភា បាន​បញ្ជូន​សេចក្តី​ស្នើច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ទៅ​ឱ្យ​គណៈកម្មការ​ទី​០៦ នៃ​រដ្ឋសភា​សិក្សា ​មុន​នឹង​អនុម័ត​។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្រ្ត​ចំនួន ៨៧​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្តួច​ផ្តើម​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោយបាយ ត្រង់​មាត្រា ៤៥ ថ្មី (ស្ទួន) ដែល​ផ្តល់​សិទិ្ធ​ដល់​នាយក​រដ្ឋមន្រ្តី​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ ឱ្យ​បុគ្គល​ជាប់​បម្រាម​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ អាច​ធ្វើ​សកម្មភាព​ឡើង​វិញ​បាន​។ 

រដ្ឋសភា បញ្ជូនសេចក្តីស្នើច្បាប់បើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង   មានសិទ្ធិធ្វើនយោបាយឡើងវិញ
រដ្ឋសភា បញ្ជូនសេចក្តីស្នើច្បាប់បើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង មានសិទ្ធិធ្វើនយោបាយឡើងវិញ @RFI
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ នៅ​ថ្ងៃទី៥ ធ្នូនេះ បាន​សម្រេច បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឱ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ ឱ្យ​ទៅ​គណៈកម្មការ​ទី​០៦ នៃ​រដ្ឋសភា​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​អនុម័ត​។នេះ​បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃទី ៥ ធ្នូ នេះ។

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ជា​ការ​បន្ថែម​នូវ​វាក្ស​ខណ្ឌ​មួយ​ថ្មី ក្នុង​មាត្រា​៤៥​ថ្មី (ស្ទួនមួយ) ដែល​ចែងថា៖ «បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាចប​ង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ ឬ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ​។ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម​ឃាត់​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​»។

លោក ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កាល​ពី​ថ្ងៃទី ៤ ធ្នូ ថា អតីត​មន្រ្តី​នៃ​អតីត​បក្ស​សង្រ្គោះជាតិ​មួយ​ចំនួន​ធំ ដែល​ជាប់បំរាម ហើយ​បាន​គោរព​តាម​សាល​ដីកា​តុលាការ​កំពូល អាច​នឹង​ទទួល​បានសិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ ​ប្រឆាំង​ទារុណកម្ម ​លោក ស ខេង បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា បន្ត​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ កាន់​តែ​ល្អ​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​លើក​កម្ពស់ ការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។

ការ​បញ្ជូន​សេចក្តី​ស្នើច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រសួង​ការបរទេស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តី​វិធានការណ៍​ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​។ ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​នោះ គឺ​សម្រួល​ដល់​ស្ថាន​ការណ៍​អ្នក​នយោបាយ​ក្រុម​ប្រឆាំង ដែល​ត្រូវ​តុលាការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជា​ដើម​។

សម្រាប់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​លោកមេធាវី ចាន់ ចេន បាន​ប្រកាស​ជំហរ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ថា ជា​ការ​បន្ធូរ​ស្ថាន​ភាព ហើយ​ធ្វើឡើង​ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ