អានតួអត្ថបទ
កម្ពុជា

លោក ស ខេង គាំទ្រ​គម្រោង​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​បង្កើត​ពន្ធនាគារ​ថ្មី

អំពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​មាន​ការ​កើន​ឡើង និង​រស់​នៅ​ដោយ​ភាព​ចង្អៀត​ណែន​នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ យល់​ស្រប​នឹង​គម្រោង​បន្ថែម​ថវិកា​រដ្ឋ​ដើម្បី​កសាង​ពន្ធនាគារ​ថ្មី​ជំនួស​ពន្ធនាគារ​ចាស់​ដែល​មាន​សភាព​ទ្រុឌ​ទ្រោម។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​ភ័ស្ដុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ទី​២២​កុម្ភៈ​ម្សិល​មិញ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ថែម​លើ​ការ​យល់​ស្រប​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ គាំទ្រ​ចំពោះ​គម្រោង​មួយ​ទៀត​គឺ​រួម​គ្នា​សហការ​ជាមួយ​វិស័យ​ឯកជន​ពង្រីក​ពន្ធនាគារ​បន្ថែម។ ចំពោះ​អ្នក​ទោស​នៅ​សហគមន៍​មិន​ចាំ​បាច់​បញ្ជូន​មក​ពន្ធនាគារ​នោះ​ទេ ដោយ​ទុក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អប់​រំ​កែ​ប្រែ​ព្រោះ​ថា​ អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​មាន​ការ​កើន​ឡើង​ជិត​៣​ម៉ឺន​នាក់។ នេះ​បើ​តាម​លោក ស ខេង ។

លោក​បាន​គូស​បញ្ជាក់​ថា វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​ការ​កើន​ឡើង ឬ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ទោស​នោះ តែ​អ្វី​ដែល​សំខាន់​គេ​ត្រូវ​រក​វិធី​ដោះ​ស្រាយ​ចំពោះ​ពន្ធនាគារ​ដែល​មាន​សភាព​ទ្រុឌ​ទ្រោម។ មក​ដល់​ចំណុច​នេះ​ លោក​គាំទ្រ​ដល់​ដំណើរ​ការ​បង្កើត​ឲ្យ​មាន​កន្លែង​ឃុំ​ឃាំង​បង់​ថ្លៃ​ព្រោះ​ថា​ ប្រយោជន៍​នៃ​ការ​ធ្វើ​បែប​នេះ​ក្រៅ​ពី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ហើយ​ពោល​ថែម​ទាំង​គោរព​តាម​ស្តង់ដា​ទៀត​ផង។ ប៉ុន្តែ​ចំណុច​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ប្រយោជន៍​បាន​តែ​ទៅ​លើ​ក្រុមហ៊ុន​និង​អ្នក​មាន​លុយ ។ ឯ​អ្នក​គ្មាន​លុយ​នៅ​តែ​គ្មាន​លទ្ធភាព​ដដែល។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​សរុប​២៨៤១៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​២៤៤៣។ នេះ​បើ​តាម​ផ្អែក​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ។ របាយការណ៍​នេះ​បាន​ធ្វើ​ការ​បែង​ចែក​នៅ​ប្រភេទ​អ្នក​ទោស​ទៀត​ផង ដោយ​ក្នុង​នោះ​ជន​ត្រូវ​ចោទ​មាន​ចំនួន​៦៧៦៣ ជន​ជាប់​ចោទ​មាន​ចំនួន​៣៤៤១ ពិរុទ្ធជន​១១០៣៨​នាក់ ទណ្ឌិត​៧១៧២ ជា​ដើម។ ជា​ការ​កត់​សម្គាល់ ការ​កើន​ឡើង​នៃ​ជន​ជាប់​ឃុំ​គឺ​មួយ​ផ្នែក​ត្រូវ​បាន​មន្ត្រី​អះអាង​ថា ដោយ​សារ​តែ​ប្រតិបត្ត​ការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល។ ​តែ​ចំណុច​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់​ទង​បញ្ហា​នេះ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់ ប៉ះពាល់​អនាម័យ​សុខភាព​និង​កើត​មាន​ជំងឺ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ