អានតួអត្ថបទ
កម្ពុជា

អ្នក​ភូមិ​ជាង ​៦០០​នាក់​ផ្អើល​ទៅ​ពិនិត្យ​ឈាម​បន្ទាប់​ពី​ផ្ទុះ​រឿង​អា​ស្រូវ​ជំងឺ​អេដស៍​នៅ​ឃុំរកា

ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​រកា​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​​ជាង​​៦០០​នាក់ ​បាន​នាំ​គ្នា​ផ្អើល​ទៅ​ធ្វើ​តេស្ត៍​ឈាម​រក​មេរោគ​អេដស៍​ចាប់​តាំង​ពី​ថ្ងៃ​ទី៥​ ខែធ្នូ​ រហូត​មក​ដល់​ថ្ងៃទី១៦​ ខែធ្នូ ​ក្រោយ​ពី​មនុស្ស​នៅ​ក្នុង​ឃុំ​ប្រមាណ៩០​នាក់ ​ត្រូវ​បាន​មណ្ឌល​សុខភាព​ស្រុក​បញ្ជាក់​ថា​ពួក​គាត់​មាន​ផ្ទុក​មេរោគ​អេដស៍។ ​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា​ជា​អ្នក​ចម្លង​មេរោគ​នេះ​ដល់​អ្នក​ភូមិ​។ ​អាជ្ញាធរ​សុខា​ភិបាល​កំ​ពុង​ស៊ើប​អង្កេត​បញ្ហា​នេះ។​

កម្ពុជា​​បា​ន​ទទួល​​ការសរសើរ​ពី​អ ស ប​ ក្នុង​ការ​​ប្រយុទ្ធ​ទល់​នឹង​ជម្អឺ​អេដស៍​
កម្ពុជា​​បា​ន​ទទួល​​ការសរសើរ​ពី​អ ស ប​ ក្នុង​ការ​​ប្រយុទ្ធ​ទល់​នឹង​ជម្អឺ​អេដស៍​ ©​ សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ក្នុង​ឃុំ​រកា ​ប្រមាណ​ជាង​៦០០​នាក់ ​ដែល​មាន​ទាំង​ចាស់​ទាំង​ក្មេង​ បាន​នាំ​គ្នា​ ទៅ​ធ្វើ​តេស្ត៍​ឈាម​ ក្រោយ​ពី​មាន​ការ​សង្ស័យ​ថា​ពួក​គាត់​អាច​នឹង​មាន​ផ្ទុក​មេរោគ​អេដស៍។ ​ក្រោយ​ពី​ការ​ធ្វើ​តេស្ត៍​ឈាម​លើក​តំបូង​ ចាប់​តាំង​ពី​ថ្ងៃទី៥​ ខែ​ធ្នូ​មក ​មាន​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​ហើយ​ដែល​ត្រូវ​បាន​អះ​អាង​ដោយ​មណ្ឌល​សុខភាព​ស្រុក​ថា​មាន​ផ្ទុក​មេរោគ​អេដស៍។ ​ក្នុង​ចំណោម​នោះ ​ក៏​មាន​ទាំង​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ ​ចំនួន​១៩​នាក់​ផង​ដែរ​។

 
នេះ​បើ​យោង​តាម​ការ​បញ្ជា​ក់របស់ ​លោក​តែង​ គន្ធី ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី​១៧​ខែធ្នូ​នេះ។​ លោក​ឲ្យ​ដឹង​ទៀត​ថា ​លទ្ធ​ផល​ធ្វើ​តេស្ត៍​ឈាម​លើក​ទី២ ​នៅឯ​មន្ទីរ​ពេទ្យ​ខេត្ត ​បាន​រក​ឃើញ​ថា​មនុស្ស​៨២​នាក់​បាន​ផ្ទុក​មេរោក​អេដស៍​ ខណៈ​មនុស្ស​ចំនួន​៨នាក់​ផ្សេង​ទៀត​ មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅ​ឡើយ​ទេ។ ​ការ​ធ្វើ​តេស្ត៍​ឈាម​លើក​ទី៣​ក៏​គ្រោង​ធ្វើ​ដែរ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​កាន់​តែ​ច្បាស់​ចំពោះ​ការ​ឆ្លង​មេ​រោគ​អេដស៍​នេះ​។​

គួរ​បញ្ជាក់​ថា ​ការ​ផ្អើល​ឆោឡោ​បាន​កើត​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ជា​ច្រើន ​ទាំង​ក្មេង ​ទាំង​ចាស់​ នៅ​ក្នុង​ឃុំ​ខាង​លើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ ​ HIV ​។ ​ជុំវិញ​មូល​ហេតុ​នៃ​ការ​ចម្លង​នេះ ​លោក​តែង​ គន្ធី បាន​អះ​អាង​ថា ​ទីតាំង​ភូមិ​សាស្ត្រ​នៅ​ក្នុង​តំបន់​នេះ ​មិន​អាច​ធ្វើ​ឲ្យ​មាន​លទ្ធ​ភាព​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​តាម​ការ​រួមភេទ​បាន​ទេ ​ព្រោះ​តំបន់​នេះ ​ជា​តំបន់​ជន​បទ ​ដែល​គ្មាន​សេវា​កម្សាន្ត​ផ្សេងៗ ​ដូច​ក្នុង​តំបន់​ប្រជុំ​ជន​នោះ​ឡើយ។ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មាន​ការ​សង្ស័យ​លើ​គ្រូពេទ្យ​ម្នាក់​ដែល​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នេះ ​ហើយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​កំពុង​ស៊ើប​អង្កេត​បញ្ហា​នេះ​។

លោក​ស្រី​ មួរ​ សុខ​ហួរ​ អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​បាត់​ដំបង​ បាន​បញ្ជាក់​ថា បញ្ហា នេះ​គឺជា​កង្វះខាត​វិធាន​ការ​នៃ​ការ​គ្រប់​គ្រង​គ្លី​និ​ច​មួយ​ចំនួន​ ឬ​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំនួន​ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ពី​ក្រសួង​សុខា​ភិបាល។ ​លោកស្រី ​បាន​សុំ​ឲ្យ​ក្រសួង​សុខា​ភិបាល​គួរតែមាន​វិធានការ​ជា​បន្ទាន់។

បើតាម​លោក​ តែង ​គន្ធី ​ក្រសួង​សុខាភិបាល​ក៏​ដូ​ជា​ក្រុម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ នឹង​លើកទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មក​ធ្វើ​តេស្ត៍​ឈាម​ជា​បន្ត​ទៀត​ និង​សម្រួល​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​នេះ ​គឺ​ក្រសួង​នឹង​ផ្តល់​កញ្ចប់​សេវា​កម្ម​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ដល់​ពួក​គាត់​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឳ​កាស​និយម​ផ្សេងៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ