អានតួអត្ថបទ
កម្ពុជា-សង្គម

​រដ្ឋា​ភិបាល​បើក​ផ្លូវ​ឲ្យ​វិទ្យុ​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់ បើក​ការិយា​ល័យ​នៅ​កម្ពុជា​ឡើង​វិញ​

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន បាន​បើក​ផ្លូវ​ឲ្យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​របស់​លោក មាជ សុវណ្ណារ៉ា អតីត​បេក្ខជន​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើង​វិញ​។ សូម​បញ្ជាក់​ថា វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ដែល​មាន​ទីស្នាក់​ការ​នៅ​សហ​រដ្ឋ​អាមេរិក បាន​ផ្អាក​ការ​ផ្សាយ​របស់​ខ្លួន តាម​រលក​ធាតុ​អាកាស FM 105 នៃ​វិទ្យុ​សំបុក​ឃ្មុំ តាម​ការ​បញ្ឈប់​ផ្អាក​ការ​ផ្សាយ​ពី​ក្រសួង​ព័ត៌​មាន កាល​ពី​អំឡុង​ឆ្នាំ​២០១២​។ 

រដ្ឋាភិបាលបើកផ្លូវឲ្យវិទ្យុរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ បើកការិយាល័យនៅកម្ពុជាឡើងវិញ
រដ្ឋាភិបាលបើកផ្លូវឲ្យវិទ្យុរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ បើកការិយាល័យនៅកម្ពុជាឡើងវិញ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ទៅ ក្រសួង​ព័ត៌មាន​តំណាង​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​របស់​លោក មាជ សុវណ្ណារ៉ា អតីត​បេក្ខជន​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង បើក​ដំណើរ​ការ​នៅ​កម្ពុជា​ឡើង​វិញ​ហើយ​។ ក៏​ប៉ុន្តែ​ត្រូវ​តែ​បំពេញ​លិខិត​ស្នាម​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ដែល​បាន​កំណត់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក មាស សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​។

ការ​លើក​ឡើង​របស់​លោក មាស​ សុភ័ណ្ឌ គឺ​បន្ទាប់​ពី​មាន​ជំនួប​ប្រមាណ​ជាង​មួយ​ម៉ោង​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​លោក ខៀវ កាញារីទ្ធ និង​លោក មាជ សុវណ្ណារ៉ា ស្ថាបនិក​នៃ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ខ្មែរ​ប៉ុស្តិ៍ (វិទ្យុ​ខ្មែរ​ប៉ុស្តិ៍) និង​សហ​ការី កាល​ពី​រសៀល​ថ្ងៃទី ២២ វិច្ឆិកា​។ បើ​តាម​លោក មាស សុភ័ណ្ឌ ជា​គោល​ការណ៍​លោក​រដ្ឋ​មន្ត្រី​បាន​គាំទ្រ​សំណើ​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ស្នើ​សុំ​បើក​ការិយាល័យ​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​នៅ​កម្ពុជា​ឡើង​វិញ​។ ក៏​ប៉ុន្តែ​លោក មាជ សុវណ្ណារ៉ា ត្រូវ​បំពេញ​តាម​លក្ខ​ខ័ណ្ឌ និង​ច្បាប់​របស់​កម្ពុជា​ដែល​បាន​កំណត់​។

សូម​ជំរាប​ជូន​ថា វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុង​ប៊ិច​សហ​រដ្ឋ​អាមេរិក​នេះ បាន​ផ្អាក​ការ​ផ្សាយ​របស់​ខ្លួន​តាម​រលក​ធាតុ​អាកាស FM 105 នៃ​វិទ្យុ​សំបុក​ឃ្មុំ ក្រោយ​ពី​ការ​បញ្ឈប់​ការ​ផ្សាយ​ពី​ក្រសួង​ព័ត៌មាន តាំង​ពី​ឆ្នាំ​២០១២​មក​។ ក្រោយ​មក​វិទ្យុ​របស់​អតីត​បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក មាជ សុវណ្ណារ៉ា នេះ បាន​ផ្សព្វ​ផ្សាយ​តាម​រលក​ធាតុ​អាកាស​ខ្លី (Short Wave) និង​អន្តរ​បណ្តាញ online ពី​សហ​រដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​។

អ្វី​ជា​ការ​កត់​សំគាល់ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ព័ត៌មាន បាន​បើក​ភ្លើង​ខៀវ​ជា​បន្ត​បន្ទាប់ ឲ្យ​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេរិក VOA និង​វិទ្យុ​អាស៊ី​សេរី RFA ជួល​ម៉ោង​ផ្សាយ​នៅ​លើ​វិទ្យុ FM 102 និង​វិទ្យុ​សំបុក​ឃ្មុំ FM 105 ឡើង​វិញ បន្ទាប់​ពី​មាន​ជំនួប រវាង​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Partrick Murphy ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា កាលពីថ្ងៃទី ១៥ វិច្ឆិកា។ ប៉ុន្តែ​សម្រាប់​វិទ្យុ​អាស៊ី​សេរី RFA គឺ​ភ្ជាប់​ជា​មួយ​លក្ខ​ខណ្ឌ​មួយ​ថា វិទ្យុ​អាស៊ី​សេរី មិន​ត្រូវ​ប្រើ​ពាក្យ «របប​ក្រុង​ភ្នំពេញ» ទៀត​នោះ​ឡើយ​។

យ៉ាង​ណា​ក្តី លោក មាជ សុវណ្ណារ៉ា ស្ថាប​និក​នៃ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ខ្មែរ​ប៉ុស្តិ៍ (វិទ្យុ​ខ្មែរ​ប៉ុស្តិ៍) បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក​របស់​លោក ក្រោយ​ពី​ជំនួប​ជាមួយ​លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី ២២ វិច្ឆិកា​ថា បន្ទាប់​ពី​មាន​ទំនាក់​ទំនង​ការ​ទូត​ល្អ​ឡើង​វិញ រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុញ្ញាត​អោយ​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេរម​ភាសា និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ KPR របស់​លោក បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើង​វិញ​ហើយ​។ ក៏​ប៉ុន្តែ​សម្រាប់​វិទ្យុ FM ប្រមាណ​ជា​៣០ ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​បិទ កាល​ពី​មុន​ឆ្នាំ ២០១៧ នៅ​អំឡុង​ពេល​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ នៅ​មិន​ទាន់​មាន​សញ្ញា​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ