អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ចាត់​ទុក​ការ​លាលែង​របស់​សមាជិក គជប ថា​ជា​អំពើ «ឆ្កួតៗ»

ការ​លាលែង​របស់​សមាជិក គជប គឺជាអំពើ «ឆ្កួតៗ»​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​ខ្មែរ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ឱកាស​លោក​ជួប​សំណេះសំណាលជាមួយ​កម្មករ​និយោជិត​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ភ្នំពេញ​ថ្មី​។ សម្រាប់​លោក​នាយករដ្ឋ​មន្ដ្រី ការលា​ឈប់​របស់​មន្ដ្រី គជប កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប​នា​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ គជប ជាប់​គាំង​។ ប៉ុន្តែ​លោក​ថា ការណ៍​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់ គជប ឡើយ ព្រោះ​ច្បាប់​បើក​ផ្លូវ​រួច​ហើយ ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក​ថ្មី​ដើម្បី​ជំនួស​អ្នក​ចាស់​ដែល​លា​លែង​ពី​តំណែង​​។

លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​នៅ​តែ​មាន​ស្ថានភាព​ធម្មតា បើ​ទោះ​បី​ជា​សមាជិក​សំខាន់​ៗ​របស់ គជប កូតា​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣​រូប បាន​សុំ​លាលែង​ពី​តំណែង​ក៏​ដោយ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​។ ក្នុង​នោះ ដើម្បី​កុំ​ឲ្យដំណើរការ​របស់ គជប ជាប់​គាំង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជា​យោបល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​គួរ​ចូល​ឡូកឡំ​បន្ថែម​នៅ​ក្នុង​រឿង​នេះ​ទេ​។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី សមាជិក​ថ្មី ដែល​ត្រូវ​មក​ជំនួស​កន្លែង​អ្នក​ចាស់​ដែល​លា​ឈប់ គួរ​តែ​ប្រគល់​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិក​ម្នាក់ ជា​អនុប្រធាន, ពី​គណបក្ស​សញ្ជាតិ​កម្ពុជា​ម្នាក់​ជា​សមាជិក និង​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ជា​សមាជិក​។

សូម​ជម្រាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក គជប ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប បាន​សុំ​លាលែង​ចេញ​ពី​តំណែង បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តុលាការ​រំលាយ​។ អ្នក​ទាំង​៣​រូប​នោះរួម​មាន៖ លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប, លោក រ៉ុង ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជា​សមាជិក​។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​២០វិច្ឆិកា អ្នក​ទាំង​៣​រូប បាន​ពន្យល់​ថា ខ្លួន​លា​លែង​ពី​តំណែងនៅ គជប ដោយ​សារ​តែ​មាន​ការ​បែង​ចែក​អាសនៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ពលរដ្ឋ​មិនគាំទ្រ​។ និង​ថា ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល ពួក​គេ​មិន​អាច​នៅ​បន្ត​ការងារ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត​ទៅ​ទៀត​ទេ ដោយ​សារ​វា​ក្បត់​នឹង​ឧត្តម​គតិ​របស់​ពួក​គេ ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែលអាច​​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​។

ដោយ​ឡែកសម្រាប់ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីត​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​។ លោក​បាន​សម្ដែង​ការ​កោត​សរសើរ​​មន្ដ្រី​ជាន់​ខ្ពស់ គជប ទាំង​៣​រូប ដែល​បាន​លា​លែង​ពី​តំណែង​។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា លោក លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ចាត់​ទុក​ការ​លាលែង​ពី​តំណែង​នេះ ថា​​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​គោល​ជំហរ​ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល​ពិត​ប្រាកដ ការពារ​យុត្តិធម៌ ការពារ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ទៅ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​មិន​បង្វិល​សន្លឹក​ឆ្នោត​នោះ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឯ​ណេះ​វិញ​។ ការ​លា​លែង​ពី​តំណែង​របស់​សមាជិក គជប ទាំង​៣​រូប បង្ហាញ​ពី​ការ​ស្មោះ​ត្រង់របស់​ពួក​គេចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​ភាព​ស្មោះ​ត្រង់ចំពោះ​​ជាតិ​។ នេះ​បើ​តាម​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ