អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន​ សែន បបួល​លោក​សម រង្ស៊ី​ស្បថ​ដាក់​ជីវិត​ជុំវិញ​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត

នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ជួប​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ខ្មែរ​ប្រមាណ​៧០​នាក់​នៅ​វិមាន​សន្តិភាព មុន​ពួក​គេ​ចេញ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​នាយក​រដ្ឋមន្រ្តី​បាន​យក​វេទិកា​នេះ​វាយ​ប្រហារ​ដោយ​សម្តី​ធ្ងន់ៗ​ទៅ​លើ​លោក​សម រង្ស៊ី ដែល​ចោទ​ថា​មាន​ការ​បំប៉ោង​ចំនួន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា។ មិន​តែ​ប៉ុណ្ណោះ លោក​ហ៊ុន សែន​ថែម​ទាំង​បបួល​លោក​​សម​ រង្ស៊ី ស្បថ​ដាក់​ជីវិត​ផង​ទៀត បើ​លោក​សម រង្ស៊ី​ហ៊ាន​នោះ។

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន និង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផង លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នៅ​ថ្ងៃ​នេះ បាន​ហៅ​លោក​សម រង្ស៊ី​ឲ្យ​មក​ស្បថ​ដាក់​ជីវិត​ជាមួយ​លោក​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ជឿ​ជាក់​យ៉ាង​ប្រាកដ​តាម​គ.ជ.ប​ថា ចំនួន​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា មាន​ជាង​៨២​ភាគ​រយ។

ប៉ុន្តែ​លោក​សម រង្ស៊ី វិញ តាម​រយៈ​បណ្តាញ​ព័ត៌មាន និង​ហ្វេសប៊ុក​របស់​លោក បាន​អះអាង​ថា​ អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​តិច​ជាង ៥០ ភាគ​រយ គឺ​មិន​មែន​៨២ ភាគ​រយ​ដូច​លោក​ហ៊ុន សែន​អះអាង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក​សម រង្ស៊ី ថែម​ទាំង​ហ៊ាន​អះអាង​ទៀត​ថា អត្រា​អ្នក​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​បែប​នេះ គឺ​កើត​ចេញ​ពី​ការ​ក្លែង​បន្លំ និង​រាប់​ខុស ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មោឃៈ​មួយ​ចំនួន​ធំ​ក្លាយ​ទៅ​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បើ​សិន​នេះ​ជា​ការ​ពិត​មែន​នោះ លោក​សម រង្ស៊ី ត្រូវ​តែ​ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​រូប​លោក។ ស្បថ​ឲ្យ​ស្លាប់​ដោយ​រន្ទះ​បាញ់ ឡាន​បុក ធ្លាក់​យន្តហោះ ទេវតា​បរា​មុខ ស្លាប់​តៃ​ហោង​គ្មាន​ដី​កប់ និយាយ​ឲ្យ​ខ្លី​ឲ្យ​តែ​ស្លាប់​ខ្លួន គឺ​ជា​សម្បថ​ដែល​លោក​ហ៊ុន សែន​ចង់​ឲ្យ​លោក​សម រង្ស៊ី មក​ស្បថ​ត​ទល់​ជាមួយ​នឹង​លោក។ លោក​ថា លោក​សម រង្ស៊ី អាច​ស្បថ​ដោយ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឬ​តាម​ណា​ក៏​បាន​ដែរ​ឲ្យ​លោក​សម រង្ស៊ី​ហ៊ាន។ លោក​នាយក​រដ្ឋមន្រ្តី​គូស​បញ្ជាក់​ថា បើ​លោក​សម រង្ស៊ី​ហ៊ាន​ស្បថ​នោះ គឺ​ថា​ប្រសិន​បើ​នរណា​ម្នាក់​ស្លាប់​ដោយ​សារ​ការ​ស្បថ​នេះ អាច​បញ្ជាក់​ពី​ការ​ពិត​ហើយ។

មិន​ត្រឹម​តែ​បបួល​លោក​សម រង្ស៊ី​ស្បថ​ប៉ុណ្ណោះ​ទេ​ លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ហ៊ាន​ស្បថ​តាម​ការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​មុន​លោក​សម រង្ស៊ី​ឲ្យ​លោក​ស្លាប់​ខ្លួន ប្រសិន​បើ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត ជា​ចំនួន​មិន​ពិត​នោះ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​លោក​នាយក​រដ្ឋមន្រ្តី​ចង់​ដឹង​ថា តើ​លោក​សម រង្ស៊ី ហ៊ាន​ឬ​ក៏​មិន​ហ៊ាន​ស្បថ​ជាមួយ​នឹង​លោក។

លោក​នាយក​រដ្ឋមន្រ្តី​ហាក់​ដូច​ជា​បាន​ដឹង​មុន​ទៅ​ហើយ​ថា លោក​សម រង្ស៊ី ប្រហែល​ជា​មិន​ហ៊ាន​ស្បថ​ទេ ព្រោះ​ថា កន្លង​មក​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ ​គឺ​លោក​អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ មិន​ដែល​ហ៊ាន​ស្បថ​ស្បែ​ម្តង​ណា​ឡើយ។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សុំ​ឲ្យ​លោក​សម ​រង្ស៊ី​ឆ្លើយ​តប​មក​លោក​វិញ​ថា ហ៊ាន​ឬ​មិន​ហ៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ