អានតួអត្ថបទ
កម្ពុជា-សង្គម

​នៅ​អាស៊ី​អាគ្នេយ៍ កម្ពុជា​ស្ថិត​ក្នុង​ក្រុម​ប្រទេស​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ពី​បម្រែ​បម្រួល​អាកាសធាតុ​នា​ឆ្នាំ​២០៣០​

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​ILO កាលពីថ្ងៃទី០១ ខែកក្កដា បាន​បង្ហាញ​ថា​ប្រទេស​ក្រីក្រ​ក្នុង​ពិភព​លោក​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ជា​ពិសេស​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច និង​អាស៊ី​អាគ្នេយ៏ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ​។ ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផលិត​ភាព​ការងារ និង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP)​។ 

កម្ពុជាក្នុងរដូវប្រាំង (រូបភាពតំណាង)
កម្ពុជាក្នុងរដូវប្រាំង (រូបភាពតំណាង) @ក្រសួងធនធានទឹកនិងឧតុនិយម
ផ្សាយពាណិជ្ជកម្ម

ការ​កើន​ឡើង​កំដៅ​ខ្លាំង​លើ​រាង​កាយ​មនុស្ស (Heat Stress) បង្ក​ឡើង​ដោយ​ការ​កើន​ឡើង​កំដៅ​ផែនដី នឹង​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ផលិត​ភាព​ការងារ​ជា​សកល​ស្មើ​នឹង​ប្រមាណ​៨០​លាន​ការងារ​ពេញ​ម៉ោង​នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​២,៤​ទ្រីលាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​។​

ការ​វាស់​ស្ទង់​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​រហូត​ដល់​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោល​ការណ៍​នៃ​ការ​កើន​ឡើង​សីតុណ្ហ​ភាព​១,៥​អង្សារ រហូត​ដល់​ចុង​សតវត្ស​នេះ​។ ជា​ការ​វាស់​ស្ទង់​ដែល​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភព​លោក​។

យោង​តាម​របាយ​ការណ៍​ដដែល​បង្ហាញ​ថា នៅ​ឆ្នាំ​២០៣០​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ទី២​នៅ​អាស៊ាន ដែល​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ផលិត​ផល​ក្នុង​ស្រុក​សរុប​(GDP)​ខ្ពស់​ជាង​គេ ក្នុង​រង្វង់​ប្រមាណ​៦ភាគរយ​ដោយ​សារ​ការ​កើន​ឡើង​កំដៅ​។ ខណៈ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រឈម​នឹង​ការ​បាត់​បង់​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្រោម​៣ភាគ​រយ​នា​ឆ្នាំ​២០៣០​ខាង​មុខ ដែល​ជា​តួលេខ​ទាប​ជាង​គេ​ក្នុង​តំបន់​។ ដោយ​ឡែក​ប្រទេស​ថៃ​ប្រឈម​នឹង​ការ​បាត់​បង់​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​៧​ភាគ​រយ ខ្ពស់​ជាង​គេ​នៅ​អាស៊ាន​នា​ឆ្នាំ​២០៣០​ខាង​មុខ​។

របាយ​ការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ស្ថិត​ក្នុង​ប្រទេស ដែល​បាត់​បង់​ម៉ោង​ការងារ​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ាន ក្នុង​ចំណោម​វិស័យ​ចំនួន​៤ ដោយ​សារ​តែ​ការ​កើន​ឡើង​សីតុណ្ហភាព​នា​ឆ្នាំ​២០៣០​។

ជាក់​ស្តែង​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​មាន​អត្រា​បាត់​បង់​ម៉ោង​ការងារ​១៤,៥២​ភាគ​រយ, ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​មាន​អត្រា​បាត់​បង់​ម៉ោង​ការងារ​៧,៨​ភាគ​រយ, ក្នុង​វិស័យ​សេវាកម្ម​កម្ពុជា​មាន​អត្រា​បាត់​បង់​ម៉ោង​ការងារ​១,៧​ភាគរយ, និង​ក្នុង​វិស័យ​សំណង់​កម្ពុជា​មាន​អត្រា​បាត់​បង់​ម៉ោង​ការងារ​១៤,៥២​ភាគ​រយ​។

លោក ទុន សុភ័ណ្ឌ ​អ្នក​សម្រប​សម្រួល​ជាតិ​នៃ​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​លើក​ឡើង​ដោយ​ផ្អែក​លើ​ការ​ប៉ាន់​ស្មាន​នៃ​របាយ​ការណ៍​ខាង​លើ ថា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច និង​ជា​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​កើន​ឡើង​កំដៅ​នេះ​ដែរ កម្ពុជា​នឹង​បាត់​បង់​ម៉ោង​បំពេញ​ការងារ​ជា​រួម​ប្រហែល​៧​ភាគ​រយ ដែល​ជា​តួលេខ​មួយ​ច្រើន បើ​គិត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ