ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ប្រកាស​បែង​ចែក​ការងារ​គ្នា​ធ្វើ ​ដើម្បី​ជំរុញ​ការ​វិល​ចូល​ស្រុក​វិញ​បាន​ជោគ​ជ័យ​

media  
លោក​ សម រង្ស៊ី​ ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​​សេរីនិយម​​អន្តរជាតិ​​នៅ​ឯទីក្រុង​ឡុងដ៍​ប្រទេស​​អង់​គ្លេស​​កាល​ពី​ដើម​ខែ​កក្កដា​ឆ្នាំ ​២០១៩​។​ @សហការី

នៅ​រយៈ​ពេល​ជិត​ពីរ​ខែ​ទៀត​ទើប​ដល់​កាល​បរិច្ឆេទ​កំណត់​នៃ​មាតុ​ភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​វិញ​។ ប៉ុន្តែ​ដើម្បី​ឱ្យ​ដំណើរ​វិល​ត្រឡប់​នេះ​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក​នោះ ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​បែង​ចែក​ការងារ​គ្នា​ធ្វើ​រៀងៗ​ខ្លួន​នៅ​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​ប្រកាស​ឱ្យ​ដឹង​របស់​លោក​អេង ឆៃអ៊ាង និង លោក​ស្រី មួរ សុខហួរ ដែល​ជា​អនុ​ប្រធាន​អតីត​បក្ស​ប្រឆាំង​នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់ (Live) រួម​គ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ 

អនុ​ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង ​និង​លោក ស្រីមួ សុខហួរ បាន​រំលេច​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ កិច្ចការ​សំខាន់​របស់​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង គឺ​ទំនាក់​ទំនង​ជា​មួយ​បណ្តា​ប្រទេស​នា​នា ដើម្បី​ឱ្យ​ប្រទេស​ទាំង​នោះ​ជួយ​ធ្វើ​ជា​សាក្សី​ដល់​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក​សម រង្ស៊ីនា​ពេល​ខាង​មុខ​នេះ​។ ហេតុ​ដូច្នេះ​ហើយ ដើម្បី​ឱ្យ​កិច្ច​ការ​នេះ​ដំណើរ​ការ​បាន​ជោគ​ជ័យ ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​ប្រឆាំង​ក៏​បាន​បែង​ចែក​ការងារ​គ្នា​ធ្វើ និង​មាន​ទទួល​ខុស​ត្រូវ​រៀង​ខ្លួនៗ​។

ក្នុង​នោះ លោក សម រង្ស៊ី និង ភរិយា នឹង​ទទួល​ខុស​ត្រូវ​ទៅ​ស្វែង​រក​ការ​គាំទ្រ និង​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តំបន់​អឺរ៉ុប​ក៏​ដូច​ជា​នៅ​សហ​រដ្ឋ​អាមេរិក​។ ចំណែក លោកស្រី មួរ សុខហួរ ដែល​ជា​អនុ​ប្រធាន​វិញ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​អាស៊ី​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អេង ឆៃអ៊ាង ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​លោក​ផ្ទាល់ គឺ​ទទួល​ខុស​ត្រូវ​ការ​ងារ​ទំនាក់​ទំនង​ជា​មួយ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង ក្រៅ​ស្រុក ដើម្បី​រៀប​ចំ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​ប្រកប​ដោយ​ជោគ​ជ័យ​នា​ពេល​ខាង​មុខ​។ ជាមួយ​គ្នា​នេះ លោក​អេង ឆៃអ៊ាង ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា ចាប់​ពី​ចុង​ខែ​តុលា​ទៅ ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​នឹង​ចូល​មក​នៅ​ជិតៗ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ចូល​ស្រុក​តាម​កាល​កំណត់​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​។

ប៉ុន្តែ​ការ​ព្យាម​យាម​គៀង​គរ​ការ​គាំទ្រ និង ចូល​រួម​របស់​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​នេះ​ មិន​បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ការ​ខ្លាច​រអា​នោះ​ឡើយ​។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នា​ពេល​កន្លង​មក​ថា ប្រទេស​ដទៃ​គ្មាន​ហេតុ​ផល​ណា​មក​គាំទ្រ និង​ដឹង​ឮ​ពី​ដំណើរ​មាតុ​ភូម​និវត្តន៍​របស់​ក្រុម​លោក សម រង្ស៊ី នោះ​ទេ​។ តែ​ទោះ​ជា​បែប​នេះ​ក្តី រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​កង​កម្លាំង​រួច​រាល់​ហើយ​ដែរ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី យក​ទៅ​អនុវត្ត​ទោស នៅ​ពេល​ណា​ដែល​លោក សម រង្ស៊ី មក​ដល់​កម្ពុជា​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក អេង ឆៃអ៊ាង បាន​អំពាវ​នាវ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​កុំឱ្យ​ជឿ និង​យក​ចិត្ត​ទុក​ដាក់​។ មិន​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​គូស​បញ្ជាក់​ជា​ថ្មី​ថា ការ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា គឺ​គ្មាន​អ្វី​ប្រែ​ប្រួល​នោះ​ឡើយ​។ ចំណែក លោក​ស្រី មួរ សុខហួរវិញ​ បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ឱ្យ​ចូល​រួម​ជាមួយ​លោក សម រង្ស៊ី។ បន្ថែម​លើ​នេះ លោក​ស្រី មួរ សុខហួរ ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី១៤ ខែ​កញ្ញា​ខាង​មុខ​នេះ ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​អាមេរិក ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ពី​ដំណើរ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​នេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ