អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​សុខភាព ជា​ចំណោទ​ធំ​មួយ ដែល​អ្នក​នយោបាយត្រូវ​ដោះស្រាយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ទូទៅ គេ​មើលឃើញ​ថា​ វិស័យសុខាភិបាល​របស់​កម្ពុជា គឺ​នៅ​ទន់​ខ្សោយ​។ ពលរដ្ឋ​ដែល​មាន​លទ្ធភាព​ខ្លះ​ គឺ​មិន​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​ស្រុក​ទេស​ខ្លួននោះទេ​ ហើយ​នាំគ្នា​កើប​លុយ​ទៅ​ព្យាបាលនិង​ពិនិត្យ​​ជំងឺ​នៅ​បរទេស។ ចំណែក​ពលរដ្ឋ​ក្រីក្រ គ្មាន​លទ្ធភាព ក៏​ស្ទើរតែ​មិនហ៊ានទៅ​មន្ទីរពេទ្យនៅក្នុងស្រុក​ ឬនិយាយ​បែប​ផ្សេង គឺ​ខ្លា​ច​​មន្ទីរពេទ្យ​តែម្តង​។ ដូច្នេះ​ ការ​ពង្រឹង​គុណភាពនៃវិស័យ​​​សុខាភិបាល​របស់​ជាតិ​ខ្លួន និង​ការ​កសាង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ គឺជា​ចំណោទ​យ៉ាង​ធំ​ដែល​អ្នក​នយោបាយ​ត្រូវ​គិត​គូរ។

បញ្ហា​​សុខភាព ជា​​ចំណោទ​​ធំ​​មួយ ដែល​​អ្នក​​នយោបាយ​ត្រូវ​​ដោះ​ស្រាយ!
បញ្ហា​​សុខភាព ជា​​ចំណោទ​​ធំ​​មួយ ដែល​​អ្នក​​នយោបាយ​ត្រូវ​​ដោះ​ស្រាយ! © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​រឿង​ថ្មីទេ ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ មិន​សូវ​មាន​ការ​ទំនុក​ចិត្ត​ចំពោះ​ប្រព័ន្ធ​វិស័យ​សុខាភិបាល​របស់​ខ្លួន។ ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​ព្យាបាល​និង​ពិនិត្យ​ជំងឺ​នៅ​បរទេស ដែល​នាំ​កើប​លុយ​ទៅ​គ្រូពេទ្យ​បរទេស អស់​របស់​សិប​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះ គឺជា​ឧទាហរណ៍​ស្រាប់។ ជាក់​ស្តែង អ្នក​មាន​លទ្ធភាព​មធ្យម អ្នក​មាន​លុយ​ល្មម ខ្លះ​ចេញទៅ​ថៃឬ​ វៀតណាម ហើយ​អ្នក​មាន​ខ្លាំង ហោះទៅ​ព្យាបាល​នៅកូរ៉េ ​សីង្ហបុរី ចិន ឬ​បារាំង ជា​ដើម។​

ការ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​វិស័យ​ពេទ្យ​ស្រុក​ខ្មែរ គឺ​មិនមែន​កើត​មាន​តែក្នុង​ចំណោម​​បណ្តា​ពលរដ្ឋ​សាមញ្ញ ឬអ្នក​មានលុយ​​មធ្យម​នោះទេ, សូម្បី​តែ​ឧកញ្ញ៉ា មហាសេដ្ឋី ឬ​អ្នក​នយោបាយ​ធំៗ ក៏​រឹង​រឹ​តតែមិន​ទុក​ចិត្ត​ចំពោះ​វិស័យ​សុខាភិបាល​របស់​​ប្រទេសជាតិ​​ខ្លួនផង​ដែរ​។ ជាការ​ពិត​ គឺ​សូម្បី​តែ​ត្រឹម​ពិនិត្យ​សុខភាព​ធម្មតា ឬ​ទៅ​ព្យាបាលសុខភាពមាត់​​ធ្មេញ កម្រិត​​ល្មមៗ ក៏​អ្នកមាន​លុយ និងមាន​អំណាច​មួយ​ចំនួន​​ខ្លះ សុខ​ចិត្ត​ដល់ទៅ​ជិះ​យន្តហោះ​ ទៅ​ពិនិត្យ​នៅ​ក្រុង​បាំងកក ឬ​ទៅ​សីង្ហបុរី​ដែរ។

និន្នាការ​នេះ គឺ​មាន​ដើមហេតុ​ឫសគល់​យ៉ាង​តិច​ពីរ។ ទី១ គឺ​ដោយសារតែ​លក្ខខណ្ឌ​មិន​អំណោយផល​នៃ​ប្រព័​ន្ធសុខាភិបាល​​តែម្តង។ នៅ​កម្ពុជា ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សុខាភិបាល​នៅ​ខ្វះខាត​យ៉ាងច្រើន​ ជាពិសេស​នៅ​តំបន់ទី​ជនបទតែម្តង​។ ទី​២ គឺដោយសារតែ​គុណភាព​និង​ប្រសិទ្ធភាព​នៃការ​ព្យបាល នៅមាន​កម្រិតទាប​ ហើយ​ក្រម​សីលធម៌របស់​គ្រូពេទ្យ​មួយចំនួន​ ​ក៏​មិនសូវ​ល្អ​ជាមួយ​អ្នកជំងឺ និង​ការព្យាបាលមាន​តម្លៃ​​ខ្ពស់​។  ទាំង​អស់​នេះ សុទ្ធសឹង​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្មែរ ខ្លាច​មន្ទីរពេទ្យ ឬ​គ្មាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ​តែម្តង។

បើ​ទោះបី​ជា​បញ្ហា​ទាំងនេះ នៅតែ​បន្តកើត​​មាន ក៏ប៉ុន្តែ រដ្ឋាភិបាល​ ក៏​បាន​ខិត​ខំយក​ចិត្តទុក​ដាក់​​ កសាង​មន្ទីរ​ពេទ្យ​បន្ថែមទៀត ជាច្រើន​ រួច​មកហើយ និង​ធ្វើ​យ៉ាងណា​ ឲ្យ​កាន់តែ​ខិត​ កៀក​ទៅនឹង​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​។ ទន្ទឹម​នេះ មន្ទីរពេទ្យ​ឯកជន ដែលមាន​ស្តង់ការ​ខ្ពស់​ ក៏ត្រូវ​បាន​អនុវត្ត​ឲ្យ​បើកធ្វើ​អាជីវកម្ម​ និង​ក៏​​ផ្តើម​រីកព្រោង​ព្រាត ជា​បណ្តើរ​ៗ​ខ្លះ​ដែរ​ពី​មួយ​ថ្ងៃទៅមួយ​។

តែ​យ៉ាងណា​ក៏ដោយ គឺ​ពលរដ្ឋ​ខ្មែរភាគ​ច្រើន​ នៅ​តែ​មិន​ទាន់​​ទុក​ចិត្ត និង​មាន​មោទនភាព​​ចំពោះ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រទេសរបស់​ខ្លួន​នោះទេ។ ការ​កសាង​ទំនុក​ចិត្ត​របស់​ប្រជាជន​ខ្មែរឡើងវិញនោះ ជាភារៈកិច្ច​ដ៏ធ្ងន់​របស់ គ្រូពេទ្យ​ទាំងឡាយ និង​ស្ថាប័ន​ពាក់​ព័ន្ធ ពិសេស​ក្រសួង​សុខាភិបាល​តែម្តង។ ទន្ទឹម​នេះ អ្នក​នយោបាយ​ ក៏ជា​ក្បាល​ម៉ាស៊ីនធំ​ ដែល​​អាចយិត​​យោង​ស្ទួយ​ឲ្យ​វិស័យ​សុខាភិបាល​ខ្ពស់​មុខ​ខ្ពស់​មាត់​ទៅបាន នាពេលដ៏ខ្លី​ ខាងមុខ​។

ដូច្នេះ ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាងមុននេះ និង​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ, ការ​ដោះ​ស្រាយ​វិបត្តិខ្វះទំនុក​ចិត្ត​របស់​ពលរដ្ឋ​ចំពោះ​ប្រព័ន្ធ​សុខភាព និង​ ​ ​ការ​គិតគូរ​បញ្ហា​សុខភាពរបស់​ប្រជាជន គឺ​ក៏​អាច​ជា​ប្រធាន​បទ​សំខាន់ ដែលអ្នក​នយោបាយ​ត្រូវ​​យកចិត្តទុកដាក់ ហើយ​​យក​ទៅ​ឃោសនា និង​ដាក់​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន។

ក៏ប៉ុន្តែ បើ​គ្រាន់ត្រឹម​​តែ​ឃោសនា​អួតពី​កម្មវិធី​នយោបាយ​របស់ខ្លួន​ ឬក៏​បង្ហាញ​ថា​ខ្លួន​ យក​ចិត្ត​ទុក​ដាក់​ គឺមិន​គ្រាប់គ្រាន់នោះទេ ព្រោះ​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត គឺ​ជាអ្នក​ទទួល​ផលពិតៗ​ ពួក​គេ​បាន​ឃើញ​នឹង​ភ្នែក ហើយ​បាន​ទទួល​សេវាដោយ​ផ្ទាល់។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ពួក​គេ នៅតែ​មិន​ស្រណុក​ទុក​ចិត្ត​ ឬ​មិន​បាន​ទទួល​ផលជាក់​ស្តែង ពួក​គេ​ច្បាស់​ជា​នឹង​សម្រេច​ចិត្ត​ តាមរយៈ​សន្លឹក​ឆ្នោត​របស់​ពួក​គេ​ ជាជាក់​ពុំ​ខាន។​

ជារួម សំណុំ​រឿង​ប្រព័ន្ធ​សុខាភិបាល និងបញ្ហា​សុខភាព​ពលរដ្ឋ គឺ​ជាបញ្ហា​រសើប​មួយ ដែល​ទាមទារ​ការយក​ចិត្តទុក​ដាក់ ពិសេស​ក្នុង​ដំណាក់​កាល​ឃោសនា​បោះឆ្នោត​ នាពេល​ខាងមុខនេះ​។ វា​ជា​ចំណោទ​មួយ​ដ៏ធំ ដែល​អ្នក​នយោបាយ​ ពិសេស​អ្ន​កដែល​ចង់​ឈ្នះ​ឆ្នោត​ ត្រូវតែ​មា​នដំណោះស្រាយ​មួយ​ច្បាស់​លាស់ នៅក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួន ដែល​អាច​អនុវត្ត​ទៅបាន​ និង​បាន​ផល​ជាក់​ស្តែង​ ពិត​ប្រាកដ។ បើ​មិន​ដូច្នេះ ពលរដ្ឋ​ទំនង​ប្រហែល​ជា​មិនអាច​រស់​នៅក្នុង​ភាព​ខ្វះ​ទំនុក​ចិត្ត​ ចំពោះ​ប្រព័ន្ធ​សុខាភិបាល​ដែល​ទន់​ខ្សោយ​ បាន​យូរ​តទៅទៀត​នោះទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ