អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ផ្អាក​ចុះ​ឈ្មោះ​បោះឆ្នោត​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក

នៅ​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​ស្អែក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ឈប់​សម្រាក ​ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ មន្រ្តី​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២ តុលា។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ @គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​៣​ថ្ងៃ​នេះ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​ការ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ថ្ងៃ​អាទិត្យ​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បញ្ជាក់​ថា ការ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាប់​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​ពលករ​ចំណាក​ស្រុក​ក៏​ដូច​ជា​សិស្ស​និស្សិត​ ដែល​បាន​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឱកាស​នេះ ឱកាស​ដែល​ពួកគេ​បាន​ទៅ​ស្រុក​កំណើត​ជួបជុំ​បង​ប្អូន​ក្រុម​គ្រួសារ។

លោក​ហង្ស ពុទ្ធា បាន​គូស​បញ្ជាក់​ទៀត​ថា រយៈ​ពេល​តែ​មួយ​ថ្ងៃ​នេះ វា​មិន​អាច​គ្រប់​គ្រាន់​ទេ​សម្រាប់​ការ​ចុះ​ឈ្មោះ​ឆ្នោត​ដល់​អ្នក​ចំណាក​ស្រុក​ទាំង​នោះ។ ដូច្នោះ​ហើយ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទាំង​អស់ កុំ​អាល​ទៅ​ចុះ​ឈ្មោះ​នៅ​អំឡុង​ពេល​នេះ ដើម្បី​ទុក​ឱកាស​ឲ្យ​ដល់​អ្នក​ចំណាក​ស្រុក​បាន​ចុះ​ឈ្មោះ ព្រោះ​ថា​អ្នក​មូលដ្ឋាន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ពេល​ណា​ក៏​បាន។

ទាក់ទង​នឹង​រឿង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ដែរ លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ ​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ដែល​មាន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ភូមិ-ឃុំ-សង្កាត់​ របស់​ខ្លួន​បាន​គ្រប់​ៗ​គ្នា ជា​ពិសេស​ឆ្លៀត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​អាទិត្យ ទី​០២ ខែ​តុលា​នៃ​ជា​ថ្ងៃ​ទី​បី​ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

សូម​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ចិកា​ខាង​មុខ។ គិត​មក​ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ប្រជាពលរដ្ឋ​ខ្មែរ​ជិត​៤​លាន​នាក់​ហើយ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។ ចំនួន​នេះ គឺ​ស្មើ​នឹង​ប្រមាណ​ជាង​ ៤០​ភាគរយ បើ​ប្រៀបធៀប​នឹង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ ចំនួន​ជាង​ ៩លាន​៦​សែន​នាក់។

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​លើក​ឡើង​ថា ទិដ្ឋភាព​ទូទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​មក​នេះ មាន​ស្ថានភាព​ល្អ​ដោយ​មិន​មាន​អ្វី​រាំង​ស្ទះ​នោះ​ឡើយ។ លោក​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ឈាន​ដល់​ជិត​ ៤​លាន​នាក់​គិត​មក​ដល់​ពេល​នេះ គឺ​ជា​ចំនួន​មួយ​លើស​ពី​ការ​រំពឹង​ទុក​របស់​គ.ជ.ប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ