ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT
កម្ពុជា

អភិបាល​ខេត្ត​មណ្ឌលគិរី៖ ការ​ផ្ទុះ​អាវុធ​ស្លាប់​៣​នាក់ បង្ក​ដោយ​សមត្ថកិច្ច​ប្រដាប់​អាវុធ មិន​មែន​ឈ្មួញ​ឈើ​ទេ

media  
អ្នក​ស្លាប់​ក្នុង​ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្តមណ្ឌលគីរី @សហការី

នៅ​ព្រឹក​នេះ គណៈកម្មការ​ដែល​មាន​ចម្រុះ​សមាសភាព​ដឹក​នាំ​ដោយ​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​ស្លាប់​មនុស្ស​៣​នាក់​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី។ គិត​មក​ពេល​នេះ គណៈកម្មការ​ចម្រុះ​មិន​ទាន់​រក​ឃើញ​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អភិបាល​ខេត្ត​មណ្ឌលគិរី​បាន​ផ្តល់​ព័ត៌មាន​ជា​បឋម​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ផ្ទុះ​អាវុធ​នោះ ​គឺ​បង្ក​ឡើង​សមត្ថកិច្ច​ប្រដាប់​អាវុធ មិន​មែន​ដោយ​ក្រុម​អ្នក​ចូល​កាប់​ឈើ​ខុស​ច្បាប់​ឡើយ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ខ្សែ​ទូរស័ព្ទ លោក​ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​ដែល​បាន​ចុះ​ទៅ​​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ជាមួយ​គណៈកម្មការ​ពិសេស​ដឹក​នាំ​ដោយ​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាង​ជា​បឋម​ថា ករណី​ផ្ទុះ​អាវុធ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​នៅ​ក្នុង​ខេត្ត​នេះ បង្ក​ឡើង​ដោយ​សមត្ថកិច្ច​ប្រដាប់​អាវុធ ប៉ុន្តែ​មិន​ទាន់​កំណត់​បាន​ថា ជា​យោធា​នៅ​ទី​នោះ ជា​ក្រុម​ប៉ូលីស ឬ​ប៉េអឹម​នៅ​ឡើយ​ទេ។

សូម​ជម្រាប ជូន​ថា កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ មាន​ករណី​ផ្ទុះ​អាវុធ​មួយ​បាន​កើត​ឡើង​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ​ក្នុង​តំបន់​អូរហ៊ុច​ នៅ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ ការ​ផ្ទុះ​អាវុធ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​បាន​បាត់​បង់​ជីវិត ក្នុង​នោះ​ម្នាក់​ជា​ឧទ្យានុរក្ស​តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ម្នាក់​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ការ​នៅ​ទី​នោះ និង​ម្នាក់​ទៀត​ជា​បុគ្គលិក​អង្គការ​ការពារ​សត្វ​ព្រៃ​ (WCS)។ ក្រោយ​ហេតុ​ការណ៍​នេះ​ភ្លាម អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​តើ ករណី​នេះ​កើត​ឡើង​ដោយ​សារ​មូលហេតុ​អ្វី ហើយ​ខាង​ណា​ជា​អ្នក​បង្ក​នោះ។

ក៏​ប៉ុន្តែ​លោក​ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ដាក់​ការ​សង្ស័យ​ថា ហេតុការណ៍​នេះ បង្ក​ឡើង​ដោយ​ឈ្មួញ​ឈើ​ដែល​បាន​លប​លួច​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ។ លោក​ថា ពួក​ឈ្មួញ​ទាំង​នោះ​បាន​បើក​ការ​បាញ់​ប្រហារ​មក​ក្រុម​សមត្ថកិច្ច​ដែល​បាន​ដើរ​ល្បាត​នៅ​ក្នុង​តំបន់​ការពារ​ព្រៃ​ឈើ​កែវ​សីមា។ ផ្ទុយ​ពី​ការ​សង្ស័យ​នេះ លោក​អភិបាល​ខេត្ត​មណ្ឌលគិរី​បាន​អះអាង​ថា ករណី​នេះ​មិន​មែន​បង្ក​ឡើង​ដោយ​ឈ្មួញ​ឈើ​នោះ​ទេ ប៉ុន្តែ​បង្ក​ឡើង​ដោយ​សមត្ថកិច្ច​ប្រដាប់​អាវុធ​តែ​គ្រាន់​តែ​មិន​ទាន់​ច្បាស់​ថា មក​ពី​អង្គភាព​ណា​មួយ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​ប្រមូល​ភស្តុតាង និង​ព័ត៌មាន​នានា ដើម្បី​កំណត់​មុខ​សញ្ញា​អ្នក​ដែល​បាញ់​ប្រហារ​ដ៏​សាហាវ​នេះ។ បើ​តាម​អភិបាល​ខេត្ត​មណ្ឌលគិរី​ដដែល ការ​ស្រាវជ្រាវ និង​ប្រមូល​ភស្តុតាង​អាច​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ