ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

​លោក ហេង សួរ៖ កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​លើ​វិស័យ​កាត់​ដេរ ខ្ពស់​ជាង​ប្រទេស​គូ​ប្រជែង​របស់​ខ្លួន​

media  
អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ

បើ​គិត​ត្រឹម​ថ្ងៃ​២៦ ខែ​វិច្ឆិកា នេះ​ប្រទេស​កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​ប្រទេស​នាំ​ចេញ​ផលិតផលកាត់​ដេរ និង​ផលិត​ស្បែក​ជើង ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​របស់​របស់​កម្ពុជា​។ នេះ​បើ​តាម​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​។ នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​នឹង​ឡើង​ដល់​១៨២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។ 

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​ប្រទេស​នាំ​ចេញ​ផលិតផល​កាត់​ដេរ និង​ផលិត ស្បែក​ជើង ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ដូច​ជា ប្រទេស​បង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ខ្ពស់​ជាង​តំបន់​ទី២ ទី៣ និងទី៤ នៃ​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​លោក ហេង សួរ រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​កម្រិត​ខ្ពស់​ស្តី​ពី​ការ​ពិនិត្យ​តាម​ដាន​ប្រាក់​ឈ្នួល​អប្បបរមា​នា​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​។

ក្នុង​សុន្ទរកថា​របស់​ខ្លួន លោក ហេង សួរ បញ្ជាក់ថា ការ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង ជា​បន្ត​បន្ទាប់​ពី​ចំនួន ៤០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ដល់ ១៨២​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​នៅ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ បូក​នឹង​ប្រាក់​អត្ថ​ប្រយោជន៍​បន្ថែម​ផ្សេងៗ​ទៀត​កម្មករ​និយោជិត​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី​១៩៩ ដល់ ២១០​ដុល្លា​អាមេរិក​ក្នុង​មួយ​ខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ បាន​ជួយ​ធ្វើ​ឱ្យ​កម្រិត​ជីវភាព​រស់​នៅ​របស់​កម្មករ​និយោ​ជិត​កាន់​តែ​ប្រសើរ​។

សូម​ជម្រាប​ថា​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​បាន​ដំឡើង​ពី​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៧៧​ដុល្លារ សម្រាប់​កម្មករ​និយោជិត​សាក​ល្បង​។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ស្តី​ពី ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ ២០១៩ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៥ តុលា​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​បាន​បញ្ជាក់​ថាកម្ពុជា​ពិត​ជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​លើវិ​ស័យកា​ត់ដេរ ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​នេះ​។ លោក​បន្ថែម​ថា ទោះ​បី​ជា​កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​មែន ប៉ុន្តែ​កម្ពុជា​មាន​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ​ជាង​ប្រទេស​ទាំង​អស់​នោះ​។ លោក​អះអាង​ថា​ យ៉ាង​ណា​ក៏​ដោយ បើ​កម្ពុជា​មិន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ដៃ​គូ​បញ្ជា​ទិញ​ទេ នោះ​អ្នក​វិនិយោគ​លើ​វិស័យ​នេះ នឹង​បង្វែរ​ការ​វិនិយោគ​របស់​គេ​ទៅ​រក​ប្រទេស​ផ្សេង​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ