ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

​អនុក្រឹត្យថ្មី​របស់រដ្ឋាភិបាល​ខ្មែរ ​ផ្ដល់​ការ​​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃសម្រាប់​និយោជិតគ្រប់​វិស័យ

media  
និយោជិត​ក្នុង​វិស័យ​កាត់ដេរ សម្រាកព្យាបាលនៅមន្ទីរពេទ្យ នា​ពេល​កន្លង​មក​។ RFI/ siv channa

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៦​សីហា​នេះ បាន​ចេញ​អនុក្រឹត្យ​ថ្មី​មួយ ដែល​មាន​ខ្លឹមសារ​ផ្ដល់​ការ​​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃសម្រាប់​និយោជិត​នៅ​គ្រប់​វិស័យ​ ហើយ​និយោជកគឺ​ជា​អ្នក​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និយោជិត​ក្រោម​បង្គាប់​។ កាតព្វកិច្ច​បង់​ភាគទានផ្នែក​ថែ​ទាំ​សុខភាព​ដែល​ជា​បន្ទុក​របស់​និយោជក​នេះ ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨​។

អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ថែម​ពី​លើ​អនុសាសន៍​ផ្ទាល់​មាត់​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា កម្មករ​និយោជិត​នៅ​គ្រប់​វិស័យ​ទាំង​អស់ ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ នឹង​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​ត​ទៅ​​។ ក្នុង​នោះ និយោជក គឺ ជា​អ្នក​ទទួល​បន្ទុក​បង់​ភាគទាន​ផ្នែក​ថែ​ទាំ​សុខភាព​សម្រាប់​និយោជិត ទៅ​កាន់​បេឡាជាតិ​របប​សន្តិសុខ​សង្គម​។

សូម​ជម្រាប​ជូន​ថា សព្វ​ថ្ងៃ​នេះ របប​​ថែ​ទាំ​សុខភាព គ្រប​ដណ្ដប់​តែ​ទៅ​លើ​កម្មករ​និយោជិត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​តែ​ប៉ុណ្ណោះ មិន​បាន​គ្រប​ដណ្ដប់​ទៅ​លើ​និយោជិត​នៅក្នុង​វិស័យ​ផ្សេង​ៗ​នៅ​ឡើយ​​។

ទាក់ទង​នឹង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ថ្មី​នេះ ក្រុម​សហជីព​តំណាង​ឲ្យ​និយោជិត បាន​សម្ដែង​ការ​ស្វាគមន៍​និង​អបអរ​។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ចាត់​ទុកថា នេះ​គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​និយោជិត​ទូទៅ ដែល​នឹង​មាន​ឱកាស​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​។ ប៉ុន្តែ​សម្រាប់​លោក អាត់ ធន់ ដើម្បី​ឲ្យ​ការ​អនុវត្ត​ទទួល​បាន​ជោគជ័យ គឺ​ទាមទារ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា និង​កែ​ប្រែ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ទៀត​។

ដោយ​ឡែក លោក សរ ម៉ូរ៉ា ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា​វិញ បើ​ទោះ​បី​ជា​ស្វាគមន៍​សេចក្ដី​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល​ដូច្នេះ ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ​ពី​ការ​អនុវត្ត​។ បើ​តាម​លោក សរ ម៉ូរ៉ា សព្វ​ថ្ងៃ​នេះ ការ​ថែ​ទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ក្រោម​ការ​ធានា​របស់​ បសស សម្រាប់​និយោជិត​វិស័យ​កាត់ដេរ នៅ​ជួប​បញ្ហា​នៅ​ឡើយ​។ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា មន្ទីរ​ពេទ្យ​មួយ​ចំនួន​​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​និយោជិត​ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត កំណត់​ចំនួន​នៃ​ការ​ទទួល​ព្យាបាលប្រចាំ​ថ្ងៃ​​ជា​ដើម​។

ក្នុង​ន័យ​នេះ ក្រុម​សហជីព បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលយក​ចិត្ត​ទុក​ដាក់ពង្រឹង​ការ​​អនុវត្ត​អនុក្រឹត្យ​ដែល​ទើប​តែ​ចេញ​ថ្មី​នេះ ធ្វើ​យ៉ាង​ណា​ឲ្យសេវា​ថែ​ទាំ​សុខភាព​សម្រាប់​បង​ប្អូន​កម្មករ​និយោជិត ដំណើរការ​ទៅ​ដោយ​រលូន​ ប្រកប​ដោយ​គុណភាព​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​រិះគន់​ថា វិធានការ​លើ​ក្រដាស​ល្អ តែ​បែរ​ជា​អនុវត្ត​មិន​បានទៅ​វិញ​​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ