អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ហ៊ុន សែន៖ ការ​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​រំលោភ​ច្បាប់​ប្រទេស

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី ៤ ឧសភា​នេះ បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា ការ​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​ជា​ការ​រំលោភ​ច្បាប់​ប្រទេស​ ដូច​មាន​ចែង​ច្បាស់​នៅ​ក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត។ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​នេះ គឺ​ទំនង​ជា​ការ​ឆ្លើយ​តប ទៅ​នឹង​ការ​អំពាវ​នាវ​របស់​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ការ​គូស​បញ្ជាក់​នេះ​ គឺ​ធ្វើ​ឡើង​តាម​រយៈ​គណនី​ហ៊្វេសបុក​របស់​លោក នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី ៤ ឧសភា​នេះ។ បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី ២៩ កក្កដា ខាង​មុខ​នេះ គឺ​សំខាន់​ខ្លាំង​ណាស់។ តាម​រយៈ​សំណេរ​នៅ​លើ​គណនី​ហ្វ៊េសបុក លោក​នាយក​រដ្ឋមន្រ្តី​បាន​យោង​មាត្រា ៣៤ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។ មាត្រា​៣៤​នៃ​រដ្ឋធម្មនុញ្ញ​បាន​បញ្ជាក់​ច្បាស់ អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត នៅ​ក្នុង​របប​ដឹក​នាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ហើយ​ការ​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​ជា​ការ​រំលោភ​ច្បាប់​ប្រទេស​ដែល​បាន​ចែង​ច្បាស់​នៅ​ក្នុង​មាត្រា ១៤២ នៃ​ច្បាប់ ស្តីពី ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត។

មាត្រា ១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត ចែង​ថា “ជន​ទាំង​ឡាយ​ណា​ដែល​ប្រើ​ប្រាស់​សកម្មភាព​គ្រប់​មធ្យោបាយ ដូច​ជា រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ការ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត និង​សកម្មភាព​ដែល​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន នឹង​ត្រូវ​ប្រឈម​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ គជប។ នេះ​នៅ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ផង។

គួរ​កត់​សម្គាល់​ថា ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះ ទំនង​ជា​ធ្វើ​ឡើង​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី។ លោក សម រង្ស៊ី អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ បើ​គ្មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​លើ​សន្លឹក​ឆ្នោត​ទេ​នោះ។ បន្ថែម​លើ​ការ​អំពាវនាវ​ដូច្នេះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​បាន​សុំ​ឲ្យ​អ្នក​គាំទ្រ​លោក បោះពុម្ព​ខិត្តប័ណ្ណ​ចែក​ចាយ​ដល់​ពលរដ្ឋ​ប្រាប់​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត។ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ឌឹម សុវណ្ណារុំ ចាត់​ទុក​ជា​ការ​បំពាន​ទៅ​លើ​ច្បាប់ ស្តីពី ការ​បោះ​ឆ្នោត ហើយ​អាច​នាំ​ឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី​ផង។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ដោយ​គេ​រំពឹង​ថា នឹង​មាន​គណបក្ស​នយោបាយ​ប្រមាណ​ជាង​២០​ចូល​រួម។ ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី ៤ ឧសភា​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ហើយ ដែល​បាន​ចុះ​បញ្ជី​រួច​រាល់​នៅ គជប៖ ទី​១.​គឺ​គណបក្ស​យុវជន​កម្ពុជា ទី​២.គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​៣. គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ គណបក្ស​នយោបាយ​៦​ទៀត ក៏​បាន​បញ្ជាក់​ជំហរ​ចូល​រួម​ការ​បោះ​ឆ្នោត​រួច​រាល់​ហើយ​ដែរ តាម​រយៈ​ការ​តម្កល់​ប្រាក់​១៥​លាន​រៀល​រួច​រាល់​នៅ​រតនាគាជាតិ​នៃ​កម្ពុជា ខណៈ​គណបក្ស​នយោបាយ​ចំនួន​១២​ផ្សេង​​ទៀត បាន​មក​ទទួល​ពាក្យ​ដើម្បី​បំពេញ​បែប​បទ​ចុះ​ឈ្មោះ។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​​២​ហើយ ដែល​បាន​ប្រកាស​ជំហរ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត។ នោះ​គឺ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួង សុភ័ណ្ឌ និង​គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ