អានតួអត្ថបទ
កម្ពុជា

លោក ហោ ណាំហុង៖ លោក សម រង្ស៊ី មាក់ងាយ​ការងារ​កំណត់​ព្រំដែន​កម្ពុជា

ការ​អះអាង​របស់​លោក សម រង្ស៊ី ថា​បាន​ទិញ​ផែនទី​កម្ពុជា​​​ពី​ប្រទេស​បារាំង​ក្នុង​តម្លៃ​១៦៨​ដុល្លារ ត្រូវ​បាន​លោក ហោ ណាំហុង ហៅ​ថា ជា​ការ​មាក់ងាយ​ការងារ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ប្រតិកម្ម​របស់ប្រមុខ​ការទូត​កម្ពុជា​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី គូស​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទិញ​ផែនទី​ខ្នាត​១​លើ​១០០​ពាន់ ចំនួន​២៦​ផ្ទាំង ពីបារាំង ក្នុង​តម្លៃ​ត្រឹម​តែ​១៦៨​ដុល្លារ​តែ​ប៉ុណ្ណោះ​។

លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា
លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជាមិន​ទាន់​បាន​ឃើញ​ផែនទី​ដែល​បក្ស​ប្រឆាំង​​ទិញ​មក​ពី​ប្រទេស​បារាំង​ក៏​ដោយ ក៏​លោក ហោ ណាំហុង ហាក់​គ្មាន​​ជំនឿ​ថា ផែនទី​ចំណាស់​ដ៏​មាន​សារៈ​សំខាន់​នេះ ត្រូវ​គេ​ដាក់​លក់​លើ​ទី​ផ្សារ​ ក្នុង​តម្លៃត្រឹម​តែ​​១៦៨​ដុល្លារនោះ​​ទេ​។ ការ​អះអាង​របស់​លោក សម រង្ស៊ី អំពី​ការ​ទិញ​​ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់​របស់​កម្ពុជា​ក្នុង​តម្លៃ​តែ​១៦៨​ដុល្លារ ត្រូវ​បាន​ប្រមុខ​ការទូត​កម្ពុជា ហៅ​ថា ជា​ការ​មាក់ងាយ​ការងារ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា និង​ប្រទេស​ជិត​ខាង ដោយ​ផ្អែក​តាម​ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់ ​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន តាំង​ពី​ដើម​រៀង​មក​។ នេះ​បើ​តាម លោក ហោ ណាំហុង​។

 

ប្រតិកម្ម​ទៅ​លើ​ការ​លើក​ឡើង​របស់​ប្រមុខ​បក្ស​ប្រឆាំង មិន​មែន​មាន​តែ​ពី​លោក ហោ ណាំហុង​ទេ​។ ក៏​មាន​ដែរ​ពី​​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី បាន​ហៅ​ទង្វើ​របស់​លោក សម រង្ស៊ី ថា​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹក​ដី​កម្ពុជា​។ អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​នេះ បាន​ចោទ​ជា​សំណួរ​ថា តើ​តម្លៃ​អធិបតេយ្យ​ជាតិ​កម្ពុជា​ក្នុង​ទស្សនៈ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ មាន​ត្រឹម​តែ​១៦៨​ដុល្លារ​អាមេរិក​មែន​ឬ​យ៉ាង​ណា​?

ជា​ការ​ឆ្លើយ​តប លោក សម រង្ស៊ី បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា អ្វី​ដែល​លោក​លើក​ឡើង គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​។ ព័ត៌មាន​ដែល​ថា ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​វៀតណាម មុន​ឆ្នាំ​១៩៥៣ មាន​​ដាក់​លក់​នៅ​វិទ្យាស្ថាន​ជាតិ​ភូមិសាស្ត្រ​ប្រទេស​បារាំង​ ក្នុង​តម្លៃ​១៦៨​ដុល្លារ​។ ព័ត៌មាន​ដែល​​​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​នោះ មិន​មែន​ជា​ការ​ប្រមាថ​ទៅ​លើ​ការងារ​របស់​នរណា​ម្នាក់​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សម រង្ស៊ី​។

ជា​ការ​កត់​សម្គាល់ ផែនទី​​ខ្នាត​១​លើ​១​រយ​ពាន់ មុន​ឆ្នាំ​១៩៥៣ ដែលគណបក្ស​សង្គ្រោះ​ជាតិ​ទិញ​ពី​​បារាំង​នោះ គឺ​ជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដាក់​បញ្ជូល​ក្នុង DVD ប៉ុន្តែ​វា​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ច្បាប់​ដើម​នៃ​ផែនទី​។ បើ​តាម​លោក សម រង្ស៊ី នៅ​វិទ្យាស្ថាន​ជាតិ​ភូមិសាស្ត្រ​បារាំង​នោះ មិន​មែន​មាន​លក់​តែ​ផែនទី​កម្ពុជា​ទេ​។ ក៏​មានផែនទីនៃ​ប្រទេស​ផ្សេង​ទៀត​ដែរ​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ