អានតួអត្ថបទ
កម្ពុជា

សេចក្តី​ស្នើ​ច្បាប់​ផ្ទះ​ជួល ​ត្រូវ​បាន​អនុម័ត​ជា​ច្បាប់​ផ្លូវ​ការ​

រដ្ឋ​សភា​ជាតិ ​នៅ​ព្រឹក​ថ្ងៃទី​ ០៦​កក្កដា​នេះ ​បាន​អនុម័ត​ជា​ផ្លូវ​ការ​ហើយ ​នូវ​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​ភតិ​សន្យា​ពិសេស​ ឬ​ច្បាប់​ផ្ទះ​ជួល​ ដោយ​សម្លេង​គាំទ្រ ​១០២​​​។ ​សេចក្តី​ស្នើ​ច្បាប់​ផ្ទះ​ជួល ​ត្រូវ​បាន​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជា​ជន​កម្ពុជា ​ស្នើ​បង្កើត​ក្នុង​គោល​ដៅ ​រក្សា​​ស្ថេរ​ភាព​ក្នុង​ជីវ​ភាព​រស់នៅ របស់​កម្មករ​ សិស្ស ​និង​និស្សិត ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​។

ផ្ទះជួលក្នុងរាជធានីភ្នំពេញឆ្នាំ២០១៥៕
ផ្ទះជួលក្នុងរាជធានីភ្នំពេញឆ្នាំ២០១៥៕ @RFI
ផ្សាយពាណិជ្ជកម្ម

 

សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​ភតិ​សន្យា​ពិសេស ​ឬ​ហៅ​សាមញ្ញ​ថា​សេច​ក្តី​ស្នើ​ច្បាប់​ផ្ទះ​ជួល​ ត្រូវ​បាន​រដ្ឋ​សភា​ជាតិ អនុម័ត​ជា​ផ្លូវ​ការ​ហើយ ​នៅ​ព្រឹក​ថ្ងៃ​​ទី ​០៦​កក្កដា​នេះ ​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ទី៤​ នីតិ​កាល​ទី៥​ បន្ទាប់ពី​មាន​ការ​គាំទ្រ​ដោយ​សម្លេង​ ១០២​ លើ​១០៤​។​ ច្បាប់​ផ្ទះ​ជួល​ ជា​ច្បាប់​ដែល​តំណាង​រាស្ត្រ ​ក្នុង​រដ្ឋ​សភា បាន​ផ្តួច​ផ្តើម​បង្កើត​តាក់​តែង​រួម​គ្នា​ កាល​ពី​ពេល​កន្លង​មក​។​

​លោក​សម​ រង្ស៊ី ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​គាំទ្រ​ និង​ស្វាគមន៍​ ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ ​ដោយ​លោក​បាន​ថ្លែង​ថា ​នេះ​គឺ​ជា​ជោគ​ជ័យ​ដែល​កើត​ចេញពី​វប្បធម៌​សន្ទនា​។ ចំណែក​លោក​ស ខេង​ តំណាង​រាស្ត្រ​បក្ស​ប្រជា​ជន​កម្ពុជា ​ក៏​បាន​បញ្ជាក់​ថា ​ច្បាប់​នេះ​ជា​សមិទ្ធិ​ផល​ ស្តែង​ចេញ​ពី​ការ​សហ​ការ​ធ្វើ​ការ​រួមគ្នា រវាង​តំណាង​រាស្ត្រ​នៃ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ នៅ​ក្នុង​រដ្ឋ​សភា។

ច្បាប់​ភតិ​សន្យា ​ឬ​ច្បាប់​ផ្ទះ​ជួល ​មាន​ ៤​ជំពូក​ ដោយ​ចែក​ចេញ​ជា ​១១មាត្រា។​ ច្បាប់​នេះ ​មាន​គោល​បំណង​គ្រប់​គ្រង​បន្ទប់​ជួល​ និង​ទំនាក់​ទំនង​រវាង​កម្មករ​ សិស្ស ​និស្សិត ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ ​ដែល​មាន​បន្ទប់​ជួល ​ស្នាក់​នៅ ​ឲ្យ​មាន​លក្ខណៈ​រៀប​រយ។ ​ច្បាប់​នេះ ​ចង់​ជួយ​ដោះស្រាយ​សំណូម​ពរ​របស់​កម្មករ សិស្ស ​និង​និស្សិត ​ទាក់​ទង​នឹង​តម្លៃ​បន្ទប់​ជួល ​ឲ្យ​សម​ស្រប​ទៅ​នឹង​ប្រាក់​កម្រៃ​គោល​ប្រចាំ​ខែ។

ច្បាប់​នេះ ​ក៏​ជា​ឧបករណ៍​គិតិ​យុត្ត​មួយ ​ដែល​ផ្តល់​នូវ​កា​លា​នុវត្ត​ភាព​ជួយ​ជម្រុញ​ ដល់​ការ​អនុវត្ត​គោល​នយោ​បាយ​ជាតិ ​ស្តី​ពី​លំ​នៅ​ដ្ឋាន​ និង​រួម​ចំនែក​ទាក់​ទាញ​ការ​វិនិយោគ​ពីវិស័យ​ឯក​ជន​ ក្នុង​ការ​សាង​សង់បន្ទប់​ជួល​មាន​តំលៃ​ឈ្មួល​​សម​រម្យ។

សូម​បញ្ជាក់​ថា ​ច្បាប់​ផ្ទះ​ជួល ​ត្រូវ​បាន​អនុម័ត​ឡើង ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​យុទ្ធ​នាចុះ​ភ្ជាប់​ចរន្ត​​អគ្គិសនី​ដល់​អ្នក​ជួល​ផ្ទះ ​ឬ​ជួល​បន្ទប់​ ក្នុង​តម្លៃ​អនុគ្រោះ ​៦១០រៀល ​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង សម្រាប់​អ្នក​ប្រើ​ក្រោម ​៥០​គីឡូ​វ៉ាត់​ម៉ោង​​ ក្នុង​មួយ​ខែ។ ​គិត​ត្រឹម​ចុង​ខែ​មិថុនា​កន្លង​ទៅ ​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ថា ​គេ​បាន​តភ្ជាប់​ចរន្ត​អគ្គិស​នី ​ដល់​អ្នក​ជួល​ផ្ទះ​ ឬ​បន្ទប់​ បាន​​ជាង​ ១១​ម៉ឺន​បន្ទប់​ហើយ។

នៅ​ក្នុង​អណ្តត្តិ​ទី៥​នេះ ​រដ្ឋាភិ​បាល ​ជា​ពិសេស​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ ហាក់​ដូច​ជាបាន​យក​ទុក​ដាក់​ខ្លាំង​ ចំពោះ​ការ​សម្រួល​ដល់​អ្នក​ជួល​ផ្ទះ​ ឬ​បន្ទប់​ ដែល​ភាគ​ច្រើន​ ជា​កម្មករ ​និង​សិស្ស និស្សិត​ មក​ពីតាម​បណ្តា​ខេត្ត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ