អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ប៉ូលីស៖ អគ្គិភ័យ​ដើម​ឆ្នាំ​នេះ​មាន​លក្ខណៈ​ធំ​ដុំ និង​បាន​សម្លាប់​មនុស្ស​៦​នាក់

​តូប​អាជីវករ​ប្រមាណ​ជាង​៦០០​តូប​ត្រូវ​បាន​ឆាប​ឆេះ ដោយ​សារ​អណ្ដាត​ភ្លើង​ឆេះ​ផ្សារ​ច្បារ​អំពៅ​ចាប់​ពី​ម៉ោង​១២​យប់​មិញ​បន្ត​រហូត​ទល់​ភ្លឺ។ មន្ត្រី​ជំនាញ​ខាង​ពន្លត់​អគ្គិភ័យ​បាន​កត់​សម្គាល់​ថា ការ​ឆេះ​ផ្សារ​ច្បារ​អំពៅ​នេះ​ គឺ​ជា​ករណី​ធំ​នៅ​ដើម​ឆ្នាំ បូក​រួម​នឹង​ករណី​ឆេះ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​ ធ្វើ​ឲ្យ​អគ្គិភ័យ​នៅ​ដើម​ឆ្នាំ​មាន​រូបភាព​ធំ​ដុំ និង​មាន​មនុស្ស​៦​នាក់​ស្លាប់។

សំណល់​ពី​ការ​ឆាបឆេះ​ផ្សារ​ច្បារ​អំពៅ
សំណល់​ពី​ការ​ឆាបឆេះ​ផ្សារ​ច្បារ​អំពៅ @សហការី
ផ្សាយពាណិជ្ជកម្ម

អគ្គិភ័យ​គិត​ត្រឹម​រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​៦​នាក់ និង​របួស​ជាង​១០​នាក់។ លោក​ឧត្តមសេនីយ៍ នេត វណ្ណថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្រ្គោះ នៃ​ក្រសួង​មហា​ផ្ទៃ បាន​លើក​ឡើង​ថា​ ចំនួន​មនុស្ស​ស្លាប់​មាន​ការ​កើន​ឡើង​ខ្លាំង​ចំពោះ​គ្រោះ​អគ្គិភ័យ​នៅ​ដើម​ឆ្នាំ បើ​ធៀប​នឹង​រយៈ​ពេល​មួយ​ឆ្នាំ​២០១៧ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​១៤​នាក់។

ទាក់​ទង​ទៅ​នឹង​អគ្គិភ័យ​នេះ ករណី​ឆេះ​ផ្សារ​ច្បារ​អំពៅ និង​ឆេះ​មណ្ឌល​កំសាន្ត​រ៉ុក​ត្រូវ​បាន​កត់​សម្គាល់​ថា ជា​ករណី​ឆេះ​ធំ​ដុំ​នៅ​ដើម​ឆ្នាំ​នេះ។ ហើយ​កន្លែង​ទាំង​ពីរ​នេះ ពិបាក​នឹង​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ទៀត​ផង។ បើ​តាម​លោក នេត វណ្ណថា ផ្សារ​ច្បារ​អំពៅ​កម្លាំង​ពន្លត់​អគ្គិភ័យ​ពិបាក​នាំ​យក​ឡាន​ទឹក​ទៅ​បាញ់​ពន្លត់​ភ្លើង​ព្រោះ​ថា ផ្លូវ​មាន​លក្ខណៈ​តូច​ចង្អៀត បូក​រួម​នឹង​ការ​រំខាន​ពី​ពលរដ្ឋ។ ជាមួយ​គ្នា​នេះ លោក នេត វណ្ណថា ក៏​បាន​ទទួល​ស្គាល់​ពី​កង្វះ​ខាត​ឧបករណ៍​ទំនើបៗ​របស់​ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ដំណើរ​ការ​ពន្លត់​អគ្គិភ័យ​ជួប​បញ្ហា​រអាក់​រអួល​មិន​ទាន់​ចិត្ត​ដែរ នៅ​ក្នុង​ករណី​ឆាប​ឆេះ​ធំ​ដុំ​បែប​នេះ។

ជា​ដំណោះ​ស្រាយ​លោក នេត វណ្ណថា បាន​គូស​បញ្ជាក់​ថា កម្លាំង​ពន្លត់​អគ្គិភ័យ​កំពុង​សិក្សា​បន្ថែម​លើ​ជំនាញ​ពន្លត់​អគ្គិភ័យ។ ហើយ​លោក​ក៏​កំពុង​ស្វែង​រក​ម្ចាស់​ជំនួយ​ដើម្បី​មាន​លទ្ធភាព រក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មាន​លក្ខណៈ​ទំនើប​ជាង​រាល់​ថ្ងៃ។ ចំណែក​ពលរដ្ឋ និង​អាជ្ញាធរ​វិញ លោក នេត វណ្ណថា ស្នើ​សុំ​ឲ្យ​មាន​ការ​ចុះ​ទៅ​ពន្យល់​អំពី​ការ​ការពារ​បញ្ហា​អគ្គិភ័យ ហើយ​ជា​ពិសេស​ពលរដ្ឋ​ជា​អាជីវករ​តែ​ម្ដង​នៅ​ពេល​សាង​សង់​អ្វី​មួយ​ត្រូវ​ទុក​ចន្លោះ​ផ្លូវ​ឲ្យ​បាន​ធំ​ដើម្បី​ងាយ​ស្រួល​រថយន្ត​ពន្លត់​ចូល​ទៅ​អន្តរាគមន៍។

ដោយ​ឡែក នៅ​ថ្ងៃ​ទី​១៦​មីនា​នេះ អគ្គិភ័យ​ក៏​បាន​ឆាប​ឆេះ​សាល​មហោស្រព​អង្គរ នៅ​ក្រុង​សៀមរាប​ជា​ទ្រង់​ទ្រាយ​ធំ​ដែរ ​ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​មាន​ការ​វាយ​តម្លៃ​នៃ​ការ​ខូច​ខាត​យ៉ាង​ណា​នៅ​ឡើយ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ