ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/03 12h00 GMT
កម្ពុជា

​ព្រះ​មហាក្សត្រ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់ លោក គង់ គាំ ​និង​កូន​ប្រុស​ម្នាក់​

media  
លោក គង់ គាំ ©Channa/rfi

ទីបំផុតទៅ លោក គង់​ គាំ អតីតទី​ប្រឹក្សា​អតីតគណបក្សសង្រ្គោះជាតិ និង​កូន​ប្រុស​ម្នាក់​បាន​ទទួល​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញហើយ។ នេះបើតាម​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​​កាល​ពី​ម្សិល​មិញ។​ គិត​ត្រឹម​ថ្ងៃនេះ គឺមាន​តែ​លោក គង់ គាំ​ និង​​លោក គង់ បូរ៉ា ដែលកូន​ប្រុស​ម្នាក់​ប៉ុណ្ណោះ​ដែល​បានសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់ពីដាក់​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃកាលពីពេលថ្មីៗនេះ។ 

លោក គង់ គាំ បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFIថា លោក​ទៅ​ចូល​រួម​ធ្វើ​នយោ​បាយ​ជាមួយ​គណបក្សឆន្ទៈខ្មែរ​របស់​កូន​ប្រុសលោក​ម្នាក់​ទៀត​ឈ្មោះ គង់ ម៉ូនីកា។ ជាគណបក្ស​ទើប​តែ​បង្កើត​​ឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និង​មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨ តែ​មិនទទួលបានអសនៈនោះទេ។

បើតាម លោក គង់ គាំ គណបក្សកូនប្រុសពៅ ​របស់លោកនេះ នឹង​ប្រជុំ​សម្រេច​ថា​ តើ​នឹង​ផ្តល់​តួនាទី​អ្វី​ដល់​លោក ខណៈលោក​រំពឹងថានឹង​​ធ្វើ​ជាទីប្រឹក្សាឲ្យគណបក្សនេះ ដូចដែលលោក​ធ្លាប់​ធ្វើជាទី​ប្រឹក្សា​ឲ្យ​អតីត​គណបក្សសង្រ្គោះជាតិកន្លងមកដែរ។

គិត​ត្រឹម​ថ្ងៃទី១៦​ខែមករា​នេះ គឺមាន​តែ ​លោក គង់ គាំ​ និង​​លោក គង់ បូរ៉ា អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​ដែល​បានសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់ពីដាក់​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃកាលពីពេលថ្មីៗនេះ។

លោក គង់ គាំ អះអាងថា​ ការ​ដែល​មិនមាន​អ្នកនយោបាយផ្សេងទៀត ​ក្នុង​ចំណោម​១១៨រូប​របស់​អតីតគណបក្សសង្រ្គោះជាតិ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គឺអាចមានមូលហេតុពីរ​យ៉ាង​។ មូលហេតុ​ទី១ លោក គង់ គាំ យល់ថា មកពីពួកគេ​ទទួល​សម្ពាធពី លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត ​កុំ​ឲ្យអ្នក​នយោយបាយរបស់​​គណបក្សសង្រ្គោះជាតិ​ចាញ់​​បោក​ លោក ហ៊ុន សែន ក្នុង​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយឡើងវិញ។ ហេតុផលទី​២​ បើតាម ​លោក គង់ គាំ គឺមកពីអ្នកទាំងនោះ មិនមាន​គណបក្សណាមួយ​ដែល​ពួកគេ​អាច​ទៅ​ចូល​រួមបាន។

សូមបញ្ជាក់ថា ការដែល​លោក គង់​ គាំ និង​កូន​ប្រុស​ម្នាក់​របស់​គាត់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅពេលនេះ គឺបន្ទាប់ពី​រដ្ឋាភិបាល​បានធ្វើ​វិសោធនកម្ម​ច្បាប់ស្តី​ពី ​គណបក្សនយោបាយ​​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ