អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហេង សំរិន​៖ ជ័យ​ជម្នះ​របស់​គណបក្ស​កាន់​អំណាច​ក៏​ជា​ជ័យ​ជម្នះ​របស់​ប្រជាជន​កម្ពុជា​ដែរ​

នៅ​ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​ផ្តើម​រៀប​ចំ​សន្និ​បាត​គណៈ​កម្មាធិការ​កណ្តាល​របស់​ខ្លួន​រយៈ​ពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។ ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច​បាន​លើក​ឡើង​ជា​ច្រើន​ពី​ការ​ទទួល​បាន​ជោគជ័យ​របស់​គណបក្ស​នេះ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​។ ក្នុង​នោះ ​លោក​ហេង សំរិន ប្រធាន​កិតិ្តយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ជ័យ​ជម្នះ​របស់​គណបក្ស​កាន់​អំណាច​ក៏​ជា​ជ័យ​ជម្នះ​របស់​ប្រជាជន​កម្ពុជា​ដែរ​។ 

​លោក ​ហេង សំរិន ​កាលពីថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៧​
​លោក ​ហេង សំរិន ​កាលពីថ្ងៃទី ​៣០​ វិច្ឆិកា ​ឆ្នាំ ​២០១៧​ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​១ពាន់​នាក់ លោក​ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ជោគ​ជ័យ​របស់​ខ្លួន​ដោយ​អះអាង​ថា ការ​បោះឆ្នោត​ជាតិ ដែល​មាន​ប្រជាជន​ជាង​៨៣​ភាគរយ​ទៅ​បោះឆ្នោត​គឺ៧៦,៨៥ ភាគ​រយ​បាន​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​ក្ដោប​ក្តាប់​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋ​សភា​។

បើ​ទោះ​ជា​បែប​នេះ​ក្តី លោក ហេង សំរិន បាន​ផ្តាំ​ទៅ​កាន់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ឲ្យ​ចង​ចាំ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កើត​ឡើង​ដោយ​ប្រជាជន ជា​របស់​ប្រជាជន ដើម្បី​បម្រើ​ប្រជាជន និង​រួម​សុខ​ទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈ​ទេសៈ​។ ត្រង់​ចំណុច​នេះ លោក​សង្កត់​ធ្ងន់​ថា រាល់​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន ក៏​ជា​ជ័យ​ជម្នះ​របស់​ប្រជាជន​កម្ពុជា​ដែរ​។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​អាណត្តិ​ទី៦​នេះ​។ ប៉ុន្តែ​ជ័យ​ជម្នះ​នេះ​បង្ក​ឲ្យ​មាន​ការ​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង ដោយ​សារ​តែ​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​បោះឆ្នោត​។ គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ និង​បរទេស​មួយ​ចំនួន​មិន​ទទួល​ស្គាល់ និង​មិន​ពេញ​ចិត្ត​នឹង​ការ​បោះ​ឆ្នោត​នោះ​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រៀប​ចំ​ដំណើរ​ការ​សភា និង​រដ្ឋា​ភិបាល​បាន​ដោយ​រលូន​ដដែល​។ ត្បិត​ថា​ទទួល​បាន​ជ័យ​ជម្នះ​មែន ប៉ុន្តែ​លោក​ហេង សំរិន បាន​ដាស់​តឿន​កុំ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ស្កប់​ស្កល់​នឹង​ជ័យ​ជម្នះ​របស់​ខ្លួន ដោយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ប្រឹង​ប្រែង​ជានិច្ច ដើម្បី​ប្រជាជន និង​ប្រទេស​ជាតិ​។

សូម​បញ្ជាក់​ថា សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​ជា​លើក​ទី៤១​ហើយ​។ សន្និ​បាត​រយៈ​ពេល​បី​ថ្ងៃ​នេះ គឺ​ពិភាក្សា​ស៊ី​ជម្រៅ​លើ​បញ្ហា​សំខាន់​ចំនួន​បី គឺ​ឆ្លង និង​អនុម័ត​សេចក្តី​ព្រាង​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៨ និង ទិស​ដៅ​ឆ្នាំ​២០១៩​។ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក និង​ជ្រើស​តាំង​ប្រធាន​គណៈកម្មាធិការ​ពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល និង បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មការ​ធិការ​កណ្តាល​គណបក្ស​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោកហេង សំរិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ