អានតួអត្ថបទ
កម្ពុជា

ខ្មាន់​​កាំភ្លើង​ បាញ់​សម្លាប់​មនុស្ស​នៅ​ម្តុំ​ផ្សារ​សុវណ្ណា​ពី​សប្តាហ៍​មុន នឹង​អាច​ត្រូវ​ទទួល​ទោស​អតិបរមា!​

នគរបាល​ព្រហ្មទណ្ឌ​ បាន​បង្ហាញ​មុខ​ខ្មាន់​កាំភ្លើង​ម្នាក់​ និង​គូកន​ម្នាក់​ ពី​ម្សិលមិញ​។ ពួក​គេ​ទាំង​ពីរ​និង​បក្ស​ពួក​ បាន​ប្លន់​និង​បាញ់​សម្លាប់​បុរស​ម្នាក់​ ហើយ​ធ្វើ​ឲ្យ​នារី​ ២​នាក់​ រង​របួស នៅ​ជិត​ផ្សារ​សុវណ្ណា​ ខណ្ឌ​ចំការមន​ កាល​ពី​សប្ដាហ៍​មុន​។ តាម​រយៈ​វីដេអូ​នៃ​ព្រឹត្តិការណ៍​ប្លន់​ដ៏​សាហាវ​នោះ​ បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ Facebook។ ទន្ទឹម​នេះ ក៏​មាន​ប៉ូលីស​ម្នាក់ បាន​ចង្អុរ​បង្ហាញ​តាម​ Facebook ថា ខ្មាន់​កាំភ្លើង​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ​ គឺ​គាត់​ធ្លាប់​ចាប់​បាន​ម្តង​ហើយ​ តែ​បែរ​ជា​ត្រូវ​តុលាការ​ដោះលែង​ ហើយ​អាច​មាន​ឱកាស​មក​ប្រព្រឹត្ត​បទល្មើស​ជា​ថ្មី​ទៀត​។ ផ្ទុយ​ពី​នេះ​ មន្ត្រី​ក្រសួង​យុត្តិធម៌ ថា​ជា​ការ​ចៃដន្យ​ដែល​ជន​នោះ​លួច​រត់ នៅ​ពេល​សុំ​ទៅ​ព្យាបាល​ជំងឺ​ គឺ​ពុំ​មែន​តុលាការ​ជា​អ្នក​ដោះលែង​នោះទេ។

@police
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានីភ្នំពេញ លោក លី សុផាន់ណា បាន​បញ្ជាក់​​ថា បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំងពីរ​នាក់​​នោះ គឺ​មាន​ជនល្មើស​ឈ្មោះ អ៊ុំ សួស្តី ហៅ​ពៅ ​ឬ​ហៅ​ក្បាល​ធំ​ ​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ដាក់​គុក​៨ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​។ ហើយ​ក្នុង​កំលុង​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ទណ្ឌិត​រូប​នេះ​ បាន​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ ហើយ​បាន​រត់​គេច​ខ្លួន​នៅ​ពេល​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។

លោក​ លី សុផាន់ណា ​អះអាង​ថា​ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ទណ្ឌិត​រូប​នេះ​ទៅ​អនុវត្ត​ទោស​ ហើយ​កំពុង​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មក​ដល់​ពេល​នេះ​ ហើយ​ស្រាប់​តែ​ទណ្ឌិត​រូប​នេះ​ បង្ហាញ​ខ្លួន​និង​ប្រព្រឹត្ត​បទល្មើស​ថ្មី​បន្ថែម​ទៀត​។

ក៏​ប៉ុន្តែ​ ទោះយ៉ាងណា​ក្តី ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​​នោះ​ គឺ​មិន​ទាន់​ត្រូវ​បង្ហាញ​ឲ្យ​បាន​ឃើញ​នៅឡើយ​ទេ។​ ចំណែក​ ក្រុម​អ្នក​ធ្វើការ​សង្គម​ស៊ីវិល​ខ្លះ សង្ស័យ​ថា ជន​ល្មើស​នេះ និង​ជន​ល្មើស​ខ្លះ​ទៀត​ អាច​រួច​ខ្លួន និងត្រួវ​ដោះលែង​តាម​រយៈ​ការ​បន្ធូរបន្ថយ​ទោស​ ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ។​

ទោះ​យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​អយ្យការ​តុលាការ​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ តុលាការ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​ច្បាប់​ និង​នីតិវិធី​ក្នុង​ការ​សម្រេច​ផ្តន្ទាទោស​ និង​អនុវត្ត​ទោស​ទៅ​លើ​ទណ្ឌិត​រូប​នេះ​។

ជា​ការ​កត់​សម្គាល់​ ជន​ដៃ​ដល់​ អ៊ុំ សួស្ដី ដែល​បាន​បាញ់​សម្លាប់​ជន​រងគ្រោះ​កាល​ពី​អាទិត្យ​មុន​នេះ គឺ​បាន​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់​ចំនួន​ដល់​ទៅ​៤​ដង ដូចជា​ប្លន់​ម៉ូតូ​ ប្លន់​អ្នក​ស៊ីការ​គ្រឿង​អលង្ការ​ និង​យក​លុយ​កាក់​ជា​ដើម​ ហើយ​ប្លន់​លើក​ទី​ ៤នេះ ​គឺ​បាន​បាញ់​សម្លាប់ជា​ច្រើន​គ្រាប់​ទៅ​លើ​ជន​រងគ្រោះ​ នៅ​ជិត​ផ្សារ​សុវណ្ណា​ នេះ​តែ​ម្ដង​។

លោក ជិន ម៉ាលីន ​អនុរដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ខ្មែរ បាន​គូស​បង្ហាញ​ប្រាប់​វិទ្យុ​បារាំង​ថា ជនល្មើស​ខាង​លើ​នេះ ​អាច​នឹង​ត្រូវ​ទទួល​ទោស​អតិបរមា​នៃ​ទោស​!​ បាន​ន័យ​ថា តុលាការ​ត្រូវ​ដាក់​ទោស​កម្រិត​ធ្ងន់​បំផុត​នៃ​កម្រិត​បទល្មើស​របស់​ខ្លួន ហើយ​គេ​ត្រូវ​ទទួល​អនុវត្ត​ទោស​ថ្មី រួម​ទាំង​ទោស​ចាស់​ពី​មុន​មក​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ