បាក់ឌុប៖ បេក្ខជនអាចធ្លាក់ឬត្រូវផ្អាកមិនឲ្យប្រឡងពី១ទៅ២ឆ្នាំ បើប្រព្រឹត្តខុសបទប្បញ្ញត្តិ
ការប្រឡងបាក់ឌុបនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះហើយ។ នៅក្នុងការប្រឡងនេះ ក្រសួងអប់រំបានដាក់ចេញនូវបទប្បញ្ញត្តិនិងកម្រិតវិន័យសម្រាប់បេក្ខជនដែលប្រព្រឹត្តខុសឆ្គងនៅពេលប្រឡង។ បើតាមបទប្បញត្តិនិងកម្រិតវិន័យទាំងនោះ បេក្ខជនដែលប្រព្រឹត្តខុសឆ្គង អាចត្រូវប្រឈមមុខនឹងការកំណត់ឲ្យធ្លាក់ ផ្អាកមិនឲ្យប្រឡងពី១ឆ្នាំទៅ២ឆ្នាំ ឬអាក្រក់ជាងនេះ អាចនឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយតាមផ្លូវច្បាប់ទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៩
បទប្បញ្ញត្តិនិងកម្រិតវិន័យសម្រាប់បេក្ខជនប្រឡងបាក់ឌុប គឺជាផ្នែកមួយនៃការរឹតបន្តឹងការប្រឡង ដែលជាកំណែទម្រង់ឆ្នាំទី៤របស់ក្រសួងអប់រំ។ បទប្បញ្ញត្តិនិងកម្រិតវិន័យនេះ ត្រូវបានបែងចែកជា៣ផ្នែកសំខាន់ៗ៖ ទី១ សម្រាប់បេក្ខជនដែលមានបំណងលួចចម្លង, ទី២ សម្រាប់បេក្ខជនលួចចម្លង, និងទី៣ សម្រាប់បេក្ខជនដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់ដល់គណៈមេប្រយោគ។
ដំបូងនិយាយពីបេក្ខជនដែលមានបំណងលួចចម្លង។ សកម្មភាពដែលកំណត់ថាជាបំណងលួចចម្លងមានដូចជា៖ ការយកឬលាក់គ្រឿងអេឡិចត្រូនិក សៀវភៅឯកសារ ឬសំណៅឯកសារចូលមណ្ឌលប្រឡង។ ប្រសិនបើរកឃើញថា បេក្ខជនប្រព្រឹត្តសកម្មភាពដែលមានបំណងលួចចម្លងដូច្នេះ បេក្ខជនត្រូវប្រគល់សំណៅឯកសារទាំងនោះទៅឲ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង។ ឬបើពុំដូច្នោះទេ បេក្ខជនពុំត្រូវបានអនុញ្ញាតឲ្យចូលប្រឡងជាដាច់ខាត ហើយត្រូវបានកំណត់ឲ្យធ្លាក់។
សម្រាប់បេក្ខជនលួចចម្លងនៅក្នុងបន្ទប់ប្រឡង តាមរយៈសំណៅឯកសារ ឬរូបមន្តក៏ដូចជាមេរៀនដែលសរសេរលើបន្ទាត់ លើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខជាដើម ត្រូវបានពិន្ទុសូន្យចំពោះវិញ្ញាសារនោះ និងត្រូវបានបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។ ការអើតមើល ឬចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងខ្លួនអង្គុយ ការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់ប្រឡង ការអង្គុយខុសពីលេខតុរបស់ខ្លួនឬរំកិលមកអង្គុយកៀកអ្នកដទៃ ការបង្កឲ្យអ្នកដទៃចម្លង និងការប្ដូរសន្លឹកកិច្ចការគ្នាជាដើម គឺសុទ្ធតែចាត់ទុកថាជាសកម្មភាពលួចចម្លង ហើយនឹងត្រូវប្រឈមមុខនឹងការទទួលបានពិន្ទុសូន្យ ព្រមទាំងបញ្ឈប់មិនឲ្យប្រឡងតទៅទៀតដូចគ្នា។
ចំណែកបេក្ខជនដែលមកដល់មណ្ឌលប្រឡងក្រោយជួងទី២ នឹងមិនអនុញ្ញាតឲ្យចូលប្រឡងទេ។ ក្រៅពីនោះ ប្រសិនបើបេក្ខជនដាក់សញ្ញាសម្គាល់លើសន្លឹកកិច្ចការ ឬឆ្លើយសំណួរដោយវិចារឬខ្លឹមសារដូចគ្នាទៅនឹងសំណៅវិញ្ញាសារ បេក្ខជននោះនឹងត្រូវទទួលបានពិន្ទុសូន្យ។ ដោយឡែក នៅក្នុងពេលប្រឡង ប្រសិនបើបេក្ខជនដើរចុះឡើងដោយគ្មានការអនុញ្ញាត ហែកសន្លឹកកិច្ចការ ផ្លាស់កន្លែងអង្គុយ សរសេរលើសន្លឹកកិច្ចអ្នកដទៃ, បេក្ខជននោះនឹងត្រូវធ្លាក់និងផ្អាកមិនឲ្យប្រឡង១ឆ្នាំ។ ចំពោះបេក្ខជនណា ដែលយកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡង និងឲ្យអ្នកដទៃមកប្រឡងជំនួស ឬធ្វើឲ្យខូចខាតសម្ភារក្នុងបន្ទប់ប្រឡង ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡង២ឆ្នាំ ឬអាចត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយតាមច្បាប់ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ